ការដើរ​ម៉ូត​នៅ​ប៉ារីស​បង្ហាញ​ភាព​ព្រឺព្រួច​ចេញពី​រូង​កញ្ចក់​ដូច​ក្នុង​រឿង​ខ្មោច​

777
ចែករម្លែក

​សម្រាប់​អ្នក​រចនា​ម៉ូដ​ដ៏​អស្ចារ្យ​លោក ដេ​មណា ហ្គា​វ៉ា​សាលី​យ៉ា (Demna Gavasalia) ការស្វែងរក​ភាព​រំជួលចិត្ត​គឺជា​គំនិត​កើតចេញ​មកពី​ការ​យល់សប្តិ​ដ៏​អាក្រក់​បំផុត​របស់គាត់ ដោយ​នាំឱ្យ​អ្នក​ច្នៃ​ម៉ូត​កើត​នៅ​ប្រទេស​ហ្ស​ក​ហ្ស៊ី​រូបនេះ​បង្ហាញ​អតីតកាល​ដ៏​ឱ្យ​តក់ស្លុត​របស់គាត់​នៅ​សប្តាហ៍​ដើរ​ម៉ូត​នៅ​ប៉ារីស​របស់​ក្រុមហ៊ុន Balenciaga​។​

​តារា​បង្ហាញ​ម៉ូត​ជាច្រើនរូប​ក្នុង​ឈុត​អាវធំ​ស្មា​ជ្រុង និង សំពត់​ខ្លី​រឹប​តឹងៗ បាន​ដើរ​ឆ្លងកាត់​ផ្លូវ​រូង​ក្រោម​ដី​ធ្វើ​ពី​កញ្ចក់​កោង​និង​បំពាក់​អេក្រង់ LED នៅលើ​ពិ​ដាន នៅក្នុង​ស្ទូ​ឌី​យ៉ូ​ភាពយន្ត​មួយ​នៅ​ជាយ​រដ្ឋធានី​របស់​បារាំង​កាលពី​ថ្ងៃអាទិត្យ ទី​២៨ ខែតុលា ដោយ​នាំ​អ្នកដើរ​ម៉ូត​ទាំងអស់​ចូលទៅក្នុង​តំបន់​គួរឱ្យ​ភ័យខ្លាច​ដូច​ក្នុង​រឿង​ខ្មោច​។​

​លោក​ច​ន រ៉ា​ហ្វ​ម៉ាន់ (John Rafman) ជា​វិចិត្រករ​និង​ជា​អ្នក​ផលិត​ខ្សែភាពយន្ត​ជនជាតិ​កាណាដា ដែល​ល្បី​ដោយសារតែ​ការងារ​របស់គាត់​លើ​បច្ចេកវិជ្ជា​ជះ​ផលប៉ះពាល់​លើផ្លូវ​ចិត្ត​របស់​មនុស្ស បាន​បញ្ជា​វីដេអូ ដែល​ចាប់ផ្តើម​ជាមួយនឹង​ការលេចឡើង​នៃ “​អេក្រង់​នៃ​សេចក្តីស្លាប់​ពណ៌​ខៀវ​” ឬ គេ​និយម​ហៅ​ជា​ភាសា​បច្ចេកទេស​កុំព្យូទ័រ​ថា “Blue Screen of Death” ។​

​សារ​ដែល​បង្ហាញ​អំពី​កំហុស​បច្ចេកទេស​កុំព្យូទ័រ​នេះ បាន​បង្កើត​អារម្មណ៍​ភ័យ​ស្លន់ស្លោ​។​

​លោក ហ្គា​វ៉ា​សាលី​យ៉ា បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ថា “​ខ្ញុំ​កំពុង​ប្រើ​កម្មវិធី​ដើរ​ម៉ូត​នេះ​ដើម្បី​បង្ហាញ​ពីអ្វី​ដែល​បានធ្វើឱ្យ​ជីវិត​ខ្ញុំ​ជួប​បញ្ហា​ក្នុង​អតីតកាល​។ មើលចុះ​តើ​មាន​អ្វីខ្លះ​កំពុង​កើតឡើង​នៅ​ជុំវិញ​យើង​។ កិច្ចការ​របស់ខ្ញុំ​គឺជា​កញ្ចក់​ឆ្លោះ​បញ្ចាំង​ពី​ដួងព្រលឹង​របស់ខ្ញុំ​”​។

​ការបង្ហាញ​ម៉ូត​ដ៏​គួរឱ្យខ្លាច​នៅ​ប៉ារីស​នេះ​បានទទួល​នូវ​ភាពល្បីល្បាញ​ជាមួយនឹង​កាបូប “Ikea” របស់គាត់ ដែលមាន​តម្លៃ ២.០០០ ដុល្លារ ដែលជា​ប្រភេទ​កាបូប​ស្បែក​ប្រណីត ៩៩ ភាគរយ ហើយ​សោភណភាព​ទាក់ទាញ​របស់​កាបូប​នេះ​ឥឡូវ​ត្រូវបាន​គេ​លួច​ចម្លង​តាម​យ៉ាង​ទូលំទូលាយ​៕ ដោយ៖ កញ្ញាដាលីស

អ្នកដើរ​ម៉ូត​ទាំងអស់​ត្រូវ​ដើរ​ឆ្លងកាត់​រូង​កញ្ចក់ LED មើលទៅ​គួរឱ្យ​ព្រឺព្រួច​ដូច​ក្នុង​រឿង​ខ្មោច