ការតវ៉ា​ប្រឆាំង​នៅ​ឥណ្ឌា​កាន់តែ​ពុះកញ្ជ្រោល នៅពេល​ចំនួន​មនុស្ស​ស្លាប់​កើន​ដល់​២៤​នាក់​

329
ចែករម្លែក

​មនុស្ស​រាប់​ម៉ឺន​នាក់​បាន​ចូលរួម​ក្នុង​ការជួបជុំ​តវ៉ា​ថ្មី​ប្រឆាំង​នឹង​ច្បាប់ផ្ត់​សញ្ជាតិ​នៅ​ឥណ្ឌា​កាលពី​ថ្ងៃ​សៅរ៍ នៅពេល​ចំនួន​មនុស្ស​ស្លាប់​ពី​ភាពវឹកវរ​អស់​ពេល​ជិត​២​សប្តាហ៍​មក​នេះ​​បាន​កើន​ដល់​២៤​នាក់​។​

​ចំនួន​មនុស្ស​ស្លាប់​បាន​ហក់​ឡើង​នៅ​មួយ​ថ្ងៃ​បន្ទាប់ពី​បាតុកម្ម​ជាច្រើន​បាន​ប្រែ​ទៅ​ជា​ហិង្សា​កាលពី​ថ្ងៃ​សុក្រ​នៅក្នុង​រដ្ឋ​ដែល​មាន​មនុស្ស​ច្រើន​បំផុត គឺ អ៊ុត​តា ប្រា​ដែស​ដោយ​នៅ​​ទីនោះ​មនុស្ស​១៥​នាក់​ត្រូវបាន​សម្លាប់ រួម​ទាំង​ក្មេង​អាយុ​៨​ឆ្នាំ​ម្នាក់ ដែល​ស្លាប់​ដោយ​ការ​រត់​ជាន់​។​

​អ្នក​ប្រឆាំង​តវ៉ា​ម្នាក់​បាន​ស្លាប់​កាលពី​ថ្ងៃ​សៅរ៍ ក្រោយ​ការប៉ះទង្គិច​នៅ​ក្រុង​រ៉ា​ម​ពួរ ក្នុង​រដ្ឋ​អ៊ុត​តា ប្រា​ដែស នៅ​ពេល​ប៉ូលិស​ប្រដាប់​ដោយ​ដំបង បាន​ប្រើ​ឧស្ម័ន​ហៀរ​ទឹកភ្នែក​លើ​​បាតុក​ករ​ដែល​ចោល​ដុំថ្ម​។​

ការប្រឆាំង​តវ៉ា ត្រូវបាន​ធ្វើឡើង​នៅ​ទីក្រុង​ជា​ច្រើន ក្នុង​រដ្ឋ​តាមឹ​ល ណា​ឌូ រដ្ឋ​ប៊ី​ហា រដ្ឋ​អា​សាម និង​អ៊ុត​តា ប្រា​ដែស

​កំហឹង​ចេះតែ​កើន​ឡើង​មិន​ស្រក​ដោយសារតែ​ច្បាប់​ដែល​សភា​ទើប​អនុម័ត​កាលពី​ថ្ងៃ​១១​ធ្នូ​ដែល​អនុញ្ញាត​អោយ​សមាជិក​ក្រុម​ជនជាតិភាគតិច​មកពី​ប្រទេសជិតខាង​ចំនួន​៣​លើកលែងតែ​អ្នក​កាន់​សាសនា​អ៊ីស្លាម ដាក់​ពាក្យសុំ​សញ្ជាតិ​ឥណ្ឌា​។​

​ពួក​អ្នក​រិះគន់ ជា​ពិសេស​អ្នក​កាន់​សាសនា​អ៊ីស្លាម យល់​ថា​ច្បាប់​នេះ​រើសអើង​ប្រឆាំង​សាសនា​អ៊ីស្លាម និង​វា​ជា​ផ្នែក​នៃ​របៀបវារៈ​ជាតិនិយក​ហិណ្ឌូ​របស់​នាយក​រដ្ឋមន្ត្រី ណា​រេ​នដ្រា ម៉ូ​ឌី​ដើម្បី​ប្រែក្លាយ​ឥណ្ឌា​ទៅជា​ប្រទេស​កាន់​សា​នា​ហិណ្ឌូ តែ​ទោះជា​យ៉ាងណា​គណបក្សនយោបាយរ​បស់​លោក​បាន​បដិសេធ​។​

​អាជ្ញាធរ​បាន​ដាក់​បំរាម​គោចរ ប្រើ​ច្បាប់​គ្រា​អាសន្ន បិទ​អ៊ី​ន​ធឺ​ណែ​ត​និង​បិទ​ហាង​នៅ​កន្លែង​ងាយ​មាន​បញ្ហា​មួយចំនួន​នៅ​ទូទាំង​ប្រទេស​នៅក្នុង​ការព្យាយាម​ទប់​ភាពវឹកវរ​។​​មនុស្ស​ជាង​៧០០០​នាក់​ហើយ​ត្រូវបាន​ចាប់​ឃាត់ខ្លួន​នៅ​ក្រោម​ច្បាប់​គ្រាអាសន្ន តែ​វា​មិន​បាន​បញ្ឈប់​ការតវ៉ា​ប្រឆាំង​ទេ​៕​ដោយ​៖​វាសនា​