ការតវ៉ា​ពេញ​មួយថ្ងៃ​ចន្ទ​ម្សិលមិញ​បណ្តាលឱ្យ​ទីក្រុង​ហុងកុង​ទាំងមូល​ជាប់​ទ្រឹង​

367
ចែករម្លែក

កាលពី​ថ្ងៃ​ចន្ទ​ទី​៥​សីហា​ទីក្រុង​ហុងកុង​បាន​ធ្លាក់ចូល​ទៅក្នុង​ភាពច្របូកច្របល់ ខណៈ​ការធ្វើ​កូដកម្ម​និង​ការតវ៉ា​បានធ្វើឱ្យ​ជាប់គាំង​ចរាចរណ៍​និង​បង្ខំ​ឱ្យមាន​ការលុបចោល​ជើងហោះហើរ ចំពេល​មានការ​ព្រមាន​ដ៏​ធ្ងន់ធ្ងរ​ពី​នាយក​ប្រតិបត្តិ​ក្រុង​ហុងកុង លោកស្រី ខា​រី ឡាំ ថា​ទីក្រុង​នេះ​ត្រូវបាន​រុញច្រាន​ចូលទៅក្នុង “​ស្ថានភាព​គ្រោះថ្នាក់​បំផុត​”​។​

​ក្រុមមន្ត្រី​ស្លៀកពាក់​ឈុត​បង្ក្រាប​កុបកម្ម​បាន​ចំណាយពេល​ស្ទើរតែ​ពេញ​មួយថ្ងៃ​ដើម្បី​ទប់ទល់​នឹង​ក្រុមបាតុករ​ប្រឆាំងនឹង​ការធ្វើ​បត្យាប័ន ដោយបាន​ឡោមព័ទ្ធ​ស្ថានីយ​ប៉ូលិស​ឬ​សង់​របាំង​នៅតាម​ដងផ្លូវ​យ៉ាងហោចណាស់ ១០ កន្លែង​ផ្សេងគ្នា​។ ក្រុមអ្នកតវ៉ា​បាន​រត់​ចែក​ជើង​គ្នា បន្ទាប់ពី​ប៉ូលិស​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ទៅលើ​ពួកគេ​។​

​កាលពី​ម្សិលមិញ​(​ថ្ងៃ​ចន្ទ​)​គឺជា​សកម្ម​ភាពមិន​ស្តាប់បង្គាប់​ស៊ីវិល​ទ្រង់ទ្រាយ​ធំ​បំផុត ដែល​ទីក្រុង​នេះ​ធ្លាប់បាន​ជួបប្រទះ​ចាប់តាំងពី​មាន​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​ប្រឆាំងនឹង​សេចក្តីព្រាងច្បាប់​បត្យាប័ន​ដ៏​ចម្រូងចម្រាស ដែល​បាន​រីក​រាលដាល​ធំ​ឡើង​កាលពីដើម​ខែមិថុនា​។​

​អាជីវកម្ម​ជាច្រើន​បាន​បិទទ្វារ​កាលពី​ថ្ងៃ​ចន្ទ​ឬ​ទុក​បុគ្គលិក​ខ្លះ​ឱ្យមើល​ហាង ខណៈ​បាតុករ​រាប់សិប​ពាន់​នាក់​ចេញ​តវ៉ា​តាមផ្លូវ​។​

​មនុស្ស​រាប់ពាន់នាក់​បាន​ធ្វើដំណើរ​ទៅ​ឧទ្យាន​តា​ម៉ា​ក្នុង​សង្កាត់​អេ​ត​មី​រ៉​ល​ធី​សម្រាប់​ការជួបជុំ​បាយ​ថ្ងៃត្រង់ គឺ​នៅក្បែរ​នឹង​បណ្តា​អគារ​របស់​រដ្ឋាភិបាល​តែម្តង​។​

​ប៉ុន្តែ​បន្ទាប់ពី​ក្រុម​មួយ​បាន​ដើរ​ឆ្លងទៅ​លើផ្លូវ Harcourt ដែលជា​ផ្លូវ​ឆ្លងកាត់​កណ្តាល​ក្រុង​ហុងកុង ប៉ូលិស​បានចាប់ផ្តើម​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ដើម្បី​បំបែកហ្វូង​បាតុករ ដែល​បាន​ដកថយ​ទៅកាន់​សង្កាត់​ដើរ​ទិញ​ទំនិញ Causeway Bay កន្លែង​ដែល​ពួកគេ​បន្ត​តវ៉ា​នៅ​ម្តុំរ​បាំងបិទ​ផ្លូវ​រហូត​ដល់​យប់​។​

​ចេញពី​ទីនោះ ក្រុមអ្នកតវ៉ា​បាន​ដើរ​ឆ្ពោះទៅកាន់​តំបន់ North Point ធ្វើឱ្យ​ជាប់គាំង​ចរាចរណ៍ ប្រយុទ្ធ​គ្នា​ជាមួយ​ក្រុម​បុរស​ពាក់អាវ​ស​ប្រដាប់​ដោយ​ដំបង គប់​ដុំថ្ម​ដាក់​ស្ថានីយ​ប៉ូលិស និង​ប្រឈមមុខ​នឹង​ការបាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ពី​ប៉ូលិស​។​

​លោក​ស្រ​ឡាំ​ជាថ្មី​ម្តងទៀត​បាន​ច្រានចោល​ការអំពាវនាវ​ឱ្យ​លោកស្រី​ចុះចេញ​ពី​តំណែង និង​និយាយថា រដ្ឋាភិបាល​តាំងចិត្ត​ថែរក្សា​ច្បាប់​និង​សណ្តាប់ធ្នាប់​។ លោកស្រី​បាន​ព្រមាន​ថា ការតវ៉ា​នេះ​បានដាក់​អតីត​អាណានិគម​អង់គ្លេស​ឱ្យ​ស្ថិត​លើផ្លូវ​ដែល​គ្មាន​ថ្ងៃ​ត្រឡប់ក្រោយ និង ធ្វើឱ្យប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់ខ្លួន​៕ ដោយ៖ កញ្ញាដាលីស

ទីក្រុង​ហុងកុង​ជាប់គាំង​ពេញ​មួយថ្ងៃ​ចន្ទ​ដោយសារ​ការតវ៉ា