ការដើរ​ក្បួន​តវ៉ា​និង​កូដកម្ម​អង្រួន​ទីក្រុង​បា​សេ​ឡូ​ណា ខណៈ​កំហឹង​ផ្ទុះឡើង​ជុំវិញ​ការកាត់ទោស​មេដឹកនាំ​បំបែក​ខ្លួន​

302
ចែករម្លែក

​ក្រុមបាតុករ​គ្រវី​ទង់​ជាច្រើន​នាក់ ដែល​ទាមទារ​ឯករាជ្យភាពរ​បស់​តំបន់​កាតា​ឡូ​ញ៉ា (Catalonia) និង​ការដោះលែង​ក្រុម​មេដឹកនាំ​បំបែក​ខ្លួន​ពី​គុក បាន​ប្រមូលផ្តុំ​ស្ទះ​ពេញ​កណ្តាល​ទីក្រុង​បា​សេ​ឡូ​ណា​កាលពី​ថ្ងៃ​សុក្រ​ទី​១៨​តុលា ខណៈ​តំបន់​ភាគ​ឦសាន​ប្រទេស​អេ​ស្ប៉ា​ញ​ជួប​ភាពចលាចល​នៅ​រាត្រី​ទី ៥​ជាប់ៗ​គ្នា​។​

​យោងតាម​ប៉ូលិស​ក្នុង​តំបន់​បានឱ្យដឹងថា ឈុត​ឆាក​ដ៏​ច្របូកច្របល់​នៃ​អំពើហិង្សា​បាន​ផ្ទុះឡើង​បន្ទាប់ពី​ក្រុមអ្នកតវ៉ា​ជាង​កន្លះ​លាន​នាក់​រួមទាំង​គ្រួសារ​ដែលមាន​កូន​បាន​ដើរ​ក្បួន​នៅ​រដ្ឋធានី​កាតា​ឡាន​មួយ​នេះ​។ មនុស្ស​ជាច្រើន​បាន​គ្រវីទង់ជាតិ “Estelada” ដែល​គាំទ្រ​ឯករាជ្យ​និង​ស្រែកថា “​ឯករាជ្យ​!” និង “​សេរីភាព​សម្រាប់​អ្នកទោសនយោបាយ​!”​។​

​បាតុករ​ខ្លះ​បាន​ដើរ​រយៈពេល ៣ ថ្ងៃ​នៅក្នុង “​ការហែក្បួន​សេរីភាព​” ចំនួន ៥ ពី​ទីក្រុង​នានា​នៅ​ទូទាំង​តំបន់​ភាគ​ឦសាន​អេ​ស្ប៉ា​ញ​។ ពួកគេ​បាន​ជួបជុំគ្នា​នៅ​ទីក្រុង​បា​សេ​ឡូ​ណា ដែលមាន​ប្រជាជន ១,៦ លាន​នាក់​ហើយ​បាន​ចូលរួម​ជាមួយ​សិស្ស​និស្សិត​និង​កម្មករ ដែល​បានធ្វើ​ដំណើរ​តាម​ដងផ្លូវ​ក្នុងអំឡុង​ពេលធ្វើ​កូដកម្ម​ទូទៅ ២៤ ម៉ោង​ផងដែរ​។​

​ប៉ុន្តែ​នៅពេល​យប់ ប៉ូលិស​បាន​ប្រើ​គ្រាប់កាំភ្លើង​ជ័រ​ម្តងទៀត ហើយ​ជា​លើកដំបូង​ក្នុង​សប្តាហ៍​នេះ​ពួកគេ​បាន​ប្រើ​ឧស្ម័ន​បង្ហូរទឹកភ្នែក​និង​កាណុង​បាញ់​ទឹក​ដើម្បី​បំបែក​យុវជន​ពាក់​ម៉ាស់​មុខ​និង​គប់​ដុំថ្ម​និង​ដប​សាំង ដោយ​សាងសង់​របាំង​រាំងផ្លូវ​និង​ដុត​ភ្លើង​ឆេះ​ច្រើន​កន្លែង​ជាមួយនឹង​ធុងសំរាម​ធំៗ​។​

​យោងតាម​អាជ្ញាធរ​បានឱ្យដឹងថា មនុស្ស​ប្រហែល ៤០០ នាក់​ដែល​ពាក់កណ្តាល​នៃ​ពួកគេ​ជា​មន្ត្រីប៉ូលិស បាន​រងរបួស និង ១២៨ នាក់​ត្រូវ​ចាប់ខ្លួន ចាប់តាំងពី​ចលនា​បំបែក​ខ្លួន​បាន​កើនឡើង​នៅ​ថ្ងៃ​ចន្ទ នៅពេលដែល​តុលាការ​កំពូល​កាត់ទោស​អ្នកនយោបាយ​និង​សកម្មជន​បំបែក​ខ្លួន​ចំនួន ៩ នាក់​ឱ្យ​ជាប់គុក​រយៈពេល​យូរៗ​។ អ្នក​ទាំង ៩ បាន​ដឹកនាំ​ការជំរុញ​ទាមទារ​ឯករាជ្យភាព​ឆ្នាំ ២០១៧ ដែល​បង្កឱ្យមាន​វិបត្តិ​នយោបាយ​យ៉ាង​ជ្រាលជ្រៅ​នៅ​អេ​ស្ប៉ា​ញ​ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍​។​

​កាលពី​ថ្ងៃ​សុក្រ​ការបង្ហាញ​ការគាំទ្រ​ដ៏​ធំ​គឺ​ភាគច្រើន​ធ្វើ​ដោយ​សន្តិវិធី​ប៉ុន្តែ​ក្រុមអ្នកតវ៉ា​និង​ប៉ូលិស​បាន​ប៉ះទង្គិច​គ្នា​ដើម្បី​ដណ្តើម​ការកាន់កាប់​តំបន់​កណ្តាល​ក្រុង​បា​សេ​ឡូ​ណា​បន្ទាប់ពី​ក្រុមអ្នកតវ៉ា​បាន​ឡោមព័ទ្ធ​ខ្លោងទ្វារ​ទីស្នាក់ការ​កណ្តាល​របស់​ប៉ូលិស​ជាតិ​។ ខណៈ​ការប៉ះទង្គិច​ជាមួយ​ប៉ូលិស​បាន​កើនឡើង ភាពវឹកវរ​បាន​រាលដាល​ទៅ​តំបន់​ផ្សេងទៀត​ផងដែរ​នៃ​រដ្ឋធានី​របស់​កាតា​ឡាន​មួយ​នេះ​៕ ដោយ៖ កញ្ញាដាលីស