ការដេញថ្លៃ​សុំ​ទទួលទាន​អាហារ​ជាមួយ​មហាសេដ្ឋី​វ៉ារិន បា​ហ្វ​ហ្វិ​ន ឡើងដល់​កំណត់ត្រា ៣,៥ លាន​ដុល្លារ ដើម្បី​រៃអង្គាស​លុយ​ជួយ​ផ្នែក​សប្បុរសធម៌​

641
ចែករម្លែក

​ប្រាក់​ចំណាយ​លើ​អាហារ​ថ្ងៃត្រង់​ឯកជន​ជាមួយ​លោក​វ៉ារិន បា​ហ្វ​ហ្វិ​ត (Warren Buffett) ដែលជា​មហាសេដ្ឋី​ប្រធាន​ក្រុមហ៊ុន Berkshire Hathaway គឺ​ឈរ​នៅ​កំណត់ត្រា​ចំនួន ៣.៥០០.១០០ ដុល្លារ នៅត្រឹម​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​៣០ ឧសភា ជាមួយ​ការដេញថ្លៃ​សប្បុរសធម៌​ប្រចាំឆ្នាំ​គឺ​នៅសល់​ត្រឹម​មួយថ្ងៃ​ទៀត​ប៉ុណ្ណោះ​។​

​ការដេញថ្លៃ​បានចាប់ផ្តើម​កាលពី​ថ្ងៃអាទិត្យ​សប្តាហ៍​មុន​នៅ​តម្លៃ​ចាប់ផ្តើម ២៥.០០០ ដុល្លារ​ក្នុងការ​ដេញថ្លៃ​តាម​អ៊ី​ន​ធឺ​ណេ​ត ដែល​ដំណើរការ​ដោយ​វេ​ប​សាយ eBay ហើយ​នៅត្រឹម​យប់​ថ្ងៃ​ចន្ទ​វា​បាន​កើន​លើស​តម្លៃ​កំណត់ត្រា ៣.៤៥៦.៧៨៩ ដុល្លារ​ដែល​បាន​ផ្តល់ជូន​ដោយ​អ្នកដេញថ្លៃ​អនាមិក​ទាំង​ក្នុងការ​ដេញថ្លៃ​ឆ្នាំ ២០១២ និង ២០១៦​។​

​ដំណើរការ​ដេញថ្លៃ​នេះ​នឹង​នាំមក​នូវ​អត្ថប្រយោជន៍​ចូលដល់​អង្គការ Glide Foundation នៅ​ទីក្រុង​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ ដែល​ជួយ​ដល់​ប្រជាជន​ក្រីក្រ អ្នក​គ្មាន​ផ្ទះសម្បែង ឬ ប្រយុទ្ធ​ប្រឆាំងនឹង​ការសេព​ធាតុ​ញៀន​។​

​ការដេញថ្លៃ​នេះ​នឹង​បញ្ចប់​នៅត្រឹម​ថ្ងៃ​សុក្រ​ទី​៣១​ឧសភា​នេះ​នៅវេលា​ម៉ោង ១០ និង ៣០ នាទី​យប់ (​ម៉ោង​១០:៣០ ព្រឹក​ថ្ងៃ​សៅរ៍​ប្រទេស​កម្ពុជា​)​។​

​លោក​បា​ហ្វ​ហ្វិ​ត​បាន​រៃអង្គាសប្រាក់​បាន​ចំនួន ២៩,៦ លាន​ដុល្លារ​អាមេរិក​សម្រាប់​អង្គការ Glide ក្នុងការ​ដេញថ្លៃ​ជាច្រើន ដែល​បានចាប់ផ្តើម​នៅ​ឆ្នាំ ២០០០​។ ភរិយា​ទីមួយ​របស់លោក​គឺ​លោកស្រី​ស៊ូ​សាន ដែល​ស្លាប់​ក្នុង​ឆ្នាំ​២០០៤ បាន​ណែនាំ​ឱ្យ​លោក​ស្គាល់​អង្គការ Glide បន្ទាប់ពី​បានធ្វើ​ការងារ​ស្ម័គ្រចិត្ត​នៅ​ទីនោះ​។​

​អ្នកដេញថ្លៃ​ឈ្នះ​និង​មិត្តភក្តិ​រហូតដល់​ទៅ ៧ នាក់​អាចមក​ទទួលទាន​អាហារ​ពេល​ល្ងាច​ជាមួយ​លោក​បា​ហ្វ​ហ្វិ​ត​នៅ​ហាង​សាច់គោ​អាំង Smith & Wollensky នៅ​ម៉ា​ហា​តាន់​ក្នុង​ក្រុង​ញូវយ៉ក​៕ ដោយ៖ កញ្ញាដាលីស

លោក​វ៉ារិន បា​ហ្វ​ហ្វិ​ត នឹង​ទទួលទាន​អាហារ​នៅ​ហាង​សាច់គោ​អាំង Smith & Wollensky ជាមួយ​អ្នកដេញថ្លៃ​ឈ្នះ