ការតវ៉ា​នៅ​ហុងកុង​៖ ទង់ជាតិ​ចិន​ត្រូវ​បាន​ជាន់ឈ្លី ខណៈ​ដែល​ភាពវឹកវរ​ជាថ្មី កើតឡើង​

573
ចែករម្លែក

​ក្រុម​សកម្មជន​នៅ​ទីក្រុង​ហុងកុង​បាន​ជាន់ឈ្លី​ទង់ជាតិ​ចិន​និង​បាន​បំផ្លាញ​មជ្ឈមណ្ឌល​ផ្សារ​ទំនើប​មួយ​នៅ​កាលពី​ថ្ងៃអាទិត្យ​ទី​២២​កញ្ញា​ក្នុង​ការតវ៉ា​ជា​បន្តបន្ទាប់​ដែល​បាន​​ឈាន​ចូល​ដល់​សប្តាហ៍​ទី​១៦​នៃ​ការតវ៉ា​ប្រឆាំង​រដ្ឋាភិបាល​។​

​ជណ្តើរយន្ត​និង​កញ្ចក់​ហាង​ជាច្រើ​នៅ​មជ្ឈមណ្ឌល​ផ្សារ​ទំនើប​New Town Plaza ក្នុង​សង្កាត់​Sha Tin​ត្រូវបាន​បំផ្លាញ​។ ប៉ូលិស​បាន​បិទ​ផ្សារ​ទំនើប​នេះ​ហើយ​បាន​បាញ់​ឧស្ម័ន​​បង្ហូរទឹកភ្នែក​ទៅលើ​ក្រុមអ្នកតវ៉ា​ដែល​គប់​ដុំថ្ម​មកលើ​ប៉ូលិស​វិញ​។​

​កាលពី​ពេលមុន​នេះ​ប៉ូលិស​បាន​រារាំង​ភាពវឹកវរ​ដ៏​ធំ​នៅ​លើ​ប្រព័ន្ធ​រថភ្លើង​ឆ្ពោះ​ទៅ​អាកាសយាដ្ឋាន​។​

​ការតវ៉ា​នេះ​ត្រូវ​បាន​បង្កឡើង​ដោយសារ​ច្បាប់​បត្យាប័ន​ដ៏​ចម្រូងចម្រាស​ដែល​នៅពេលនេះ​ត្រូវបាន​លុប​ចោល​ហើយ ប៉ុន្តែ​វា​បាន​ក្លាយជា​យុទ្ធនាការ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​​ដែល​កាន់តែ​ធំ​ឡើង​។​

​បញ្ហា​ជាច្រើន ដូច​ជា​សិទ្ធិ​បោះឆ្នោត​ជា​សកល ការទាមទារ​ឱ្យ​មាន​ការស៊ើបអង្កេត​លើ​សកម្មភាព​របស់​ប៉ូលិស​និង​ការជាប់​ទាក់ទង​របស់​ក្រុម​ជនពាល​កាប់​ចាក់​នៅ​ក្នុងអំឡុង​​ការប្រឆាំង​ការតវ៉ា​ទាំងនេះ បាន​ឈាន​ដល់​ចំណុច​តវ៉ា​ខ្លាំង​ឱ្យ​ដោះស្រាយ​បញ្ហា​ទាំងនេះ​។​

​យុទ្ធនាការ​ដែល​ភាគច្រើន​ធ្វើឡើង​ដោយ​ក្រុម​យុវជន​បាន​ប្រព្រឹត្តទៅ​ដោយ​អហិង្សា​នៅ​ពេល​ចាប់ផ្តើម ប៉ុន្តែ​ច្រើនតែ​ក្លាយ​ជា​អំពើ​ហិង្សា​នៅ​ចុងបញ្ចប់​ដោយសារ​ពួក​បាតុករ​​ក្បាលរឹង​មួយចំនួន​បន្ត​បំពាន​បំរាម វាយបំផ្លាញ​ទ្រព្យសម្បត្តិ​និង​វាយ​ប៉ូលិស​។​

​ភាពវឹកវរ​នេះ​បាន​ក្លាយជា​បញ្ហា​ប្រឈម​ធំ​បំផុត​ចំពោះ​ការគ្រប់គ្រង​របស់​ប្រទេស​ចិន​ចាប់តាំងពី​ក្រុង​ហុងកុង​ត្រូវបាន​អង់គ្លេស​ប្រគល់​ឱ្យ​ចិន​គ្រប់គ្រង​វិញ​កាលពី​១៩៩៧ ។​

​ក្រុង​ហុងកុង​គឺជា​ផ្នែក​មួយ​នៃ​ប្រទេស​ចិន ប៉ុន្តែ​ក្រុង​នេះ​មាន “​សិទ្ធិសេរីភាព​ពិសេស​” ។ សិទ្ធិសេរីភាព​ពិសេស​ដែល​ក្រុង​នេះ​មាន ទំនង​ជា​លែង​មាន​នៅ​ឆ្នាំ ២០៤៧​ហើយ​មនុស្ស​​ជាច្រើន​នៅ​ហុងកុង​មិន​ចង់​ក្លាយទៅជា​ទីក្រុង​របស់​ប្រទេស​ចិន​មួយទៀត​ទេ​៕​ដោយ​៖​សុខា​/sn

​ក្រុមអ្នកតវ៉ា​ជាន់ឈ្លី​និង​បំផ្លាញ​ទង់ជាតិ​ចិន​និង​បង្ក​ការបំផ្លិចបំផ្លាញ​ក្នុងអំឡុង​ការតវ៉ា​កាលពី​ថ្ងៃអាទិត្យ​