ការដាក់បញ្ចូល​តេ​ក្វាន់​ដូ ITF នៃ​ការប្រកួត National School Games គឺជា​មោទនភាព​មួយ​

1201
ចែករម្លែក

​ដោយ​: រ៉ូ​ហ្សា ​/

ភ្នំពេញ​៖ ប្រភេទ​កីឡា​តេ​ក្វាន់​ដូ ITF (International Taekwondo Federation) ទៅក្នុង​ការប្រកួត​កីឡា សិស្ស​ថ្នាក់ជាតិ លើក​ទី​១ (1st National School Games) គឺជា​មោទនភាព​មួយ​។ នេះ​ជាការ​លើកឡើង របស់លោក​ប៊ួ​ន ហ៊ីង​សុធី​យ៉ា ដែលជា​អគ្គលេខាធិការ របស់​សហព័ន្ធ ។​

ការប្រកួត​កីឡា​សិស្ស ថ្នាក់ជាតិ​លើក​ទី​១ ដែល​រៀបចំ​ដោយ នាយកដ្ឋាន​អប់រំ​កាយ និង​កីឡា​សិស្ស និស្សិត នឹងធ្វើ​ពីថ្ងៃ​ទី​១០ ដល់ ១៩ ខែមិថុនា ឆ្នាំ​២០១៩ ខាងមុខនេះ​។ កីឡា​ចំនួន ១១ ប្រភេទ ត្រូវបាន​ដាក់​ឲ្យ​មាន នៅក្នុង​ការប្រកួត​នេះ ។​

សកម្មភាព​ហ្វឹកហាត់​

កីឡា ១១ ប្រភេទ​កីឡា រួមមាន កីឡាបាល់ទាត់ កីឡាបាល់ទះ កីឡាបាល់បោះ កីឡាអត្តពលកម្ម កីឡា​ប៉េតង់ កីឡាវាយកូនឃ្លីលើតុ កីឡាហែលទឹក កីឡា​វាយ​សី កីឡា​ការ៉ាត់តេ កីឡា​តេ​ក្វាន់​ដូ WT និង​កីឡា​តេ​ក្វាន់​ដូ ITF ។​

​លោក ប៊ួ​ន ហ៊ីង​សុធី​យ៉ា អគ្គលេខាធិការ សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF បាន​មានប្រសាសន៍ថា ការប្រកួត​កីឡា សិស្ស​ថ្នាក់ជាតិ (National School Games) លើក​ទី​១ ឆ្នាំនេះ សហព័ន្ធ សម្រេច​ដាក់ ១២ វិញ្ញាសា ក្នុងនោះ មាន​វិញ្ញាសា​មេគុន ចំនួន​៤ និង​វិញ្ញាសា​ប្រយុទ្ធ ចំនួន​៨ ហើយ​កីឡាករ -​កីឡាការិនី​ម្នាក់ លេង​បាន​តែមួយ​វិញ្ញាសា តែប៉ុណ្ណោះ​។​

សកម្មភាព​ហ្វឹកហាត់​

​លោក​អគ្គលេខាធិការ បាន​និយាយថា ការប្រកួត​នេះ មាន​សារសំខាន់ សម្រាប់​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF ក្នុងនោះ យើង​មាន​សកម្មភាព​ប្រកួត ចំពោះ​កីឡាករ កីឡាការិនី វ័យក្មេង ការលើកទឹកចិត្ត ដល់​កីឡាករ -​កីឡាការិនី វ័យក្មេង​ទាំងអស់ ចូលរួម​ព្រឹត្តិការណ៍ ធំ​កម្រិត​តំបន់ “​ថ្នាក់ជាតិ​” និង​ចង់​ផ្សព្វផ្សាយ​កីឡា​តេ​ក្វាន់​ដូ ITF ដល់​ស្រទាប់​យុវជន យុវតី នៅ​ទូទាំងប្រទេស​កម្ពុជា ។

​លោក​បាន​បន្ថែមទៀតថា សព្វថ្ងៃនេះ សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF មាន​ក្លិប ITF ជាង ១០ នៅតាម​រាជធានី ខេត្ត រួមមាន រាជធានី​ភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ក្រសួងមហាផ្ទៃ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ៕v