ការទូទាត់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ផ្ដល់​ផលប្រយោជន៍​ដល់​សេដ្ឋកិច្ចជាតិ​

540
ចែករម្លែក
  • 156
    Shares

ដោយៈ​សុផល​/​ភ្នំពេញ​៖​បើ​យោងទៅតាម​ប្រវត្តិសាស្ត្រ​ក្រដាសប្រាក់​“​រៀល​”​ដំបូង​របស់​ប្រទេស​កម្ពុជា​បានចាប់ផ្ដើម​ធ្វើចរាចរ​ណ៍​ពេញលេញ​នៅ​ខែកញ្ញា​ឆ្នាំ​១៩៥៥​បន្ទាប់ពី​ប្រទេស​កម្ពុជា​បានទទួល​ឯករាជ្យ​ទាំងស្រុង​ពី​បារាំង​នៅ​ឆ្នាំ ១៩៥៣ ក្រោម​ព្រះរាជ​បូនីយកិច្ច​របស់​អតីតព្រះមហាក្សត្រ ព្រះរ​បរម​រតន​កោដ្ឋ ព្រះបាទ​នរោត្តម សីហនុ​។​រហូតមកដល់​ពេលបច្ចុប្បន្ន​នេះ ក្រដាសប្រាក់​នៅតែ​ចរាចរណ៍ និង​ជា​រូបិយប័ណ្ណ​ផ្លូវការ សម្រាប់ធ្វើ​ការទូទាត់​ប​ង់​ថ្លៃទំនិញ និង​សេវាកម្ម សម្រាប់​ប្រជាជន​។

​បើទោះជា​យ៉ាងណាក៏ដោយ​ជាមួយនឹង​ស្ថានភាព​ជឿនលឿន​នៃ​បច្ចេកវិទ្យា​នៅក្នុង​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ននេះ​ក្រដាសប្រាក់​ត្រូវបាន​គេ​រំពឹងថា នឹងត្រូវ​កាត់បន្ថយ​ការប្រើប្រាស់​ជា​បណ្តើរៗ នៅក្នុង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ ជាពិសេស​ក្នុងដំណាក់កាល​នៃ​ការផ្លាស់ប្តូរ​ពី​ហិរញ្ញវត្ថុ​បែប “​ប្រពៃណី​” ទៅ​បែប “​ឌីជីថល​” ដែល​បាតុភូត​នេះ​មិនមែន​កើតមានឡើង​ចំពោះតែ​ប្រទេស​កម្ពុជា​នោះទេ គឺ​វា​បាន​កើតមានឡើង​រួចទៅហើយ ចំពោះ​ប្រទេស​ជាច្រើន​នៅក្នុង​ពិភពលោក​។​

​ជាក់ស្ដែង​នៅក្នុង​ប្រទេស​វៀតណាម នៅក្នុង​ខែមករា​ឆ្នាំ ២០១៧ ឧបនាយករដ្ឋមន្ត្រី Vuong Dinh Hue បាន​ចុះហត្ថលេខា​លើ​សេចក្តីសម្រេច​នៃ​គោលនយោបាយ​ដើម្បី​កាត់បន្ថយ ចំនួន​ប្រតិបត្តិ​ការប្រើប្រាស់​ក្រដាសប្រាក់ ឲ្យ​នៅសល់​តិចជាង ១០​ភាគ​ថយ​នៃប្រតិបត្តិ​ការ​នៅលើ​ទីផ្សារ​សរុប​ទាំងអស់​នៅក្នុង​ឆ្នាំ ២០២០​។​

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ គ្រឹះស្ថាន​ធនាគារ​ជាច្រើន​នៅក្នុង​ប្រទេស​កម្ពុជា បាន​ពង្រីក​សេវាកម្ម​ហិរញ្ញវត្ថុ​មូលដ្ឋាន​របស់ខ្លួន ដោយ​រួមបញ្ចូល​សេវា​ហិរញ្ញវត្ថុ តាមបែប​ឌីជីថល ដែលជា​ផ្នែក​មួយ​នៃ​គម្រោង​ធនាគារ​របស់​ពួកគេ ដើម្បី​ផ្ដល់ជូន​អតិថិជន នូវ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ថ្មី​មួយ ប្រកបដោយ​ភាព​ច្នៃប្រឌិត​។

សេវា​ហិរញ្ញវត្ថុ​តាមបែប​ឌីជីថល ដែលមាន​ប្រជាប្រិយភាព​បំផុត​នោះ​គឺ​សេវា​ធនាគារ​តាមរយៈ​ទូរស័ព្ទ​ចល័ត ក្នុងនោះ​មាន​សេវា ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច ឬ​ការទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​ឌីជីថល ដោយ​ពុំមាន​ការប្រើប្រាស់​ក្រដាស់ប្រាក់​ឡើយ​។​

​ទាក់ទង​នឹង​ការវិវឌ្ឍ​ន៏​នៃ​ផ្នែក​ហិរញ្ញវត្ថុ ដែល​យើង​មើលឃើញ​ជាក់ស្ដែង​នេ​លោក Vincent Ling អនុប្រធាន​ចាត់ការ​ទូទៅ នៅ​តំបន់​អាស៊ី​អា​គ្នេ​យ៏ របស់​ក្រុមហ៊ុន UnionPay បាន​លើកឡើងថា ជាទូទៅ​ការបោះពុម្ព​ក្រដាសប្រាក់ គឺ​ការចំណាយ​ដ៏​ច្រើន​មួយ​សម្រាប់​ប្រទេស​។

វា​មិន​ត្រឹមតែ​ត្រូវ​ចំណាយ​ទៅលើ​ការបោះពុម្ព​នោះទេ គឺ​ត្រូវ​ចំណាយ​ទៅលើ​ការដឹកជញ្ជូន ការគ្រប់គ្រង និង​ការ​ចែកចាយ​ក្រដាសប្រាក់​ទាំងនោះ ឲ្យ​ទៅដល់​គោលដៅ ក៏​ជា​ក្ដីកង្វល់​មួយ​ផងដែរ​។ ជាងនេះទៅទៀត បើ​ស្ថិតនៅក្នុង​ស្ថានភាព​អាក្រក់​បំផុត ដែល​អាច​កើតមានឡើង​នោះ គឺ​ការ​ក្លែងបន្លំ​ក្រដាសប្រាក់​។​

លោក​បាន​បន្តទៀតថា “​បើ​ប្រជាពលរដ្ឋ​ផ្លាស់ប្តូរ​ទំលាប់​មក​ធ្វើការ​ទូទាត់ តាម​ប្រព័ន្ធ​អេ​ឡិច​ត្រ​និ​ច ដោយ​ពុំ​ចាំបាច់​ប្រើប្រាស់​ក្រដាស់ប្រាក់​វិញ​នោះ វា​នឹង​ផ្ដល់​ផល​អត្ថប្រយោជន៍​ច្រើន​ដល់​សេដ្ឋកិច្ចជាតិ ដែល​ប្រទេស​កម្ពុជា បាននិងកំពុង​រៀបចំ​ខ្លួន​ក្នុងការ​ប្រែក្លាយ​សេដ្ឋកិច្ច​របស់ខ្លួន ឲ្យ​ទៅជា​សេដ្ឋកិច្ច​ឌីជីថល នាពេល​ខាងមុខនេះ​”​។​

​ពាក់ព័ន្ធ​ទៅនឹង សេដ្ឋកិច្ច​ឌីជីថល នៅក្នុង​ប្រទេស​កម្ពុជា លោក វ​ង្សី វិស្សុត រដ្ឋលេខាធិការ​អចិ​ន្រៃ្ត​យ៍ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ឲ្យ​ដឹង​នៅក្នុង​វេទិកា សាធារណៈ​ស្ដីពី​ការគ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច និង​ច្បាប់​ថវិកា​ឆ្នាំ ២០១៩ នៅ​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៩ ថា រដ្ឋាភិបាល​កម្ពុជា កំពុង​ព្រាង​គោលនយោបាយ ស្តីពី​សេដ្ឋកិច្ច​ឌីជីថល ដែលមាន​មុខងារ​ជា​ផែនទី​បង្ហាញផ្លូវ ដើម្បី​បង្កើន​កំណើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា ឈរ​នៅលើ​មូលដ្ឋាន​នៃ​ការអភិវឌ្ឍ​បច្ចេកវិទ្យា​ថ្មី​។​

លោក​បាន​បន្តទៀតថា សេចក្ដីព្រាង​គោលនយោបាយ​នេះ ត្រូវការ​ពេលវេលា ១ ឬ ២ ឆ្នាំ ដើម្បី​បញ្ចប់ ហើយ​រំពឹងថា នឹង​រួចរាល់​សម្រាប់​ការដាក់​ឲ្យ​ដំណើរការ នៅ​ដើមឆ្នាំ ២០២០​។​

​ជាការ​ពិតណាស់​ប្រទេស​កម្ពុជា​ក៏បាន​លោត​ផ្លោះ​យ៉ាង​ស្វាហាប់​ទៅតាម​ភាព​លូតលាស់​ជាស​កល​នៃ​បច្ចេកវិទ្យា​។​ចំណែក​ការតភ្ជាប់​បណ្ដាញ​អ៊ី​ន​ធឺ​ណែ​ត​កាន់​តែមាន​ភាពទូលំទូលាយ មានតម្លៃ​ថោក ដែលជា​គ្រឹះ​យ៉ាងសំខាន់​សម្រាប់​ទ្រទ្រង់​វិស័យ​ផ្សេងៗ​ទៀត​ក្នុងនោះ​ការទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​ទូរស័ព្ទដៃ (​បង់ប្រាក់​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច ឬ​ឌីជីថល​) មានការ​កើនឡើង​ច្រើន​នៅក្នុង​តំបន់​ទីប្រជុំជន និង​ទីក្រុង​ធំ​នៃ​ប្រទេស​កម្ពុជា ។​នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​លោក យុន សុ​វណ្ណា នាយក​ប្រតិបត្តិ នៃ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​។​

​លោក​បាន​បញ្ជាក់ថា​៖ ”​ប្រជាជន​កម្ពុជា​ពេញវ័យ​ប្រមាណ ២,៤​លាន​នាក់ ត្រូវ​នឹង​២៤​ភាគរយ នៃ​ប្រជាពលរដ្ឋ​ពេញវ័យ​សរុប ចំនួន ១០​លាន​នាក់ បាន​ប្រើប្រាស់​សេវាកម្ម បង់ប្រាក់​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច ឬ​ឌីជីថល តាមរយៈ​ទួ​រ​ស័ព្ទ​ដៃ​របស់ខ្លួន​។ ដូច្នោះ​បើ​ធៀប​ទៅនឹង ២​ឬ​៣​ឆ្នាំមុន ប្រជាជន​កម្ពុជា​មានកា​រ​យល់ដឹង​ច្រើន និង​ទូលំទូលាយ​ជាង​មុន ព្រោះ​ការទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក មាន​ភាពងាយស្រួល​, អាចធ្វើ​ប្រតិបត្តិការ​គ្រប់ពេលវេលា និង គ្រប់​ទីកន្លែង​, មិនបាច់​ចំណាយ​ពេលវេលា​ធ្វើដំណើរ​ទៅមក​, មិន​ចំ​បាច់​កាន់​ក្រដាស់ប្រាក់ និង​មិន​ភ័យព្រួយ​ពី​ការបាត់បង់ ដោយ​ប្រការ​ណាមួយ​ឡើយ​”​។​

ចំណែក​នៅ​ជ្រុង​ម្ខាង​ទៀត អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា លោក​បណ្ឌិត គី សេរី​វឌ្ឍន៍ បាន​ឲ្យ​ដឹង​ដែរ​ថា​៖ នៅពេលដែល​ប្រជាជនមាន​ការប្រើប្រាស់ ឬ​ធ្វើការ​ទូទាត់​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច ឬ​ឌីជីថល កាន់តែច្រើន វា​នឹងធ្វើ​ឲ្យ​សេដ្ឋកិច្ច​មាន​ចីរភាព ជាង​ការដែល​ប្រជាជន​ធ្វើការ​ទូទាត់ ដោយ​ប្រើប្រាស់​ក្រដាស់ប្រាក់ ព្រោះ​ការទូទាត់​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច មាន​ភាពច្បាស់លាស់​ជាង មាន​តម្លាភាព​ជាង ដូចជា​ការប្រមូល​ពន្ធ ឬ​ការបង់ថ្លៃ​សេវាសាធារណៈ​ផ្សេងៗ​របស់​រដ្ឋ​”​។​

​ទាក់ទង​នឹង​អនាគត​នៃ​ប្រព័ន្ធ​ទូទាត់​តាមបែប​ឌីជីថល​នៅ​កម្ពុជា ត្រូវបាន​លោក Vincent Ling អនុប្រធាន​ចាត់ការ​ទូទៅ​នៅ​តំបន់​អាស៊ី​អា​គ្នេ​យ៏ នៃ​ក្រុមហ៊ុន UnionPay បញ្ជាក់​ប្រាប់ថា​៖ “​ខ្ញុំ​យល់ថា ប្រទេស​កម្ពុជា ក៏​មិន​ខុសពី​ប្រទេស​ដទៃទៀត​នៅក្នុង​តំបន់​ដែរ​។

ការទូទាត់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក គឺ​ពិតជា​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ជំរុញ និង​ធ្វើ​ឲ្យ​ប្រព័ន្ធគ្រប់គ្រង​សាច់ប្រាក់ កាន់​តែមាន​ប្រសិទ្ធិភាព និង​កាន់តែ​ប្រសើរឡើង​។ ការទូទាត់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក នឹងចូលរួម​ចំណែក ដើម្បី​អាច​សម្រេចបាន​នូវ​គម្រោង សេដ្ឋកិច្ច​ឌីជីថល នៅក្នុង​ឆ្នាំ​២០២៣​របស់​កម្ពុជា​ជាក់​ជាមិនខាន​”៕S/

​ចំណងជើង​រូបថត​៖ ការទូទាត់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក គឺ​ពិតជា​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ជំរុញ និង​ធ្វើ​ឲ្យ​ប្រព័ន្ធគ្រប់គ្រង​សាច់ប្រាក់ កាន់​តែមាន​ប្រសិទ្ធិភាព និង​កាន់តែ​ប្រសើរឡើង​