ការទន្ទឹងរង់ចាំ​រប​ស់​អតីត​អ្នកនយោបាយ បានមក​ដល់​!

122

​ភ្នំពេញ​៖ អតីត​ប្រធាន​គណបក្ស​សមរង្ស៊ី និង​ជា​អតីត​ទីប្រឹក្សា​គណបក្ស​អតីត​សង្គ្រោះ​ជាតិ លោក គង់ គាំ រួមទាំង​កូនប្រុស​លោក​គឺ​លោក គង់ បូរ៉ា​អតីត​អ្នកតំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បានប្រកាសថា លោក​ទាំងពីរ នឹង​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​ដោយ​ដាក់​លិខិត ដាច់ដោយឡែក​ពីគ្នា ជូន​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​៩ ខែមករា​នេះ​។ បន្ទាប់ពី​ទទួលបាន សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​ហើយ លោក គង់ គាំ ក៏ដូចជា​កូនប្រុស​របស់លោក គឺ​លោក គង់ បូរ៉ា នឹងចូលរួម​ធ្វើ​នយោបាយ ក្នុង​គណបក្ស​ឆន្ទៈ​ខ្មែរ ដែលមាន​លោក គង់ ម៉ូ​នី​កា កូនប្រុស​របស់លោក គង់ គាំ ជា​ប្រធាន​។​

លោក គង់ គាំ មានកូន​ប្រាំមួយ​នាក់​។ ក្នុងនោះ មានកូន​ប្រុស​បីនាក់​ជា​អ្នក​ស្នង​តំណែង​របស់លោក ធ្វើជា​អ្នកនយោបាយ គឺ​លោក គង់ បូរ៉ា លោក គង់​សភា និង​កូនពៅ លោក គង់ ម៉ូ​នី​កា​។

​លោក គង់ បូរ៉ា និង​លោក គង់ សភា កូនប្រុស​បង្កើត​របស់​លោក គង់ គាំ បាន​ចូលធ្វើ​នយោបាយ នៅ​គណបក្ស​សមរង្ស៊ី ហើយ​នៅ​ឆ្នាំ​២០០៤ លោក គង់ បូរ៉ា និង​លោក គង់ សភា ត្រូវបាន គណបក្ស សម រង្ស៊ី ចាត់តាំង​ឲ្យ​ទៅ​ជួយ​ការងារ​បក្ស នៅ​ខេត្តព្រៃវែង​។ នៅ​ឆ្នាំ​២០០៨ លោក គង់ បូរ៉ា បាន​ជាប់ឆ្នោត​ជា​អ្នកតំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី​។ រីឯ​លោក គង់ សភា​បាន​ក្លាយជា តំណាងរាស្ត្រ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ នៅ​ឆ្នាំ​២០១៣​។​

​ដោយឡែក លោក គង់ ម៉ូ​នី​កា ជា​កូនប្រុស​ពៅ​របស់លោក​បានចេញ​ប្រឡូក​ក្នុង​ឆាកនយោបាយ ដោយ​បង្កើត​គណបក្ស​ឆន្ទៈ​ខ្មែរ នៅ​ខែមេសា ឆ្នាំ​២០១៨​។ លោក គង់ ម៉ូ​នី​កា ជា​ប្រធាន គណបក្ស​ឆន្ទៈ​ខ្មែរ ដែល​បាន​ចូលរួម​ការបោះឆ្នោតជាតិ កាលពី​ខែកក្កដា ឆ្នាំ​២០១៨ តែ​មិន​ទទួលបាន​អាសនៈ​នៅ​រដ្ឋសភា​ទេ​។​

​លោក គង់ គាំ លោក គង់ បូរ៉ា និង​លោក គង់ សភា ស្ថិតក្នុង​ចំណោម​អ្នក​ជាប់​បម្រាម​របស់ តុលាការ​កំពូល​ចំនួន ១១៨ រូប ដែលជា​អតីត​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។ នោះ​គឺ​កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ តុលាការ​កំពូល បានសម្រេច​រំលា​យគណ​បក្ស សង្គ្រោះ​ជាតិ ហើយ​បាន​ហាម​អតីត​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ១១៨​រូប មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល ៥​ឆ្នាំ គិត​ចាប់ពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧​។​

​ការបញ្ជាក់​ជំហរ​ជាថ្មី​របស់លោក​គង់​គាំ ក្នុងការ​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ជាមួយនឹង កូនប្រុស​របស់លោក គឺ​លោក គង់ បូរ៉ា ដែលថា នឹងដាក់​ពាក្យស្នើសុំ ទៅកាន់​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​៩ ខែមករា បានធ្វើ​ឡើង ភ្លាមៗ ក្រោយពី​ការផ្សព្វផ្សាយ​នូវ​ព្រះរាជក្រម របស់​ព្រះករុណា ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​បានប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ច្បាប់​ស្តីពី​វិសោធន កម្ម​ច្បាប់ ស្ដីពី​គណបក្សនយោបាយ​។ ច្បាប់​ស្ដី​វិសោធនកម្ម​ច្បាប់ ស្ដីពី គណបក្សនយោបាយ ត្រង់​មាត្រា ៤៥​ថ្មី ត្រូវបាន​ព្រះមហាក្សត្រ ឡាយ​ព្រហស្ថ​លេខា កាលពី​ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០១៩​។​

​ការ​វិសោធនកម្ម​ច្បាប់ ស្ដីពី គណបក្សនយោបាយ បានកំណត់​ពី​ការផ្ដល់​លទ្ធភាព​ឲ្យ​អ្នក នយោបាយ ដែល​តុលាការ​កំពូល ហាមឃាត់​សកម្មភាព​ធ្វើ​នយោបាយ អាច​ស្នើសុំ​ឲ្យ​មានការ លើកលែង តាមរយៈ​ការដាក់​លិខិត ទៅ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ស​ម្រ​ច​ដោយ​នាយករដ្ឋមន្ត្រី ដើម្បី​ស្នើសុំ​ទូលថ្វាយ​ព្រះមហាក្សត្រ ចេញពី​ព្រះរាជក្រឹត្យ​លើកលែង​បម្រាម​របស់​តុលាការ​កំពូល​។​
​ក្រៅពី​លោក គង់ គាំ និង​កូនប្រុស​របស់លោក គឺ​លោក គង់ បូរ៉ា ដែល​ស្ថិត​ក្នុងចំណោម អ្នកនយោបាយ ១១៨​នាក់ របស់​អតីត​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​តុលាការ បាន​ហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​ប្រាំ​ឆ្នាំ​នោះ ក៏​នៅមាន​អ្នកនយោបាយ​មួយចំនួនទៀត ដែល​គាំទ្រ​លោក កឹម សុខា រួមទាំង​លោក កឹម សុខា ក៏បាន​បង្ហាញ​ជំហរ​ចង់​ធ្វើ​នយោបាយ ឡើងវិញ​ដែរ​។​

​ប៉ុន្តែ​ក្រុម​របស់លោក​កឹម​សុខា បានទាមទារ​ឲ្យ​តុលាការ ទម្លាក់ចោល​បទចោទប្រកាន់​លើ​លោក កឹម​សុខា ជាមុនសិន ទើប​ពួកគេ សរសេរ​លិខិត​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​។

​ដោយឡែក ក្រុម​អ្នក​ស្និ​ទ្ធិ​នឹង​លោក សម រង្ស៊ី មួយចំនួន ដែល​កំពុង​ស្ថិតនៅ​ក្រៅប្រទេស បានប្រកាស​មិន​ទទួលយក​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ដូច​ច្បាប់​បានកំណត់​នោះទេ​។ តួយ៉ាង ដូចជា លោក អេង ឆៃអ៊ាង ជាដើម​។​
​ ​
​ប៉ុន្តែ​សម្រាប់​ពេលនេះ ក្រុម​អ្នកគាំទ្រ​លោក​កឹម​សុខា និង​លោក​កឹម​សុខា គួរតែ​រក្សា​ភាព​ស្ងៀមស្ងាត់ ហើយ​ទទួល​យកតាម​ដំណាក់កាលៗ​ដោយ​មុនដំបូង គឺ​ពួកគេ​ត្រូវ​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ហើយ​ទៅ​ថ្ងៃមុខ អាច​នឹង​ធូរស្រាល ក្នុងពេលដែល​តុលាការ​កំពុង​បន្ត​នីតិវិធី​លើ​ករណី​លោក កឹម​សុខា ក្នុង​សំណុំរឿង​ក្បត់ជាតិ​។​

​រីឯ​ក្រុម​អ្នកដើរ​តាម​លោក​សមរង្ស៊ី​វិញ ក៏​គួរតែ​ភ្ញាក់ខ្លួន​ឡើង​ព្រោះថា អ្នកនយោបាយ ដែល​ដើរ​តាម និង​ស្មោះស្ម័គ្រ​ជាមួយ​លោក​សមរង្ស៊ី មិនមាន​វាសនា​ល្អ​ប៉ុន្មាន​ទេ​។ មេរៀន​ជាច្រើន​កន្លងមក បានបង្ហាញ​ហើយ​។ នោះ​គឺ​អ្នកខ្លះ ត្រូវគេ​ប្តឹង ចាប់​ដាក់គុក ព្រោះ​ទង្វើ និង​មាត់ឥតគម្រប​។ អ្នកខ្លះ​រត់ចោលស្រុក ព្រោះតែ​ចង់​តាម​លោក​ប្រធាន​សមរង្ស៊ី ដែលជា​អ្នកនយោបាយ​ជើង​មិន​ជាប់​ដី ហើយ​អ្នកនយោបាយ​ខ្លះទៀត ក៏បាន​ឈឺ​ស្លាប់ បន្ទាប់ពី​ជាប់ពន្ធនាគារ ដូច​ករណី​លោក ជាម ច​ន្នី ជាដើម​។

​លោក​ជាម​ច​ន្នី កាលពី​សម័យ​ក្រោយ​ការបោះឆ្នោត​ឆ្នាំ​២០០៣​ក្រោម​នយោបាយ​បង្កើត​រដ្ឋាភិបាល ស្រមោល​របស់លោក​ប្រធាន​សមរង្ស៊ី គឺ​លោក​ជាម​ច​ន្នី​នេះហើយ ដែល​បាន​ជាប់ពន្ធនាគារ អស់​ជាច្រើន​ឆ្នាំ ខណៈដែល​លោក​សមរង្ស៊ី នៅពេល​មានរឿង ក៏​រត់ចោល​លោក​ជាម​ច​ន្នី ទៅ​នៅ​ស្រុក​បារាំង​បាត់​។

​ដោយ​ឈឺចិត្ត និង​មាន​ជំងឺ​ប្រចាំកាយ​ផង លោក​ជាម​ច​ន្នី ទីបំផុត ក៏បាន​មរណភាព កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៨​។ រីឯ​លោក​ប្រធាន​សមរង្ស៊ី នៅ​បន្ត​មាន​សេរីភាព​យ៉ាង​សប្បាយ នៅលើ​ទឹកដី​បារាំង ដែល​លោក មាន​សញ្ជាតិ​បារាំង​ស្រាប់​៕ ដោយ​: ម៉េង​ឆៃ​