ការដ្ឋាន​សំណង់​ក្នុង​វត្ត​ឧណ្ណា លោម​មួយកន្លែង​ធ្លាក់​ដែក​ទីប ប៊ិះ​ផ្តាច់ជីវិត​មនុស្ស​

251
ចែករម្លែក

​ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​ប្រមាណ ៧ និង ៤០ នាទី​ព្រឹក​ថ្ងៃ​សុក្រ ទី​១៨ ខែតុលា ឆ្នាំ​២០១៩ នេះ មាន​ករណី ធ្លាក់​ដែក​ទីប មួយ​កំណាត់​ប្រវែង​ប្រហែល ៧ តឹក​ពីលើ​ការដ្ឋានសំណង់​គ្មាន​ស្តង់ដារ​ក្នុង​វត្ត​ឧ​ណ្ឌា​លោម ស្ថិតក្នុង​សង្កាត់​ជ័យជំនះ ខណ្ឌ ដូនពេញ រាជធានី​ភ្នំពេញ ដែល​ប៊ិះ​ផ្តាច់ជីវិត​មនុស្ស​។​
​ ​
ហេតុការណ៍​នេះ​បានកើត​ឡើង​ពេល​កម្មករ​កំពុង​វាយ​ដោះ​ក្ដារពុម្ព​ហើយ​មិន​ប្រយ័ត្ន​បណ្ដាលឱ្យ​ដែក​ទីប​ជ្រុះ ប្លោង​ធ្លាយ​ដល់​ក្រៅរបង​វត្ត ប៉ែក​ខាង​តេ​បី (T3) ហើយ​ទម្លុះ​ឆត្រ​តូប​លក់​កាហ្វេ​ទៅបុក​នឹង​ផ្លូវ​បេតុង​លាន់​សូរ​ផឺ​ង បង្ក​ការភ្ញាក់ផ្អើល​ទាំង​អ្នកលក់​ទាំង​ភ្ញៀវ​ហូប​កាហ្វេ​។
​ ​
នេះ​អាច​ចាត់ទុកថា​ជាម​ហា​សំណាង​ហើយ ព្រោះ​វា​ធ្លាក់​ខុស​មនុស្ស​តែ​ប្រមាណ​មួយ​តឹក​ប៉ុណ្ណោះ​។
​ ​
ក្រុម​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​ដ៏​ផ្អែមមាត់​នេះ បាន​សម្ដែង​ការហួសចិត្ត​យ៉ាងខ្លាំង​ចំពោះ​ការ​ធ្វេស ប្រហែស​របស់​កម្មករ ជាពិសេស​គឺ​ការដ្ឋាន​វត្ត​នេះ​តែម្ដង​ដែល​គ្មាន​សំណាញ់​ការពារ​ត្រឹមត្រូវ​ស្របតាម​បទ ដ្ឋា​ន​នៃ​ច្បាប់​សាងសង់​។
​ ​
​ក្រុម​ពលរដ្ឋ​ដដែល​បាន​អំពាវនាវ​សុំឱ្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ព្រមទាំង​មន្ទីរ​ពាក់ព័ន្ធ ជាពិសេស​អាជ្ញាធរ​ខណ្ឌ​ដូនពេញ មេត្តា​ចុះមក​ពិនិត្យមើល​ការដ្ឋាន​នេះ និង​ធ្វើ​ការណែនាំ​កម្មករ​ឱ្យ​បង្កើន​ការ ប្រុងប្រយ័ត្ន ហើយ​ធ្វើយ៉ាងណា​ឱ្យ​ការដ្ឋាន​នេះ​រាយ​សំណាញ់​ការពារ​ជុំវិញ​សំណង់​ដែល​ស្របតាម​ស្តង់ដារ ត្រឹមត្រូវ​នៃ​ច្បាប់​សាងសង់ ដើម្បី​ទប់ស្កាត់​គ្រោះថ្នាក់​ជាយថាហេតុ​។

​គួររំឭកថា កាលពី​ល្ងាច​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​ការដ្ឋាន​សំណង់​អគារ​អូ​ឡាំ​ព្យា​ស៊ី​ធី នៅ​ពហុ កីឡាដ្ឋាន​ជាតិ​អូឡាំពិក ស្ថិតក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា មាន​ដែក​ប្រវែង ២​ម៉ែត្រ​បាន​ធ្លាក់​ពី​សំណង់ អគារ​ដែល​កំពុង​សាងសង់ ចំក្បាល​ស្ត្រី​អ្នកដំណើរ​ម្នាក់​ដែល​កំពុង​ជិះ​ម៉ូតូ​ជាមួយ​កូន​បណ្ដាលឱ្យ​ស្លាប់​យ៉ាង អាណោចអាធ័ម​មួយ​រំពេច​នៅនឹងកន្លែង​៕ ដោយៈ​ខុម​