ការបង្កើត​សមាគម​ក្រុមប្រឹក្សា​ស្រុក​ក្រុង​ឃុំ​សង្កាត់​ពិតជា​មាន​សារសំខាន់​ក្នុង​កិច្ច​អភិវឌ្ឍ​សមត្ថភាព​

251
ចែករម្លែក

ដោយ​: បូកគោ / កែប​: សមាគម​ក្រុមប្រឹក្សា​ស្រុក​ក្រុង ឃុំ​សង្កាត់​ដែល​បាន​បង្កើតឡើង​ពិត​ជាមាន​តួនាទី​សំខាន់​ក្នុងការ​បង្កើន​សមត្ថភាព​ដល់​សមាជិក​ក្រុមប្រឹក្សា​របស់ខ្លួន ដើម្បី​ការពារ​ផលប្រយោជន៍​ស្របច្បាប់​។​

​ក្នុង​ពិធី​បិទ​មហាសន្និបាត​អាណត្តិ​ទី​៣ សមាគម​ក្រុមប្រឹក្សា​ស្រុក​ក្រុង ឃុំ​សង្កាត់ នៅ​សាលប្រជុំ​សាលាខេត្ត​កែប នា​រសៀល​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៩ លោក​កែន ស​ត្ថា អភិបាលខេត្ត​កែប​បាន​មានប្រសាសន៍ថា​សមាគម​ក្រុមប្រឹក្សា​ស្រុក​ក្រុង ឃុំ​សង្កាត់​ដែល​ត្រូវបាន​បង្កើតឡើង​ពិត​ជាមាន​គោលដៅ​លើកកម្ពស់​ឋានៈ និង​អភិវឌ្ឍន៍​សមត្ថភាព​ចំពោះ​ក្រុមប្រឹក្សា​ស្រុក​ក្រុង ឃុំ​សង្កាត់​ជា​សមាជិក ព្រមទាំង​ការពារ​ផលប្រយោជន៍ ក៏ដូចជា គុណប្រយោជន៍​ស្របច្បាប់​របស់​សមាជិក​។ រដ្ឋបាលខេត្ត​កែប​មានសង្ឃឹម និង​ជឿជាក់ថា​ថ្នាក់ដឹកនាំ​សមាគម នេះ​នឹង​ខិតខំ​ប្រឹងប្រែង​អនុវត្ត​តួនាទី​ដើម្បី​នាំមក​នូវ​សមិទ្ធផល​ថ្មីៗ​បន្ថែមទៀត​ជូន​ដល់​សមាជិក​របស់ខ្លួន​។​

​លោក​អភិបាលខេត្ត​បាន​បន្តថា តាម​ការសិក្សា​របស់​សាកលវិទ្យាល័យ​អ៊ុយ​ម៉ា​នៃ​ប្រទេស​ស៊ុយអែត​បានឱ្យដឹងថា នាពេល​បច្ចុប្បន្ន ប្រទេស​ចំនួន​១១៥ លើ​ពិភពលោក​មាន​សមាគម​អាជ្ញាធរ​មូលដ្ឋាន ឬ​សមាគម​ទីក្រុង ក្នុងប្រទេស​របស់ខ្លួន​។ តួនាទី និង​ភារកិច្ច​នៃ​សមាគម​ក្រុមប្រឹក្សា​ថ្នាក់ក្រោម​ជាតិ​ដែល​ត្រូវបាន​ទទួលស្គាល់​ជា សកល រួមមាន សមាគម​ជា​មជ្ឈមណ្ឌល​ចងក្រង​ឯកសារ និង​ប្រមូលផ្តុំ​ព័ត៌មាន​ពី​ក្រុមប្រឹក្សា​ថ្នាក់ក្រោម​ជាតិ ហើយក៏​ជា​វេទិកា​សម្រាប់​ផ្សព្វផ្សាយ និង​ចែករំលែក​ព័ត៌មាន គោលនយោបាយ ច្បាប់ លិខិតបទដ្ឋាន ព្រមទាំង​គោលការណ៍​ណែនាំ​ផ្សេងៗ​របស់​រដ្ឋាភិបាល​ដល់​ក្រុមប្រឹក្សា​ដែលជា​សមាជិក​របស់ខ្លួន​។

​លោក កែន ស​ត្ថា បាន​បន្ថែមថា សមាគម​ក្រុមប្រឹក្សា​ក៏​ជា​យាន​សម្រាប់​ពាំនាំ​បញ្ហា​ប្រឈម​នានា​របស់​ក្រុមប្រឹក្សា​ថ្នាក់ក្រោម​ជាតិ​ដើម្បី​ជម្រាបជូន​រដ្ឋាភិបាល​ក្នុង​បំណង​ស្វែងរក​ដំណោះស្រាយ​រួម​។ លើសពីនេះ សមាគម​ជា​សំឡេង​ដ៏​រឹងមាំ​របស់​ក្រុមប្រឹក្សា​ក្នុងការ​ស្វែងរក​ការគាំទ្រ និង​កិច្ចការពារ​ផលប្រយោជន៍​រួម​នៃ​ក្រុមប្រឹក្សា​ថ្នាក់ក្រោម​ជាតិ​ផងដែរ​។

​លោក​អភិបាលខេត្ត​បានបញ្ជាក់​ទៀតថា​សមាគម​ក្រុមប្រឹក្សា​ក៏​ជា​អ្នកផ្តល់​សេវា​ពិគ្រោះ​យោបល់ និង​ការកសាង​សមត្ថភាព​ចំពោះ​សមាជិក​របស់ខ្លួន​ដែលជា​ក្រុមប្រឹក្សា​ថ្នាក់ក្រោម​ជាតិ​។ ម្យ៉ាងទៀត សមាគម​ក្រុមប្រឹក្សា​ស្រុក​ក្រុង ឃុំ​សង្កត់​ជា​យន្តការ​សម្រាប់​ឱ្យ​ក្រុមប្រឹក្សា​ថ្នាក់ក្រោម​ជាតិ​ចែក​រំ​ល​ឬែ​ក​ចំណេះដឹង មេរៀន និង​បទពិសោធន៍​ល្អៗ​ទាក់ទិន​ជាមួយ​អភិបាលកិច្ច ការងារ​អភិវឌ្ឍន៍​មូលដ្ឋាន និង​ការផ្តល់សេវា​ដែលមាន​ប្រសិទ្ធភាព​ដល់​ប្រជាពលរដ្ឋ​ទៀតផង​៕ ល​