ការដាំ​ថ្នាំជក់​

2689

១. ការរៀបចំ​ដី​
– ព្យួរ​ដី​អោយ​ឆ្អិន មានន័យថា​បន្ទាប់ពី​ព្យួរ​ហើយ ត្រូវ​ហាលថ្ងៃ​អោយ​ស្ងួត​ដី ឡើង​ដី​ខាងលើ ប្រែ​ពណ៌​ជាស និង​ស្រួយ​
– រា​ស់ដីអោយ​ល្អិត​ម៉ត់​
– លើក​ទៅជា​រង ទទឹង​ប្រហែល ៨ តឹក កំពស់​ប្រហែល ២​តឹក​

២. ការរៀបចំ​ដាំ​
– រោយ​គ្រាប់ពូជ​ថ្នាំ​លើដី​ថ្នាល​កុំអោយ​ក្រាស់​ពេក ដើម្បីអោយ​កូន​ថ្នាំ​ដុះ​បាន​ថ្លោស​
– យក​ក្រណាត់​មក​ប្រក់​ជា​ដំបូល​ពីលើ​ថ្នាល កុំអោយ​អោយ​ក្តៅ​ពេក ឬ ត្រូវ​ភ្លៀង​នាំអោយ​រលួយ​
– ស្រោច​ទឹក​ស្រាលៗ​ព្រឹកល្ងាចៗ ជា​រៀងរាល់ថ្ងៃ កុំអោយ​ជោក​ទឹក​ពេក​
– ទុក ១៥ ទៅ ២០ ថ្ងៃក្រោយ កូន​ថ្នាំ​បាន​កំពស់​ប្រហែល ២ តឹក ទើប​ដកយក​មក​បាន​ដាំ​
– ពេល​ដក​គេ​ត្រូវ​ប្រ​យ​ត្ន័​រក្សា​ឫស​វា​អោយ​ល្អ​
– តំរៀប​ដាក់​ក្នុង​ជាល រួច​សំរាំង​យកតែ​កូន​ល្អៗ​ទេ​មក​ដាំ​


– ព្យួរ​ដី​សំរាប់​ដាំ ដោយ​ហាល​ដី​អោយ​ស្ងួត​ឆ្អិន​ល្អ ដូចខាងលើ ហើយ​រាស់ ជ្រោយ​អោយ​សព្វ​
– ពេល​ដាំ គេ​ចាប់​ខ្សែ​ទាញ​ដំរង់​ជា​ជួរ បន្ទាប់មក​បុក​រណ្តៅ​តាម​ខ្សែ​សំរាប់​ដាំ ចន្លោះ​ពីរ​ណ្តៅ​មួយ​ទៅ​រណ្តៅ​មួយ​ប្រវែង ៦ ទៅ ៧​តឹក រណ្តៅ​ជំរៅ​ប្រហែលជា ៦ សង់ទីម៉ែត្រ​
– ដាក់​កូន​ថ្នាំ​ដែល​បាន​ដក​មក​ទៅក្នុង​រណ្តៅ រួច​ស្រោច​ទឹក​គ្រប់​រណ្តៅ​ដែល​បាន​ដាំ​ហើយ​ភ្លាម ។ គេ​ស្រោច​ទឹកតែ​ម្តង​នៅពេល​ដាំ​វា ព្រោះ​កូន​ថ្នាំ​រស់​ដោយសារ​ទឹកសន្សើម​

៣. ការថែទាំ​
– បន្ទាប់ពី​ដាំ​ហើយ​បាន​បី​ទៅ​ប្រាំ​ថ្ងៃ គេ​ដើរ​ពិនិត្យមើល ព្រោះ​ជា​ពេលដែល​កូន​ថ្នាំ​ចាប់ផ្តើម​ចាប់​ឫស​
– កូន​ថ្នាំ​ដែល​ចាប់​ឫស គេ​សង្កេតឃើញ​មាន​លាស់​ត្រួយ​
– ចំពោះ​រណ្តៅ​ដែល​កូន​ថ្នាំ​ងាប់ គេ​ត្រូវ​ប្រញាប់​ជួស ដើម្បីអោយ​កូន​ថ្នាំ​ឆាប់​លាស់​បាន​ដំណាលគ្នា​

– ពេល​កូន​ថ្នាំ​លូតលាស់​បាន​ប្រហែល​កំពស់​ស្មងជើង គេ​ចាប់​ជំ​រះ​ឆាយដី​នៅ​ជុំវិញ​កូន​ថ្នាំ​ដើម្បីអោយ ដើម​ថ្នាំ​លូតលាស់​បានល្អ​
– នៅពេល​ដែក​កូន​ថ្នាំ​កំពស់​បាន​ត្រឹម​ចង្កេះ ហើយ​ដុះ​ចេញ​ជា​ខ្នែង​គេ​ត្រូវ​គ្រៀវ គឺ​មានន័យថា​ត្រូវ​បេះ ខ្នែង​ចោល​ដើម្បីអោយ​ស្លឹក​វា រីកចំរើន​ធំ​
– នៅពេល​ដើម​ថ្នាំ​កំពស់​បាន​ប្រហែល ១.២ ម៉ែត្រ គេ​គ្រៀវ​កាត់​ត្រួយ​ចោល​ដើម្បីអោយ​ស្លឹក​វា លូតលាស់ ហើយ​ឡើង​ក្រាស់ និង​ធំ ទទឹង​ស្លឹក​នឹង​ឡើង​ប្រហែល​បួន​តឹក​

៤. ការប្រមូល​ផល​
– គេ​ប្រមូល​ផល​នៅពេល​ស្លឹក​ក្រោម​គេ​បំផុត​ឡើង​ចាស់ រះ​ពី​ជើង ដោយ​កាច់​ស្លឹក​ក្រោម​មួយ ឬ​ពី ប្រ​មួល​យកមក​បន្ទុំ​ទុក​មួយ​ឡែក​។ ស្លឹក​ប្រភេទ​រះ​ជើង​នេះ​ជា​ប្រភេទ​មិនសូវ​ល្អ​ទេ​។​
– បន្ទាប់ពី​កាច់​ស្លឹក​រះ​ជើង​រយៈពេល​បួន​ប្រាំ​ថ្ងៃ សន្លឹក​ថ្នាំ​ក្រោម និង​ចាស់​ជា​បន្តបន្ទាប់ (​ស្លឹក​ថ្នាំ​គេ កាច់​ពិ​ក្រោម​ឡើងទៅ​លើ​)​។ គេ​កាច់​ជា​បន្តបន្ទាប់​រហូតដល់​សន្លឹក​ចុង​។ សន្លឹក​ថ្នាំ​ខាងចុង ជា​សន្លឹក​ថ្នាំ​ល្អ​ជាងគេ​បំផុត វា​ខ្លាំង​ជាង​សន្លឹក​ក្រោម​។ កាលណា​កាច់​អស់​នៅសល់​ត្រចៀក ថ្នាំ​ដែលជា​ជាប់​នឹង​ដើម ក៏​គេ​ប្រមូល​ផល​មួយចំណែក​
– សន្លឹក​ថ្នាំ​ដែល​ប្រ​មួល​បាន​មួយ​លើកៗ គេ​យកមក​រៀប​លើ​គ្នា​ប្រហែលជា​ដប់​សន្លឹក ទើប​បត់ ជា​ពីរ​។ គេ​បន្ទំ​ដោយ​រៀប​ស្លឹកចេក​ស្រស់​ជា​ជង្រុក​រួច​យក​ស្លឹក​ថ្នាំ​ដែល​បាន​បត់​ជា​ដុំៗ​ខាងលើ​ទៅ តំរៀប​ជា​បន្តបន្ទាប់​នៅក្នុង​ជង្រុក​

– បន្ទំ​រយៈពេល​ប្រហែល​ពី បី​ថ្ងៃ សង្កេតមើល​នៅពេល​ស្លឹ​ថ្នាំ​ប្រែ​ពណ៌​ជា​លឿង ទើប​គេ​យក​វា ម្តង​ម្តុំៗ មក​សក​យក​ទ្រនុង​ចេញ ទុក​តែ​ស្លឹក​
– បន្ទាប់មក​ទើប​គេ​យក​សន្លឹក​ថ្នាំ​នោះមក​ហាន់​បាន​ ៕ ប្រភព: អ៊ាង សុផល្លែត