ការដើរ​ត្រឹមតែ​១០​នាទី​ក្រោយ​បាយ​រួច​ល្អ​ចំពោះ​អ្នកជំងឺ​ទឹកនោមផ្អែម​

775

​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន The Daily Telegraph បានឱ្យដឹងថា ការដើរ​រយៈ ពេល​ខ្លី​មួយ​ក្រោយពី​បាយ​រួច គឺ​ល្អ ចំពោះ​ជាតិ​ស្ករ​ក្នុង​ឈាម​ជាង​ការដើរ ក្នុងពេល​វេលា​ណា​ផ្សេងទៀត ។ រឿង នេះ បានមកពី​ការសិក្សា​មួយ​ដែលមាន គោលដៅ​ចង់ដឹងថា តើ​ការចំណាយ ពេល​ត្រឹម​១០​នាទី​ក្រោយពី​បាយ​រួច អាច​ផ្តល់​ការបញ្ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម ជាង​ការដើរ​រយៈពេល​៣០​នាទី ក្នុង មួយថ្ងៃ ក្នុងពេល​វេលា​ណា​ផ្សេង​លើ អ្នកជំងឺ​ទឹកនោមផ្អែម​ឬ​អត់ ។​
​ ​
​ការសិក្សា​នេះ បានធ្វើ​ទៅលើ មនុស្សពេញវ័យ​ប្រមាណ​៤១​នាក់ ហើយ​បាន​រកឃើញថា ការចំណាយ ពេល​ខ្លី និង​ញឹកញាប់​ភ្លាមៗ​ក្រោយពី​បាយ​រួច​អាច​បន្ថយ​ជាតិ​ស្ករ​ក្នុង​ឈាម​ប្រហែល​១២​ភាគរយ នៅពេល​ប្រៀប ធៀប​ជាមួយ​ការដើរ​ត្រឹម​៣០​នាទី​ក្នុង​មួយថ្ងៃ ។ អត្ថប្រយោជន៍​ដ៏​ល្អ​បំផុត​ត្រូវ បាន​គេ​រកឃើញ​ក្រោយពី​ការ​ញ៉ាំ​អាហារ​ពេល​ល្ងាច ជាពិសេស​ពេល​ញ៉ាំ​អាហារ​មាន​ជាតិ​កាបូ​អ៊ី​ដ្រា​ត ខ្ពស់ ហើយ​អ្នកជំងឺ​មិនសូវមាន​ភាព​សកម្ម ខាង​រាងកាយ​ទៀត ។ អ្នកស្រាវជ្រាវ មិនបាន​ពន្យល់ថា ហេតុអ្វី​បានជា​ក្រោយពី​បាយ​រួច​វា មាន​ប្រសិទ្ធភាព​ក្នុងការ​បញ្ចុះ​ជាតិ​ស្ករ​ទេ ។ យ៉ាងណាមិញ គេ​ជឿថា ត្រឹមតែ​ការដើ​រយៈពេល​ខ្លី ក្រោយ​បាយ​មួយពេលៗ អាច​បន្ថយ​តម្រូវ​ការចាក់​អាំង​ស៊ុយ​លីន ដែល​អាច ជួយ​ឱ្យ​អ្នកជំងឺ​គ្រប់គ្រង​ទម្ងន់​បាន​ថែមទៀត ។ អ្នកស្រាវជ្រាវ​និយាយថា អ្នក​គួរតែ​ធ្វើ​សកម្មភាព មួយ​នេះ​ក្រោយ ពី​ការ​ញ៉ាំ​អាហារ​ដែលមាន​ជាតិ កាបូ​អ៊ី​ដ្រា​ត ខ្ពស់​ដូចជា នំប៉័ង បាយ ដំឡូងបារាំង និង​ផា​ស្តា ។​
​ ​
​ដោយសារតែ​រយៈពេល នៃ ការសិក្សា​នេះ​ខ្លី ដូច្នេះ​យើង​មិនអាច ច្បាស់​ថា ឥទ្ធិពល​ដែល​ឃើញ​ក្នុងការ ស្រាវជ្រាវ​នេះ អាច​កើតឡើង​រហូត ឡើយ ហើយក៏​នាំឱ្យ​ជាតិ​ស្ករ​ក្នុង​ឈាម ចុះ​ទាប​ជាប់ និង​គ្រប់គ្រង ជាតិ​ស្ករ​ក្នុង ឈាម​បានល្អ​លើ​អ្នកជំងឺ​ទឹកនោមផ្អែម ដែរ ។ យ៉ាងណាមិញ ការរកឃើញ​នេះ គួរឱ្យ​ចាប់អារម្មណ៍ ហើយ​បើសិនជា​អាច​គួរតែមាន​ការសិក្សា​កាន់​តែ​ស៊ី ជម្រៅ​ទៅលើ​ករណី​មួយ​នេះ ៕ ដោយ​៖ health.com.kh​