ការតវ៉ា​នៅ​បារាំង​ប៉ះពាល់​សេដ្ឋកិច្ច​ច្រើន​វិស័យ​

976
ចែករម្លែក

​ហាង​ទំនិញ​នានា​បាន​បិទទ្វារ​នៅមុន​បុណ្យ​ណូអែល​ជិត​មកដល់ ខណៈ​ភាពវឹកវរ​កំពុង​កើតមាន​ពេញ​ដងផ្លូវ​។ ការតវ៉ា​ដែលមាន​ឈ្មោះថា “​អាវកាក់​ពណ៌​លឿង​” របស់​បារាំង​កំពុង​ធ្វើឱ្យប៉ះពាល់​ដល់​សេដ្ឋកិច្ច ដែល​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​និយាយថា មិន​ខុស​អី​ពី “​មហន្តរាយ​” នោះទេ​។​

​ខណៈដែល​កុបកម្ម​បាន​ផ្ទុះឡើង​នៅ​ទីក្រុង​ប៉ារីស​កាលពី​ថ្ងៃ​សៅរ៍​ទី​៨​ធ្នូ លោក​លី​វី​អូ ហ្វ​ត អ្នកទេសចរ​មកពី​ទីក្រុង​ញូវយ៉ក​បាន​ត្រឹម​ឈរ​មើល​ប៉ុណ្ណោះ ខណៈ​រថយន្ត​ប៉ូលិស​ដាក់​តម្រៀបជួរ​ត្រៀបត្រា​ពេញទី​លាន​វ៉ង់​ដឹ​ម​។​

​ហាង​លក់​គ្រឿងអលង្ការ​ប្រណីត​នានា​បាន​បិទ​ក្តារបន្ទះ​បាំង​កញ្ចក់​ការពារ​ចោរ​វាយ​បំបែក ហើយ​ពេជ្រ​និង​នាឡិកា​ត្រូវបាន​យកចេញ​ពី​បង្អួច​ដើម្បី​ការពារ​កុំឱ្យ​ចោរប្លន់​។​

​ការធ្វើដំណើរ​កម្សាន្ត​មួយ​ត្រូវបាន​គេ​គិតថា​ជា​ពញ្ញាក់​អារម្មណ៍​មួយ​សម្រាប់​ខួបកំណើត​ភរិយា​របស់លោក​ម៉ា​ក្រុង គឺ​លោកស្រី​ខា​មេ​ឡា អាយុ ៥៩ ឆ្នាំ​។ យ៉ាងហោចណាស់ អ្នក​ទាំង​២​បាន​និយាយ​លេងសើច​ថា វា​ជា​អនុស្សាវរីយ៍​មិនអាច​បំភ្លេចបាន​។​

​លោកស្រី​ខា​មេ​ឡា​បាន​និយាយថា “​អ្វី​គ្រប់យ៉ាង​ត្រូវបាន​បិទ​អស់ហើយ​”​។​

​ប្តី​ប្រពន្ធ​នេះ​បានគ្រោង​ធ្វើដំណើរ​ទៅកាន់​ន័​រម៉ង់​ឌី (Normandy) ដើម្បី​មើល​ឆ្នេរ​ដែល​ឪពុក​របស់លោក​ស្រី​ខា​មេ​ឡា​ប្រយុទ្ធ​នៅក្នុង​សង្គ្រាមលោកលើកទី ២ ប៉ុន្តែ​បាន​លុបចោល​វិញ ដោយសារតែ​ការបិទផ្លូវ​ប្រឆាំង​រដ្ឋា​ភិ​បាល​។​

​ប៉ម​តួ​អេ​ហ្វែ​ល សារមន្ទីរ ផ្សារ​ទំនើប គឺ​បិទទ្វារ​ទាំងអស់ នៅ​ចំ​ថ្ងៃ​សៅរ៍ ដែលជា​ធម្មតា​គឺជា​ថ្ងៃ​ដ៏​មមាញឹក​បំផុត​នៅមុន​បុណ្យ​ណូអែល​ជិត​មកដល់​។​

​ស្ថានទូត​អាមេរិក​បានចេញ​ការព្រមាន​ដល់​ជនជាតិ​អាមេរិក​ឱ្យ​ចៀសវាង​ហ្វូងមនុស្ស​នៅក្នុង​ទីក្រុង​ប៉ារីស​ខណៈដែល​បែលហ្ស៊ិក ព័រ​ទុយ​ហ្គា​ល់ និង​សាធារណរដ្ឋ​ឆែក បានផ្តល់​យោបល់​ឱ្យ​ពលរដ្ឋ​ខ្លួន​ពន្យារពេល​ធ្វើដំណើរ​។​

​សម្រាប់​៣​សប្តាហ៍​ចុងក្រោយ​នេះ ហាង​នានា​ត្រូវបាន​ចោរលួច​នៅក្នុង​រដ្ឋធានី​របស់​បារាំង បង្អួច​ហាង​ត្រូវបាន​វាយ​បំបែក រថយន្ដ​ត្រូវគេ​ដុតបំផ្លាញ និង របាំង​ការពារ​នៅតាម​ដងផ្លូវ​ក៏​គេ​ដុត​ដែរ​។​

​កុបកម្ម​ក៏បាន​អង្រួន​ទីក្រុង​បារាំង​ផ្សេងទៀត​ដែលមាន​ប្រជាប្រិយភាព​ជាមួយ​អ្នកទេសចរ​ផងដែរ ដូចជា ទីក្រុង​ប័​រ​ដូ និង​ទីក្រុង​ទូ​លូ​ស​។​

​លោក​ព្រូ​ណូ ឡឺ​មែរ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​បាន​និយាយ​នៅពេល​លោក​ទៅសួរសុខទុក្ខ​អ្នកលក់ដូរ​នៅ​ទីក្រុង​ប៉ារីស​ថា “​វា​ជា​ពេលដែល​ហាង​លក់ដូរ​នានា​ជាធម្មតា​មាន​ភាព​អ៊ូអរ​ខ្លាំង មុនពេល​បុណ្យ​ណូអែល ប៉ុន្តែ​នេះ​ជា​គ្រោះមហន្តរាយ​”​។​

​លោក​បាន​សន្យាថា​ជួយ “​ផ្ទាល់​” ដល់​អាជីវកម្ម​ដែល​រង​ផលប៉ះពាល់ ខណៈដែល​លោក​អេ​ម​ម៉ា​នូ​អែល ម៉ា​ក្រុង កំពុង​ត្រៀម​ថ្លែង​សុន្ទរកថា​ទៅកាន់​ប្រទេស​ទាំងមូល​នៅ​សប្តាហ៍​នេះ​ក្នុង​គោលបំណង​ដើម្បី​បញ្ចប់​វិបត្តិ​ដ៏​ជ្រាលជ្រៅ​បំផុត​ក្នុងការ​កាន់តំណែង​ប្រធានាធិបតី​របស់លោក​។​

​ដោយ​ពាក់​អាវកាក់​ចរាចរណ៍​លឿងៗ ចលនា “​អាវកាក់​ពណ៌​លឿង​” មិនបាន​បង្ហាញ​សញ្ញា​ណាមួយ​ពី​ការបញ្ឈប់​ការតវ៉ា​អស់​រយៈពេល​ជាច្រើន​សប្តាហ៍​ជុំវិញ​ការកើនឡើង​ថ្លៃ​រស់នៅ និង ការចោទប្រកាន់ថា លោក​ម៉ា​ក្រុង​ផ្គាប់ចិត្ត​តែ​អ្នកមាន​។​

​រដ្ឋាភិបាល​មិនទាន់បាន​ចេញផ្សាយ​នូវ​ការប៉ាន់ប្រមាណ​អំពី​ចំនួន​នៃ​ការខូចខាត​ដែល​បាតុកម្ម​នេះ​បាន​ជះ​មកលើ​សេដ្ឋកិច្ច​នៅឡើយ​ទេ​។​

​ក្រសួង​ហិរញ្ញវត្ថុ​បាន​ប៉ាន់ប្រមាណ​កាលពី​ខែ​មុន​ថា អ្នកលក់​រាយ​ធំៗ​បាន​ថយចុះ​ចំណូល ១៥ ភាគរយ និង​អាជីវកម្ម​ខ្នាតតូច​ធ្លាក់ចុះ ៤០ ភាគរយ​។​

​លោក ហ្វ្រ​ង់​ស៊ី​ស អាស​សេ​លីន ប្រធាន​សហព័ន្ធ​អាជីវកម្ម​ខ្នាតតូច​និង​មធ្យម​របស់ CPME បាន​សរសេរ​នៅក្នុង​កាសែត Journal du Dimanche ថា “​អាជីវកម្ម​ខ្នាតតូច​គឺមាន​ភាពផុយស្រួយ​ជាង​នេះ​។ យើង​ព្រួយបារម្ភ​ខ្លាំងណាស់​”​។​

​លោក​អាស​សេ​លីន ព្យាករណ៍​ថា​ជាទូទៅ​ថា ចលនា “​អាវកាក់​ពណ៌​លឿង​” នឹង​ធ្វើឱ្យ​អាជីវកម្ម​ខ្នាតតូច​និង​មធ្យម​ខាតបង់​ប្រហែល ១០ ពាន់​លាន​អឺរ៉ូ (​ស្មើនឹង ១១,៤ ពាន់​លាន​ដុល្លារ​អាមេរិក​)​។​

​លោក​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​ឱ្យជួយ​និង​ជំ​រុញឱ្យ​ធនាគារ​ផ្តល់​ឥណទាន​កាន់តែច្រើន​ដល់​អាជីវកម្ម​នានា​និង​ទទួលយក​ការពន្យារពេល​ទូទាត់​សង​ប្រាក់កម្ចី ខណៈ​វិបត្តិ​កំពុងតែ​កើតឡើង​៕ ដោយ៖ កញ្ញាដាលីស

កុបកម្ម​៣​សប្តាហ៍​ចុងក្រោយ​នេះ​ធ្វើឱ្យ​បារាំង​ខាតបង់​យ៉ាងច្រើន
#