ការធ្វើ​តេស្ត IELTS តាម​កុំព្យូទ័រ​បើក​ដំណើរការ​ជា​ស្ថាពរ​នៅ​មណ្ឌល​ប្រឡង​ផ្លូវការ​របស់ IELTS ក្នុងប្រទេស​កម្ពុជា​

437
ចែករម្លែក

​ដោយ​: សុផល / ភ្នំពេញ​: ការធ្វើ​តេស្ត IELTS តាម​កុំព្យូទ័រ (CDI) ត្រូវបាន​បើក​ឲ្យ​ដំណើរការ​ជា​ស្ថាពរ​នៅ​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៩ ជាមួយនឹង​បន្ទប់​ប្រឡង​តាម​កុំព្យូទ័រ​ដ៏​ទំនើប​ដែល​បាន​កាត់​ខ្សែរ​បូ​ដោយ​លោក​ជំ​Tina Redshaw ឯកអគ្គរាជទូត​អង់គ្លេស​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក ម៉ៅ ស្រេង នាយក​ប្រចាំ​ប្រទេស​នៃ​ស្ថាប័ន IDP Education​។​

​ជាមួយនឹង​ការកំណត់​ការធ្វើ​តេស្ត​លើ​កុំព្យូទ័រ​លើកដំបូង​ដែល​គ្រោង​នឹងធ្វើ​ឡើង​នៅ​ថ្ងៃ​សៅរ៍ ទី​២៦​ខែមករា ឆ្នាំ​២០១៩ នៅ​បន្ទប់​កុំព្យូទ័រ​សម្រាប់ធ្វើ​តេស្តរ​បស់​ស្ថាប័ន IDP ជម្រើស​ថ្មី​នេះ​ផ្តល់​ឲ្យ​អ្នក​ធ្វើតេស្ត​នូវ​លទ្ធផល​តេស្ត​យ៉ាង​ឆាប់រហ័ស (​ក្នុង​រយៈពេល ៦-៧ ថ្ងៃ​) និង​ជម្រើស​កាល បរិច្ឆេទ​ធ្វើតេស្ត​ច្រើនជាង​មុន​។​

​ទោះបីជា​អ្នកធ្វើ​តេស្ត​នៅពេលនេះ​មាន​ជម្រើស​រវាង​ការធ្វើ​តេស្ត IELTS លើ​កុំព្យូទ័រ ឬ លើ​ក្រដាស​ក៏ពិតមែន ក៏ប៉ុន្តែ​ខ្លឹមសារ​នៃ​ការធ្វើ​តេស្ត​លើ​ការ​ស្តាប់ ការអាន និង​ការសរសេរ​នៅតែមាន​លក្ខណៈ​ដូចគ្នា​ដដែល ហើយ​ការធ្វើ​តេស្ត​លើ​ការនិយាយ នឹង​បន្ត​ធ្វើឡើង​ដោយផ្ទាល់​ជាមួយ​មេ​ប្រយោគ​ធ្វើតេស្ត IELTS ដែលមាន​បទពិសោធន៍ និង​មានការ​បញ្ជាក់​ត្រឹមត្រូវ​។​

​លោកស្រី​ឯកអគ្គរាជទូត​អង់គ្លេស​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា Tina Redshaw បាន​មានប្រសាសន៍ថា “​នេះ​គឺជា​លើកទីមួយ​ហើយ​ដែល​នាង​ខ្ញុំ​បានឮ​អំពី​ការធ្វើ​តេស្ត IELTS តាម​កុំព្យូទ័រ ហើយ​នាង​ខ្ញុំ​គិតថា​នេះ​គឺជា​ការច្នៃប្រឌិត​មួយ​ដ៏​អស្ចារ្យ​។ យើងទាំងអស់គ្នា​សុទ្ធសឹងតែ​ទម្លាប់​នឹង​ការប្រើប្រាស់​ក្ដារ​ចុច​កុំព្យូទ័រ​ជាង​។ ការផ្លាស់​ប្ដួ​រ​ទៅរក​ការធ្វើ​តេស្ត IELTS តាម​កុំព្យូទ័រ​នេះ​គឺជា​ការច្នៃប្រឌិត​មួយ​ដ៏​អស្ចារ្យ និង​អាច​ផ្ដល់​លទ្ធផល​កាន់តែ​លឿន​ផងដែរ​។​”

​លោក ម៉ៅ ស្រេង នាយក​ប្រចាំ​ប្រទេស​នៃ​ស្ថាប័ន IDP Education បាន​មានប្រសាសន៍ថា “​បទពិសោធន៍​ធ្វើតេស្ត​ថ្មី​នេះ​ផ្តោត​ជា​ចម្បង​ទៅលើ​អ្នកធ្វើ​តេស្ត ដោយ​ផ្តល់ជូន​នូវ​កាល​ប្រឡង​ច្រើនជាង​មុន​ក្នុង មួយ​សប្តាហ៍ និង​លទ្ធផល​ចេញ​ឆាប់រហ័ស​ជាង​មុន ដោយ​បន្ត​រក្សាបាន​នូវ​ទំនុកចិត្ត សុចរិត​ភាព និង​សុវត្ថិភាព​ដែល​អាច​ទុកចិត្តបាន​សម្រាប់​ស្ថាប័ន​នានា​ដែល​ទទួលស្គាល់​លទ្ធផល​នេះ​។​”

​លោក ម៉ៅ ស្រេង មានប្រសាសន៍​បន្ថែមទៀត​ថា “​មតិ​កែលម្អ​របស់​អតិថិជន​យើង​ចំពោះ​ការអនុវត្ត​ការធ្វើ​តេស្ត​លើកដំបូង​របស់​យើង​នៅក្នុង​ប្រទេស​ដ៏ទៃទៀត​បង្ហាញថា ការធ្វើ​តេស្ត IELTS លើ​កុំព្យូទ័រ​ក្នុង​មជ្ឈដ្ឋាន​ធ្វើតេស្ត​ស្ងប់ស្ងាត់​នៅក្នុង​បន្ទប់​កុំព្យូទ័រ​ដែល​ប្រើ​សម្រាប់​ការធ្វើ​តេស្ត​នេះ ជួយ​ពួកគេ​ឲ្យ​មាន​អារម្មណ៍​ងាយស្រួល​សម្រាប់​ការធ្វើ​តេស្ត​”​។​

​លោក​បាន​លើកឡើងថា “​តាមរយៈ​តេស្ត IELTS អ្នកធ្វើ​តេស្ត​កំពុង​ទទួលបាន​ការធ្វើ​តេស្ត​ភាសា​អង់គ្លេស​ដែល​ល្អ​បំផុត​។ ពិន្ទុ​តេស្ត IELTS នេះ គឺជា​ឱកាស​មួយ​ក្នុង​ការបង្ហាញ​ដោយ​មោទនភាព​ចំពោះ​សមត្ថភាព​ភាសា​អង់គ្លេស​របស់​អ្នកធ្វើ​តេស្ត​នៅក្នុង​ការធ្វើ​តេស្ត​យ៉ាង​តឹងរឹង​បំផុត និង​អាច​ដណ្តើម​ជ័យលាភី​លើ​ការប្រកួតប្រជែង​នានា មិន​ថា​តាមរយៈ​ការដាក់​ពាក្យសុំ​ចូលរៀន​នៅ​សាកលវិទ្យាល័យ​ដែលមាន​កិត្យានុភាព​ណាមួយ ឬ​នៅពេល​អ្នក​ព្យាយាម​ស្វែងរក​អាជីព​ការងារ​មួយ​ដែល​អ្នក​ប្រាថ្នា​ចង់បាន​នោះទេ​។​

“​ស្ថាប័ន IDP Education គឺជា​ស្ថាប័ន​អប់រំ​អន្តរជាតិ និង​បណ្តុះបណ្តាល​ភាសា​អង់គ្លេស​ឈានមុខ​គេ​នៅក្នុង​ប្រទេស​កម្ពុជា​អស់​រយៈពេល​ជាង ២៥​ឆ្នាំ​មកហើយ​។ យើង​មាន​ក្តី​សោមនស្ស​រីករាយ​ក្នុងការ​ត្រួសត្រាយ​ផ្លូវ​នាំមុខគេ​សារជាថ្មី​ម្តងទៀត​តាមរយៈ​ការណែនាំ​នូវ​ជម្រើស​នៃ​ការធ្វើ​តេស្ត​នេះ​ជូន​ដល់​អតិថិជន​របស់​យើង​ដែល​មានបំណង​ចង់​ធ្វើតេស្ត​ជា​សាកល​នេះ​។​

​តេស្ត IELTS ផ្តល់ជូន​តាម​កុំព្យូទ័រ អាច​ស្វែង​រកបាន​នៅ​មជ្ឈមណ្ឌល​ធ្វើតេស្ត​ផ្លូវការ​សម្រាប់​ការធ្វើ​តេស្ត IELTS នៅ​កម្ពុជា នៅ​ស្ថាប័ន IDP Education ដែលមាន​អាសយដ្ឋាន​ស្ថិតនៅ​ទីតាំង​មជ្ឈមណ្ឌល ACE សាខា​ទួលគោក អគារ 08 ផ្លូវ 600 កែង​ផ្លូវ 307 សង្កាត់​ទួលគោក ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​៕