ការតវ៉ា​នៅ​ទីក្រុង​ញូវដែលី​ប្រឆាំង​ច្បាប់​សញ្ជាតិ​ឥណ្ឌា មុន​ដំណើរ​ទស្សនកិច្ច​របស់ ដូ​ណា​ល់ ត្រាំ​

113
ចែករម្លែក

​ប៉ូលិស​បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ដើម្បី​បំបែក​ហ្វូង​មនុស្ស​យ៉ាង​ច្រើន​នៅ​ទីក្រុង​ញូវដែលី​ប្រទេស​ឥណ្ឌា​កាលពី​ថ្ងៃអាទិត្យ​ទី​២៣​កុម្ភៈ​នៅ​ក្នុង​ការផ្ទុះ​អំពើហិង្សា​​ចុងក្រោយ​បំផុត​នៅក្នុង​ការតវ៉ា​ប្រឆាំង​ង​ច្បាប់​សញ្ជាតិ​។​

​មនុស្ស​រាប់រយ​នាក់​ដែល​គាំទ្រ​ច្បាប់​ថ្មី​នេះ​បាន​ប៉ះទង្គិច​ជាមួយ​ក្រុម​អ្នក​ដែល​ប្រឆាំង​នឹង​ច្បាប់​នេះ​ដោយ​ក្រុម​ទាំង​២​បាន​គប់​ដុំ​ថ្ម​ដាក់​គ្នា​ទៅវិញទៅមក​នៅ​ទី​​ក្រុង​នេះ ។

​លោក អាឡុ​ក គុ​មារ មន្ត្រីប៉ូលិស​ក្រុង​ញូវដែលី បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​អំពី​ការតវ៉ា​នេះ​ថា មាន​ពួក​អ្នក​រំលោភ​បំពាន​ខ្លះ ដែល​ចង់​បំផ្លាញ​សន្តិភាព​​នៅក្នុង​តំបន់​នេះ​។ យើង​នឹង​កំណត់​អត្តសញ្ញាណ​ពួកគេ​ហើយ​ចាត់​វិធានការ​ប្រឆាំង​នឹង​ពួកគេ​” ។​

​លោក​បាន​បន្ថែមថា​”​ឥឡូវនេះ​ស្ថានភាព​កំពុង​ស្ថិត​នៅក្រោម​ការគ្រប់គ្រង​”​។​

​ការតវ៉ា​នេះ​កើត​ឡើង​គឺ​មួយ​ថ្ងៃ​មុន​ពេល​ប្រធានាធិបតី​អាម៉េរិក​លោក​ដូណាល់​ត្រាំ​ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​រយៈពេល​២​ថ្ងៃ​នៅ​ប្រទេស​ឥណ្ឌា ជា​ទី​ដែល​គេ​រំពឹង​​ថា​នឹង​លើកឡើង​ពី​បញ្ហា​សេរីភាព​សាសនា​នៅ​ប្រទេស​នេះ​ជាមួយ​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា លោក ណារិន ដ្រា​ម៉ូឌី​។​

​ច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​សញ្ជាតិ​របស់​ប្រទេស​ឥណ្ឌា​ដែល​ជួយ​សម្រួល​សម្រាប់​ជន​មិន​មែន​អ៊ីស្លាម​មកពី​បណ្តា​ប្រទេស​ដែល​កាន់សាសនា​អ៊ីស្លាម​ភាគច្រើន​​ដែល​នៅ​ជិត​ខាង​ប្រទេស​នេះ​ដើម្បី​ទទួលបាន​សញ្ជាតិ បាន​បង្ក​ឱ្យមាន​ការតវ៉ា​អស់​ពេល​ច្រើន​សប្តាហ៍​ប្រឆាំង​លោក ណារិន ដ្រា​ម៉ូឌី ។​

​ច្បាប់​ឥណ្ឌា​នេះ​ត្រូវបាន​ក្រុម​អ្នកប្រឆាំង​មើលឃើញថា​ជា​ការរើសអើង​ប្រឆាំង​ជន​អ៊ីស្លាម​ហើយ​បាន​ធ្វើឱ្យមាន​ការព្រួយបារម្ភ​កាន់តែ​ខ្លាំង​ឡើង​ថា​រដ្ឋបាល​របស់ ​លោក ណារិន ដ្រា​ម៉ូឌី កំពុង​ធ្វើ​ឱ្យ​ខូច​ប្រពៃណី​របស់​ឥណ្ឌា​។​

​គណបក្ស​ជាតិ​និយម​ហិណ្ឌូ Bharatiya Janata​ដែល​កំពុងកាន់​អំណាច​របស់លោក ណារិន ដ្រា​ម៉ូឌី បដិសេធ​ការ​លម្អៀង​ណាមួយ​ប្រឆាំង​ប្រជាជន​អ៊ីស្លាម​១៨០​លាន​នាក់​របស់​ប្រទេស​នេះ​៕​ប្រែ​សម្រួល​៖​សុខា​/sn

ពួក​អ្នកគាំទ្រ​ច្បាប់​សញ្ជាតិ​ថ្មី​នេះ​និង​ក្រុម​អ្នកប្រឆាំង​ច្បាប់​នេះ​ចោល​ដុំ​ថ្ម​ដាក់​គ្នា​ក្នុងពេល​ការប៉ះទង្គិច​នៅ​ទីក្រុង​ញូវដែលី កាលពី​ថ្ងៃអាទិត្យ​