ការនាំចេញ​របស់​សិង្ហ​បុរី​ធ្លាក់ចុះ​១៦​ភាគរយ នៅពេល​ការដឹកជញ្ជូន​ទៅ​ចិន​ធ្លាក់ចុះ​

493
ចែករម្លែក

ទិន្នន័យ​បានបង្ហាញ​កាលពី​ថ្ងៃ​ចន្ទ​ទី​១៧​មិថុនា​ថា នីហរ័ណ​(​ការនាំចេញ​)​ទំនិញ​ក្នុងស្រុក​មិន​ជា​ផលិតផល​ប្រេង បាន​ធ្លាក់ចុះ​១៥,៩​ភាគរយ​នៅ​ខែ​ឧសភា បើ​ធៀប​នឹង​ការនាំ​​ចេញ​នៅ​ខែ​ដូច​គ្នា​កាលពី​ឆ្នាំមុន ដែល​នេះ​ជា​ការធ្លាក់​ចុះ​ធំ​បំផុត​គិត​ចាប់តាំងពី​ខែ​មីនា​ឆ្នាំ​២០១៦ មួយ​ផ្នែក​ដោយសារតែ​ការធ្លាក់​ចុះ​យ៉ាងគំហុក​នៃ​ការដឹកជញ្ជូន​ទំនិញ​តាម​​កប៉ាល់​ទៅកាន់​ចិន​ដីគោក​។​

​ទោះជា​យ៉ាងណា ការធ្លាក់​ចុះ​នៅ​ទាប​ជាង​ការព្យាករណ៍​របស់​ពួក​អ្នកសេដ្ឋកិច្ច​ដែល​ថា​វា​មាន​ជាង​១៦,៥​ភាគរយ តែ​វា​នៅ​ខ្ពស់​ជាង​ការធ្លាក់ចុះ​១០​ភាគរយ​កាលពី​ខែ​មេសា នៅ​​ពេល​សេដ្ឋកិច្ច​របស់​ប្រទេស​បែប​ជា​ទីក្រុង​នេះ បន្ត​តស៊ូ​នឹង​កំណើន​ខ្សោយ​របស់​សកលលោក​។​

​ជេ​ហ្វ ង៉ អ្នក​សេដ្ឋកិច្ច​នៅ​ក្រុមហ៊ុន​Continuum Economics​បាន​កត់សំគាល់ថា សិង្ហ​បុរី​បាន​នាំ​ចេញ​ផលិតផល​សំរេច​ភាគ​ច្រើន​ទៅកាន់​ចិន​តែ​បច្ចុប្បន្ន​តំរូវការ​ផលិតផល​​ដូច្នេះ​នៅ​ចិន​មាន​កំរិត​ទាប​។​

​សូមបញ្ជាក់​ថា កាលពី​ខែ​មុន​សិង្ហ​បុរី​បាន​កាត់បន្ថយ​ការព្យាករណ៍​កំណើនសេដ្ឋកិច្ច​ឆ្នាំ​២០១៩ មក​នៅត្រឹម​១,៥​ទៅ​២,៥​ភាគរយ ក្រោយ​ពី​កំណើន​បាន​ធ្លាក់​ទាប​បំផុត​ក្នុង​រយៈពេល​​មួយ​ទសវត្សរ៍​នៅ​ត្រីមាស​ទី​១​នៃ​ឆ្នាំ​២០១៩ ៕​ដោយ​៖​វាសនា​

នាវា​ដឹក​ទំនិញ​នាំ​ចេញ​នៅ​កំពង់ផែ​សិង្ហ​បុរី​