ការទិញ​លក់​អចលនទ្រព្យ​ដ៏​រស់​រវើក​នាំឲ្យ​ចំណូល​ផ្នែក​ពន្ធដារ​កើនឡើង​ក្នុង​កម្រិត​ខ្ពស់​

467
ចែករម្លែក
  • 282
    Shares

ដោយ:បូកគោ​/កំ​ពត ៖ សកម្មភាព​នៃ​ការវិវឌ្ឍ​ផ្នែក​អចល​ទ្រព្យ​នៅ​ខេត្តកំពត ​មាន​សន្ទុះ​​ប្រែប្រួល​ដ៏​គំហុក​នោះ​ជា​ចលករ​ធ្វើឱ្យ​ប្រាក់ចំណូល​ផ្នែក​ពន្ធដារ​កើនឡើង​ខ្ពស់ ​បើ​ប្រៀបធៀប​នឹង​បណ្តា​ឆ្នាំ​កន្លងទៅ ខណៈដែល​ឆ្នាំ​២០១៨ បាន​ឈាន ដល់​កម្រិត​ជាង​២០៧​ភាគរយ​នៃ​ផែនការ​ដែល​ត្រូវ​អនុវត្តន៍​។

ក្នុងជំនួប​ស្វាគមន៍​គណៈប្រតិភូ​គណៈកម្មការ​ទី​២​ព្រឹទ្ធសភា​ទទួលបន្ទុក​កិច្ចការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៩ នៅ​សាល​ប្រជុំ​សាលាខេត្ត លោក​ជាវ តា​យ​អភិបាលខេត្ត​កំពត​បាន​ជម្រាបជូន​ថា​ឆ្នាំ​២០១៨​កន្លងមកនេះ ចំណូល​បានមកពី​ការប្រមូល​ពន្ធ​របស់​សាខា​ពន្ធដារ​មាន​ចំនួន​៣២.១៦១.៦៤៩.៥៥៥​រៀល ពោលគឺ​កើនឡើង​២០៧,៣០​ភាគរយ​នៃ​ផែនការ​ឆ្នាំ​ដែល​ត្រូវអនុវត្ត​ក្នុង​ទំហំ​១៥.៥១៨.០០០.០០០​រៀល​នោះ​។ លទ្ធផល​ប្រកបដោយ​មោទនភាព​ទាំងនេះ​បណ្តាលមកពី​សកម្មភាព​នៃ​ការ វិ​វ​ឌ្ឍ​ផ្នែក​អចល​ទ្រព្យ​មាន​សន្ទុះ​ប្រែប្រួល​យ៉ាងគំហុក​ស្ទើរតែ​មិនអាច​ប៉ាន់ប្រមាណ​បាន​។

លោក​អភិបាលខេត្ត បាន​សម្តែង​ក្តី​សង្ឃឹមថា ​នៅ​ចុងឆ្នាំ​២០១៩ ឆ្នាំ​២០២០​ខាងមុខ ខេត្តកំពត​នឹង​កាន់តែ​ប្លែក​ជាង​បណ្តា​ឆ្នាំមុនៗ ដោយសារ​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ជាច្រើន ដូចជា​ជប៉ុន កូរ៉េ ចិន ដែល​គេ​នឹងធ្វើ​សណ្ឋាគារ​ធំៗ ហើយ​ចាប់ផ្តើម​វិនិយោគ​ព្រមៗ​គ្នា​។ អ្វីដែល​សំខាន់​អ្នក​ដែលមាន​លទ្ធភាព​គឺ​ទិញ​ដី​ហើយ​គេ​ធ្វើ​តែម្តង​ដោយ​មិន​ទុក​នៅ​ទំនេរ​ទេ​។​

លោក​អ៊ូច គឹមស៊ាន ប្រធាន​សាខា​ពន្ធដារ​ខេត្តកំពត​បាន​រៀបរាប់ថា​ការប្រមូល​ពន្ធ​នៅ​ខេត្តកំពត​ក្នុង​ឆ្នាំ​២០១៦​ទទួលបាន​១៣.៤១២.០៣៦.០៤៧​រៀល ឆ្នាំ​២០១៧​ចំនួន​១៦.៩៣៣.០៨០.៤៩២​រៀល​។ រីឯ​ឆ្នាំ​២០១៨​ប្រមូលបាន​រហូតដល់​៣២.១៦១.៦៤៩.៥៥៥​រៀល​។

លោក​ប្រធាន​បាន​បញ្ជាក់ថា​សម្រាប់​រយៈ​ពេល​ពីរ​ខែ​ដើមឆ្នាំ​២០១៩​នេះ ការប្រមូល​ពន្ធ​បាន​៤.៤៧៧.៥៣៧.៦៤៥​រៀល លើ​សហគ្រាស​ចំនួន​១.១៨១​កន្លែង​។ ការកើនឡើង​នេះ​អាស្រ័យ​ដោយមាន​ចលនា​អចលនទ្រព្យ​។ ការកាន់កាប់​អចលន ទ្រព្យ​ពី​ដៃ​មួយ​ទៅ​ដៃ​មួយ​មាន​លក្ខណៈ​រស់​រវើក​។ ដី​កន្លែង​ខ្លះ​កាត់ឈ្មោះ​រួច ត្រឹម​មួយខែ​មក​កាត់​ផ្ទេរ​ម្តងទៀត​។​

លោក​ជា ជេ​ដ្ឋ ប្រធាន​គណៈកម្មការ​ទី​២​នៃ​ព្រឹទ្ធសភា​បាន​មានប្រសាសន៍ថា​តាម​សិក្សា​ឈ្វេងយល់​ជាមួយ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ក៏ដូចជា​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​លើ​ការអនុវត្ត​នីតិវិធី​ការងារ និង​សក្តានុពល​ដែល កំពុង​កើតមាន នៅពេល​ខាងមុខ​ខេត្តកំពត​នឹង​កាន់តែ​រីកចម្រើន​ផ្អែកលើ​ការចាប់អារម្មណ៍​ ពី​អ្នកវិនិយោគ​ជិត​ឆ្ងាយ​មក​ចូលរួម​ចាប់​ដៃគូ​អភិវឌ្ឍ​៕​B/