ការនាំចេញ​របស់​កម្ពុ​ជា ទៅកាន់​សហភាព​អឺរ៉ុប​នៅ​ឆ្នាំ​២០១៨ គ្មានអ្វី​ព្រួយបារម្ភ​នោះទេ ព្រោះ​គេ​បញ្ជា​ទិញ​រួច​អស់ហើយ​

377

(​ភ្នំពេញ​) ៖ ការនាំចេញ​របស់​កម្ពុ​ជា​ទៅកាន់​សហភាព​អឺរ៉ុប (EU) នៅ​ឆ្នាំ​២០១៨ ខាងមុខនេះ គឺ​គ្មានអ្វី​ព្រួយបារម្ភ​នោះទេ​ព្រោះ​អ្នកបញ្ជា​​ទិញ​នៅ​សហភាព​អឺរ៉ុប បាន​បញ្ជា​ទិញ​និង​ចុះកិច្ចសន្យា​រួច​អស់ហើយ​។ នេះ​ជាការ​បញ្ជាក់​របស់លោក ប៉ាន សូរ​សក្ដិ​រដ្ឋមន្ដ្រីក្រសួង​ពា​​ណិ​ជ្ជ​កម្ម ក្នុង​ពិធី​ជា​អធិបតីភាព​បើក​សន្និបាត​បូក​សុ​រប​ការងារ​ពាណិជ្ជកម្ម ឆ្នាំ​២០១៧ និង​ទិសដៅ​អនុវត្តន៍​ការងារ​ពាណិជ្ជកម្ម ឆ្នាំ​២០១៨ នៅ​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ទីស្ដីការក្រសួង​។​
​ ​
​លោក​ប៉ាន សូរ​សក្ដិ បាន​បញ្ជាក់ថា “…​រឿង​ការនាំ​ចេញទៅ EU មិនជា​អ្វី​នោះទេ គឺ​គ្រាន់តែ​ជា​ព័ត៌មាន​ដើម្បី​ឲ្យ​ថ្នាក់ដឹកនាំ​លោក​វាយ​​តម្លៃ​ប៉ុណ្ណោះ​…​ក្នុង​ឆ្នាំ​២០១៨ គេ (EU) បាន​បញ្ជា​ទិញ រួច​អស់​ទៅហើយ​ដូច្នោះ​គឺ​គ្មាន​ការព្រួយបារម្ភ​នោះទេ​…​ក្នុង​រឿង​ការនាំចេញ​​នោះទេ​…”​។​
​ ​
​ការអះអាង​របស់​មន្ដ្រី​រដ្ឋាភិបាល​កម្ពុជា​បែបនេះ ហាក់ជា​ការឆ្លើយតប​ទៅនឹង​ការលើកឡើង​របស់​មជ្ឈដ្ឋាន​មួយចំនួន ជាពិសេស​​ក្រុមប្រឆាំង ដែល​តែ​ឆក់​ឱកាស ដោយបាន​លើកយក​នូវ​សេចក្តី​សំណូមពរ​របស់​រដ្ឋសភា​អឺរ៉ុប ទៅកាន់​គណៈកម្មការ​អឺរ៉ុប​ដើម្បី​ពិនិត្យ​​មើល​ការដាក់​សម្ពោធ លើ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោយ​តុលាការ​កំពូល​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ចាប់ខ្លួន​លោក កឹម សុខា មេបក្ស​ប្រឆាំង ពាក់ព័ន្ធ​ទោស​ក្បត់ជាតិ​នោះ​។​
​ ​
​គួរ​ឲ្យ​ដឹងផង​ដែរ​ថា សហភាព​អឺរ៉ុប​គឺ​ទីផ្សារ​ដ៏​ធំ​និង​សំខាន់បំផុត​សម្រាប់​ទំនិញ​របស់​កម្ពុ​ជា ដោយ​ប្រទេស​នេះ​បាន​អនុគ្រោះ​ពន្ធ​នាំចូល​​ដល់​កម្ពុជា​។ ទំនិញ​ដែល​កម្ពុជា​នាំ​ចេញទៅ​អឺរ៉ុប​ភាគច្រើន គឺ​ផលិត​វាយ​ន​ភណ្ឌ អង្ករ និង​ស្ករស រួមទាំង​ផលិត​កសិកម្ម​មួយចំនួនទៀត​។​
​ ​
​បើតាម​របាយការណ៍រ​បស់​ក្រសួងពាណិជ្ជកម្ម បាន​ឲ្យ​ដឹងថា នៅ​ឆ្នាំ​២០១៧ កម្ពុជា​បាន​នាំចេញ​ទំនិញ តាម​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម ដែលមាន​សហភាព​អឺរ៉ុប និង​អាមេរិក​ផងដែរ​នោះ មាន​ទឹកប្រាក់​ចំនួន ៩.៥៥៦.២៧១.០៦៦​ដុល្លារ​អាមេរិក បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០១៦ ដែលមាន​ទឹកប្រាក់​សរុប​ចំនួន ៨.០១៧.៩៧៧.៣៨១ ដុល្លារ​អាមេរិក គឺ​កើនឡើង​ចំនួន​១៩,២២%៕​ដោយៈ​វិបុល​/sn