ការដែល​ត្រាំ​ទទួលស្គាល់​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល គឺជា “​គ្រាប់បែក​” ទម្លាក់​លើ​សន្តិភាព​នៅ​មជ្ឈិមបូព៌ា​

1029

​ចាប់តាំងពី​ឆ្នាំ ១៩៤៨ មក​អ៊ីស្រាអែល​បាន​ក្លាយទៅជា​សម្ព័ន្ធមិត្ត​អាមេរិក​ដ៏​សំខាន់​មួយ​នៅ​មជ្ឈិមបូព៌ា ហើយ​សហរដ្ឋអាមេរិក​ក៏​ក្លាយជា​អ្នកធានា​ដ៏​សំខាន់​សម្រាប់​សន្តិសុខ​និង​ផលប្រយោជន៍​របស់​អ៊ីស្រាអែល​នៅលើ​ឆាក​អន្តរជាតិ​ផងដែរ​។​

​ទោះយ៉ាងណា​ក៏ដោយ គ្មាន​ប្រធានាធិបតី​អាមេរិក​ណា​ម្នាក់​ក្នុង​ប៉ុន្មាន​ទសវត្សរ៍​កន្លងមកនេះ​បាន​ប្រឆាំងនឹង​ការឯកភាព​គ្នា​ថា​ឋានៈ​របស់​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​គួរតែ​ត្រូវ​ដោះស្រាយ​តាមរយៈ​កិច្ចចរចា​សន្តិភាពរ​វា​ង​អ៊ីស្រាអែល​និង​ប៉ា​ឡេ​ស្ទី​ន​ក្រោម​ការត្រួតពិនិត្យ​ពី​សង្គម​អន្ដរជាតិ​នោះឡើយ​។ សហរដ្ឋអាមេរិក​ក៏ដូចជា​ប្រទេស​ដទៃទៀត​ដែរ​បាន​បដិសេធ​ម្តង​ហើយ​ម្តងទៀត​ក្នុងការ​ទទួលស្គាល់​ការ​កាត់​យក​ជា​ឯកតោភាគី​របស់​អ៊ីស្រាអែល​នូវ​ភាគ​ខាងកើត​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម រហូតដល់​ការសម្រេចចិត្ត​របស់លោក​ត្រាំ​កាលពី​ថ្ងៃ​ពុធ​ទី​៦​ធ្នូ ដែល “​ហៅ​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ថា​ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល​”​។​

​ផែនការ​មជ្ឈិមបូព៌ារ​បស់​លោក​ត្រាំ​ឥឡូវ​កំពុង​ស្ថិតក្នុង​ភាពទាល់ច្រក​ហើយ​។ គាត់​សង្ឃឹមថា​ដើម្បី​បំពេញ​តាម​ពាក្យសន្យា​របស់គាត់​អំឡុង​យុទ្ធនា​ការបោះឆ្នោត​ដើម្បី​ទទួលស្គាល់​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល សង្គម​អន្ដរជាតិ​ក៏​នឹង​ទទួលស្គាល់​ដូចគ្នា​ដែរ​។ ប៉ុន្តែ​ដោយសារ​សារៈសំខាន់​ខាង​សាសនា​និង​ភាព​រសើប​ផ្នែក​នយោបាយ​នៃ​បញ្ហា​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម ចំណាត់ការ​របស់លោក​ត្រាំ​មានន័យថា សហរដ្ឋអាមេរិក​នឹង​បដិសេធ​ការអះអាង​ស្របច្បាប់​របស់​ពិភព​អារ៉ាប់ និង​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​អំពី​ភាពជា​ម្ចាស់​នៃ​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​។ សហរដ្ឋអាមេរិក​នឹង​ប្រឈមមុខ​នឹង​បញ្ហា​ជាច្រើន​ពី​ពិភព​មូស្លីម​ទាំងមូល ហើយ​បុគ្គល​និង​ផលប្រយោជន៍​របស់​អាមេរិក​ប្រាកដជា​ត្រូវបាន​កំណត់​មុខសញ្ញា​វាយប្រហារ​ពី​សំណាក់​ពួក​ភេរ​វករ​ជ្រុលនិយម​អ៊ីស្លាម​នៅ​ទូទាំង​តំបន់​មជ្ឈិមបូព៌ា​។​

​ការសម្រេចចិត្ត​របស់​ត្រាំ​ក្នុងការ​ទទួលស្គាល់​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​នឹង​បំផ្លាញ​ការចរចា​សន្តិភាពរ​វា​ង​អ៊ីស្រាអែល​និង​ប៉ា​ឡេ​ស្ទី​ន ដែល​សម្របសម្រួល​ដោយ​សហរដ្ឋអាមេរិក​។ ម្យ៉ាងវិញទៀត ការធ្វើ​បែបនេះ​នឹង​លើកទឹកចិត្ត​យ៉ាងខ្លាំង​ក្លា​ដល់​កម្លាំង​នយោបាយ​ស្ដាំនិយម​នៅ​អ៊ីស្រាអែល​និង​ការទាមទារ​ផ្នែក​នយោបាយ​បន្ថែមទៀត ដូចជា​ការ​កាត់​យក​តំបន់​វេស​ប៊ែ​ង និង​ការបន្ត​តាំងទី​លំនៅ​របស់​ជនជាតិ​ជ្វី​ហ្វ​នៅ​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ភាគ​ខាងកើត​។ ផ្ទុយទៅវិញ​ការសម្រេចចិត្ត​របស់​ត្រាំ​បានធ្វើឱ្យ​ការប៉ុនប៉ង​របស់​មេដឹកនាំ​នយោបាយ​ទាំងអស់​មកពី​ប៉ា​ឡេ​ស្ទី​ន​និង​ពិភពលោក​អារ៉ាប់​ដើម្បី​ចូលរួម​ក្នុងការ​ពិភាក្សា​សន្តិភាព​ជាមួយ​អ៊ីស្រាអែល មិនអាច​ទៅរួច​បានឡើយ​។​

​ដើម្បី​ចូលរួម​កិច្ចចរចា​សន្តិភាព​ជាមួយ​អ៊ីស្រាអែល ដោយ​ផ្អែកលើ​ក្របខណ្ឌ​បច្ចុប្បន្ន មានន័យថា​ត្រូវតែ​ទទួលយក​ការ​សម្រុះសម្រួល​ពី​សហរដ្ឋអាមេរិក​។ ប៉ុន្តែ​ការសម្រេចចិត្ត​ថ្មីៗ​នេះ​របស់លោក​ត្រាំ​គឺ​មិនអាច​ទទួលយក​បានឡើយ​សម្រាប់​មេដឹកនាំ​នយោបាយ​ណាមួយ​នៅក្នុង​ពិភព​អារ៉ាប់​។​

​ទន្ទឹមនឹង​នេះដែរ ការសម្រេចចិត្ត​របស់​លោក​ត្រាំ​ក៏​អាច​បង្ក​កំហឹង​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​និង​ប្រជាជន​មូស្លីម​អារ៉ាប់ ដែល​អាច​នឹង​ជឿថា ការទាមទារ​ស្របច្បាប់​របស់​ពួកគេ​ក្នុងការ​បង្កើត​រដ្ឋ​ឯករាជ្យ​មួយ​ត្រូវបាន​បោះបង់ចោល​ដោយ​អាមេរិក​និង​សង្គម​អន្តរជាតិ​។ រលក​នៃ​ការវាយប្រហារ​ភេរវកម្ម​អាច​កើតមានឡើង​នាពេល​អនាគត​ដ៏​ខ្លី​ខាងមុខនេះ មិន​ត្រឹមតែ​ផ្តោត​គោលដៅ​លើ​ជនជាតិ​អ៊ីស្រាអែល​ប៉ុណ្ណោះ​ទេ​ថែមទាំង​ជនជាតិ​អាមេរិក​និង​ប្រជាជន​លោកខាងលិច​ផ្សេងទៀត​ផងដែរ​។​

​ក្រៅពីនេះ ការសម្រេចចិត្ត​របស់​លោក​ត្រាំ​លែង​ធ្វើឱ្យ​សហរដ្ឋអាមេរិក​ជា​តួអង្គ​សមស្រប​ដើម្បី​សម្រុះសម្រួល​ជម្លោះ​រវាង​អ៊ីស្រាអែល​និង​ប៉ា​ឡេ​ស្ទី​ន​តទៅ​ទៀតហើយ ហើយ​វា​ក៏មាន​ន័យ​ផងដែរ​ថា​ជាការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​កេរ្តិ៍ឈ្មោះ​នយោបាយ​របស់​អាមេរិក​នៅក្នុង​ពិភព​អារ៉ាប់​។​

​យើង​គួរ​ចងចាំ​ថា​បញ្ហា​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​សម្រាប់​អ៊ីស្រាអែល​និង​ពិភពលោក​អារ៉ាប់​គឺជា​បញ្ហា​ខាត​ភាគី​ម្ខាង​និង​ចំណេញ​ភាគី​ម្ខាង​ទៀត​។ ខណៈដែល​ត្រាំ​ជ្រើសរើស​ឈរ​ខាង​អ៊ីស្រាអែល វា​នឹង​ធ្វើឱ្យ​ខូចខាត​យ៉ាងខ្លាំង​នូវ​ទំនាក់ទំនង​របស់​អាមេរិក​ជាមួយ​ពិភពលោក​អារ៉ាប់​និង​មូស្លីម​។ ក្នុងនាម​ជាទី​ក្រុង​ដ៏​សំខាន់​មួយ​ដែលមាន​តម្លៃ​ខាង​សាសនា នយោបាយ វប្បធម៌ និង​អត្តសញ្ញាណ​ដ៏​ច្រើន​អនេក​ទាំង​សម្រាប់​ជនជាតិ​ជ្វី​ហ្វ​និង​អារ៉ាប់ នោះ​ពិត​ជាមាន​ចន្លោះ​ទំនេរ​តិចតួច​ណាស់​សម្រាប់​មេដឹកនាំ​ណា​ម្នាក់​ដើម្បី​ធ្វើឱ្យមាន “​តុល្យភាព​”​។​

​ឱ្យ​ស្តាយ វា​ហាក់ដូចជា ត្រាំ​បានជ្រើសរើស​យក​ជម្លោះ​ជាង​សន្តិភាព និង ជ្រើស​យក​ភាពអយុត្តិធម៌​និង​ការកាន់កាប់​ទឹកដី​ជាជាង​យុត្តិធម៌ សេរីភាព និង​ឯករាជ្យ​។ ទំនាក់ទំនង​ដោយ​សន្តិវិធី​រវាង​អ៊ីស្រាអែល​និង​ប៉ា​ឡេ​ស្ទី​ន​ក៏​ប្រហែលជា​អាច​ដួលរលំ​ជាមួយនឹង​ការសម្រេចចិត្ត​ថ្មី​របស់លោក​ត្រាំ​អំពី​ឋានៈ​របស់​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ផងដែរ​៕ ដោយ៖ កញ្ញាដាលីស

​ដកស្រង់​ពី​កាសែត CGTN របស់​ចិន​

ត្រាំ​ទទួលស្គាល់​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល​កាលពី​ថ្ងៃ​ពុធ