ការតវ៉ា​នៅ​ទុយ​នី​ស៊ី​រីក​រាលដាល ហើយ​មនុស្ស​ជាង​១២​នាក់​ត្រូវបាន​ចាប់ខ្លួន​

692
ចែករម្លែក

​ការតវ៉ា​នៅ​ប្រទេស​ទុយ​នី​ស៊ី ដែល​បង្កឡើង​ដោយ​អ្នកកាសែត​ម្នាក់​បាន​ដុត​ខ្លួនឯង​ដោយសារ​ស្ថានភាព​រស់នៅ​ពិបាក​ខ្លាំង នៅ​ប្រទេស​អាហ្វ្រិក​ខាងជើង​នេះ បាន​រាល​​ដាល​ខ្លាំង​ឡើង​កាលពី​ថ្ងៃ​ពុធ​ទី​២៦​ធ្នូ ដោយមាន​ការប៉ះទង្គិច​បន្ថែមទៀត​ជាមួយ​កងកម្លាំង​សន្តិសុខ​។​

​អ្នក​សែត​AFP បាន​និយាយថា នៅ​ទីក្រុង​Kasserine​ភាគ​ខាងលិច​នៃ​ប្រទេស​នេះ​ប៉ូលិស​បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ទៅលើ​ក្រុមយុវជន​ដែល​បាន​ចោល​ដុំថ្ម​នៅ​​យប់​ទី​២​នៃ​ភាពវឹកវរ​។

​លោក Hichem Fourati អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​និយាយថា “​មនុស្ស​១៣​នាក់​ត្រូវបាន​ចាប់ខ្លួន​ពីបទ​ធ្វើ​សកម្មភាព​បំផ្លិចបំផ្លាញ​”​។​

​លោក Walid Hkima អ្នកនាំពាក្យ​សន្តិសុខ​ជាតិ​បាន​និយាយថា ការប៉ះទង្គិច​ក៏បាន​កើតឡើង​ផងដែរ​នៅ​ទីក្រុង​Jbeniana ជាទី​ដែល​ប៉ូលិស​ម្នាក់ បាន​រងរបួស​​និង​នៅ​ទីក្រុង​Tebourba ជាទី​ដែល​មនុស្ស​៥​នាក់ ត្រូវបាន​ចាប់ខ្លួន​។​

​ការស្លាប់​អ្នកកាសែត ឈ្មោះ Abderrazk Zorgui អាយុ​៣២​ឆ្នាំ កាលពី​ថ្ងៃ​ចន្ទ​ដែល​បាន​ដុត​ខ្លួនឯង​នៅ ទីក្រុង​Kasserine បាន​បង្កឱ្យមាន​កំហឹង​នៅ​ទីក្រុង​នេះ​​ដោយ​ក្រុមអ្នកតវ៉ា​បាន​ដុត​កង់ឡាន​និង​បិទផ្លូវ​។​

​ការតវ៉ា​នេះ​បានធ្វើ​ឱ្យគេ​នឹកឃើញ​ដល់​ការចាប់ផ្តើម​នៃ​ការតវ៉ា​នៅ​និ​ទាឃ​រដូវ​អារ៉ាប់​ឬ​បដិវត្តន៍​ផ្កាម្លិះ​កាលពី​ឆ្នាំ​២០១០​។​

​លោក​Abderrazk Zorgui បាន​និយាយ​នៅក្នុង​វីដេអូ​មួយ​នៅមុន​ពេល​ការស្លាប់​របស់លោក​ថា “​សម្រាប់​កូនប្រុស​នៃ​ទីក្រុង​Kasserine​ដែល​គ្មាន​មធ្យោបាយ​ចិញ្ចឹម​​ជីវិត​នោះ ថ្ងៃនេះ ខ្ញុំ​ចាប់​ផ្តើមធ្វើ​បដិវត្តន៍​” ។​

​កាលពី​ចុងឆ្នាំ​២០១០ ការដុត​ខ្លួនឯង​របស់​អ្នកលក់ដូរ​តាម​ដងផ្លូវ​ទុយ​នី​ស៊ីក្នុង​ការតវ៉ា​ប្រឆាំង​ការយាយី​របស់​ប៉ូលិស បាន​បង្កឱ្យមាន​ចលនា​បដិវត្តន៍​នៅ​ប្រទេស​​ទុយ​នី​ស៊ី និង​ការ​ងើបឡើង “​ការតវ៉ា​នៅ​និ​ទាឃ​រដូវ​អារ៉ាប់​” នៅ​ទូទាំង​កន្លែង​ផ្សេងទៀត​នៃ​តំបន់​នោះ នៅ​ឆ្នាំ​បន្ទាប់មក​នោះ​។​

​ការតវ៉ា​កើនឡើង​នៅ​ទីក្រុង​Kasserine បាន​នាំឱ្យមាន​ការបង្ក្រាប​ដោយ​ប៉ូលិស​ដោយបាន​សម្លាប់​អ្នក​តវ៉ា​ជាច្រើន​នាក់​។​

​ភាពចលាចល​នេះ​បាន​រីក​រាលដាល​យ៉ាង​ឆាប់រហ័ស​នៅ​ទូទាំងប្រទេស​នេះហើយ​បាន​នាំឱ្យមាន​ការផ្តួលរំលំ អតីត​ប្រធានាធិបតី លោក Zine al-Abidine Ben Ali​។​

​ទោះបីជា​មានការ​ផ្លាស់ប្តូ​រ​តាមបែប​ប្រជាធិបតេយ្យ​របស់​ប្រទេស​នេះ​ចាប់តាំងពី​ពេលនោះ​មក​ក៏ដោយ ក៏​ក្រុម​អាជ្ញាធរ​នៅតែ​ខំប្រឹងប្រែង​កែលម្អ​ស្ថានភាព​រស់នៅ​ក្រីក្រ​ ដោយ​ប្រឈម​នឹង​អតិផរណា​ដែល​កំពុង​កើនឡើង និង​ភាព​អត់​ការងារ​ធ្វើ​៕ដោយ:សុខា/SN

ការតវ៉ា​ទុយ​នី​ស៊ី ដែល​បង្កឡើង​ដោយ​អ្នកកាសែត​ម្នាក់​បាន​ដុត​ខ្លួនឯងបាន​រាលដាល​ខ្លាំង​ឡើង​កាលពី​ថ្ងៃ​ពុធ