ការធ្វើជំរឿន​ឆ្នាំ​២០១៩​ពន្យារ​ពីរ​ថ្ងៃៈ​បញ្ចប់​នៅ​ថ្ងៃទី​១៥ មីនា​

581
ចែករម្លែក
  • 100
    Shares
មន្រ្តីជំនឿនទទួលអនុសាសន៍ពីប្រមុខរាជរដ្ឋាភិបាលមុនពេលចាប់ផ្តើមសកម្មភាពជំរឿន

ដោយ​: ម៉េង​ឆៃ​/​ភ្នំពេញ: ការធ្វើជំរឿន​ប្រជាជន ឆ្នាំ​២០១៩ បានចាប់ផ្តើម កាលពី​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០១៩ ហើយ​គ្រោង​នឹង​បញ្ចប់ នៅ​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៩​។ ក៏ប៉ុន្តែ​ក្រសួងផែនការ បានប្រកាស​នៅ​ចុង​សប្តាហ៍​នេះ​ថា ការធ្វើជំរឿន​ប្រជាជន ឆ្នាំ​២០១៩ នឹងត្រូវ​ពន្យារពេល ២​ថ្ងៃ​ទៀត ពោលគឺ​រហូតដល់​ថ្ងៃទី​១៥ ខែមីនា ទើប​បញ្ចប់​។​

​អ្នកនាំពាក្យ​ក្រសួងផែនការ លោក ស្រី ដា បាន​លើកឡើងថា ការសម្រេច​ពន្យារពេល ២​ថ្ងៃ បន្ថែមទៀត សម្រាប់​ការធ្វើជំរឿន​ប្រជា​ជននេះ ដោយសារតែ​ក្រុមមន្ត្រី បាន​វាយតម្លៃ​ពី​ដំណើរ​ការធ្វើជំរឿន ដែល​បានចាប់ផ្ដើម​តាំងពី​ថ្ងៃទី​៣ ខែមីនា ហើយ​រកឃើញថា គ្រួសារ​ប្រជាពលរដ្ឋ នៅតាម​មណ្ឌល ធ្វើ​ជំរឿន មាន​កំណើន ខុសពី​ការគិត​ទុក​។ ដូច្នេះ​បើតាម​ការធ្វើជំរឿន ដែល​ពីដំបូង បាន​កំណត់ថា នឹង​បញ្ចប់​រួចរាល់ នៅ​ថ្ងៃទី​១៣ ខែមីនា​នោះ នឹងត្រូវ​ពន្យារពេល រហូត ដល់​ថ្ងៃទី​១៥ ខែមីនា​។

សកម្មភាពជំរឿននៅរាជធានីភ្នំពេញ

​តាម​ការគ្រោងទុក ក្រសួងផែនការ ត្រូវការ​មន្ត្រី​សម្ភាសន៍ ក្នុង​យុទ្ធនាការ​ជំរឿន​នេះ តែបួន​នាក់ និង​មន្ត្រី​ត្រួតពិនិត្យ​តែមួយម៉ឺន​នាក់​ប៉ុណ្ណោះ។ ប៉ុន្តែ​ដល់ ពេល​អនុវត្ត​ការងារ​ជាក់ស្តែង ក៏​ខ្វះ​មន្ត្រី​ធ្វើ​ជំរឿន ចុះ​សម្ភាសន៍​ប្រជាពលរដ្ឋ ដោយសារតែ​ចំនួន​គ្រួសារ​របស់​ប្រជាពលរដ្ឋ កើនឡើង លើសពី​ការរំពឹងទុក​។​

​ដោយឡែក លោកស្រី ហង់ លី​ណា អគ្គនាយិកា​វិទ្យាស្ថាន​ជាតិ​ស្ថិតិ នៃ​ក្រសួងផែនការ បាន​លើកឡើងថា មន្ត្រី​ជំរឿន​ម្នាក់ៗ នឹងត្រូវ​សម្ភាសន៍​ប្រជា​ពល រដ្ឋ ១២០ ទៅ ១៥០​គ្រួសារ ហើយ​លទ្ធផល​បណ្តោះអាសន្ន​នៃ​ជំរឿន​នេះ នឹង​អាច​បង្ហាញ​ក្នុងអំឡុងពេលបី​ខែ ក្រោយ​បញ្ចប់​ជំរឿន តែ​អ្វី​ដែលជា​លទ្ធផល​ផ្លូវ ការ​អាចធ្វើ​ឡើង​នៅ​ចន្លោះ ៦-៩​ខែក្រោយ​។​

​ក្រសួងផែនការ បានប្រកាសថា ការធ្វើជំរឿន​ពេលនេះ គឺមាន​ប្រជា​ពល រដ្ឋ ដែលជា​មេ​គ្រួសារ​ប្រមាណ​ជិត ៣​លាន​គ្រួសារ ក្នុងនោះ មាន​មន្ត្រ​ជំរឿន ប្រមាណ ៥​ម៉ឺន​នាក់ នៅ​ទូទាំងប្រទេស​។ ប៉ុន្តែ​ជាក់ស្តែង ចំនួន​ប្រជាពលរដ្ឋ ច្រើន ជាង​ការប៉ាន់ស្មាន​នេះ​។​

​សូមជម្រាបថា ការធ្វើជំរឿន​ទូទៅ​ប្រជាជន​កម្ពុជា មាន​សារសំខាន់​ខ្លាំង ណាស់ និង​ជា​ប្រភព​តែមួយគត់ ដែល​អាច​ផ្តល់​ទិន្នន័យ​ពេញលេញ និង​ច្បាស់ លាស់ ព្រមទាំង​បានកំណត់​ច​រិ​ក​លក្ខណៈ ស្ថានភាព​រស់នៅ​ពិតប្រាកដ របស់​ប្រជាជន​នៅ​ទូទាំងប្រទេស​។ ជំរឿន​ប្រជាជន គឺជា​ប្រភព​តែមួយគត់ ដែល​អាច​ផ្តល់​ទិន្នន័យ​ពេញលេញ អំពី​ចំនួន​ប្រជាជន និង​ចរិតលក្ខណៈ​ប្រជាជន នៅក្នុង​ប្រទេស​។​

​ដើម្បី​ឲ្យ​ការធ្វើជំរឿន ទទួលបាន​លទ្ធផល​ប្រកបដោយ​ជោគជ័យ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេ​ជោ ហ៊ុន សែន បានចេញ​សារ​អំពាវនាវ​ដល់​ជន រួម​ជាតិ​គាំទ្រ និង​ចូលរួម​ការធ្វើជំរឿន​ទូទៅ​ប្រជាជន​កម្ពុជា ចាប់ពី​ថ្ងៃទី​៣ ខែមីនា ដោយ​ត្រូវ​ចូលរួម​ផ្ដល់ព័ត៌មាន​តាម​សំណួរ សម្ភាសន៍​ឲ្យ​បាន​គ្រប់ គ្រាន់ ត្រឹមត្រូវ និង​ស្មោះត្រង់ ជូន​មន្ដ្រី​ធ្វើ​ជំរឿន​ប្រជាជន​៕សរន




#