ការបង្រៀន «​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​នៅ​កម្ពុជា ១៩៧៥-១៩៧៩» និង​ ​ការអប់រំ​ពី​អំពើ​ប្រល័យពូជសាសន៍ គឺជា​ការទប់ស្កាត់​អំពើ​ប្រល័យពូជសាសន៍​

294
ចែករម្លែក
  • 22
    Shares
រូប​រាប់​ពីឆ្វេង​ទៅ​ស្តាំ​៖ លោកស្រី ទន់ សា​អ៊ី​ម អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា និង​សាស្ត្រាចារ្យ មី​ល​តុ​ន អស្ប​ន អ្នក​សេរ​សេរ​សៀវភៅ​អំពើ​ប្រល័យពូជសាសន៍​នៅ​កម្ពុជា ចូលរួម​ជា​គណអធិបតី​នៅ​ថ្ងៃ​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី «​អំពើ​ប្រល័យពូជសាសន៍ និង​ការសម្លាប់​រង្គាល​នៅក្នុង​ប្រវត្តិសាស្ត្រ​សកលលោក នៅ​វិចិត្រសាល​សហ​សម័យ​វិទ្យាស្ថាន​ស្លឹករឹត ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០១៩​។ (​រូបថត​៖ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)​

ដោយ:សូ ហ្វា​រី​ណា​/​ភ្នំពេញៈ​ក្រសួង​អប់រំ​យុវជន​និង​កីឡា សហការ​ជាមួយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា រៀបចំ​វគ្គ​បណ្តុះបណ្តាល​សម្រាប់​សាស្ត្រាចារ្យ​កម្រិត​សាកលវិទ្យាល័យ ដែល​ផ្តោត​សំខាន់​លើ «​អំពើ​ប្រល័យពូជសាសន៍​និង​ការសម្លាប់​រង្គាល​នៅក្នុង​ប្រវត្តិសាស្ត្រ​សកលលោក​»​។​


​ការ​ជ្រើស​យក​ខែមេសា​ដើម្បី​រៀបចំ​វគ្គ​បណ្តុះបណ្តាល​នេះ​គឺ​ដើម្បី​រំឭក​ការចងចាំ​អំពើ​កាប់សម្លាប់ និង​អំពើ​ប្រល័យពូជសាសន៍​ដែល​កើតមាន​ជាស​កល ដូចជា​ប្រទេស​អា​មេ​នី អំពើ​ប្រល័យពូជសាសន៍​បានកើត​ឡើង​នៅ​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​១៩១៥ ប្រទេស​កម្ពុជា កងទ័ព​ខ្មែ​ក្រហម​បាន​ជម្លៀស​ប្រជាជន​ចេញពី​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥, ប្រទេសរ​វ៉ាន់ដា មានការ​សម្លាប់​រង្គាល​ជនជាតិ​ទុ​ត​ស៊ី នៅ​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​១៩៩៤​។ ខែមេសា ទៀតសោត ត្រូវបាន​អង្គការសហប្រជាជាតិ​ជ្រើស​យក​ជា​ថ្ងៃ​រំឭក​ខួប​អំពើ​ប្រល័យពូជសាសន៍ និង​ការសម្លាប់​រង្គាល​សម្រាប់​ប្រទេសរ​វ៉ាន់ដា​។ (​លោកនាយក ឆាំង យុ ក៏ត្រូវ​បាន​អញ្ជើញ​ចូលរួម​កម្មវិធី​នេះ​នៅ​ប្រទេសរ​វ៉ាន់ដា ប៉ុន្តែ​មិនអាច​ចូលរួមបាន​ដោយសារ​មាន​កម្មវិធី​នៅថ្ងៃនេះ​ដែរ​)​។​

លោកគ្រូ​-​អ្នកគ្រូ និង​សាស្ត្រាចារ្យ ពិភាក្សា​លើ​ប្រធានបទ​អំពើ​ប្រល័យពូជសាសន៍​នៅក្នុង​វគ្គ​បណ្តុះបណ្តាល​ស្តីពី «​អំពើ​ប្រល័យពូជសាសន៍ និង​ការសម្លាប់​រង្គាល​នៅក្នុង​ប្រវត្តិសាស្ត្រ​សកលលោក ពីថ្ងៃ​ទី​៣ ដល់​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០១៩ នៅ​វិចិត្រសាល​សហ​សម័យ​វិទ្យាស្ថាន​ស្លឹករឹត​។ (​រូបថត​៖ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)​


​វគ្គ​បណ្តុះបណ្តាល​ថ្ងៃនេះ​មានការ​ចូលរួម​ពី​សំណាក់ លោក​-​លោកស្រី​សាស្ត្រាចារ្យ​ចំនួន​៥០​រូប តំណាង​ឲ្យ​សកល​វិទ្យាល័យ​ចំនួន​៥០ លោកនាយក​គរុកោសល្យ​ភូមិភាគ​ទាំង​៦ លោកគ្រូ អ្នកគ្រូ​ថ្នាក់ជាតិ លោកគ្រូ អ្នកគ្រូ ដែល​កំពុង​សរសេរ​សាច់​រឿង​ចេញពី​ភូមិ ព្រមទាំង​វាគ្មិន​ជាតិ និង​អន្តរជាតិ​ដែលមាន​បទពិសោធន៍​ជាច្រើន​ឆ្នាំ​។ វគ្គ​បណ្តុះបណ្តាល​នេះ គឺជា​សកម្មភាព​មួយ​ក្នុងចំណោម​សកម្មភាព​ជាច្រើន​ទៀត ដែល​បាន​រៀបចំឡើង​តាំងពី​ឆ្នាំ​២០១០ ដែល​ក្រោយមក​ត្រូវ​បានស្នើ​ឡើងជា​គម្រោង​សំណង​នៃ​សំណុំរឿង​០០២ វគ្គ​២ ហើយ​ទទួលស្គាល់​ដោយ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​។ គម្រោង​សំណង​នេះ​មាន​ឈ្មោះថា “​ការអប់រំ​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម តាមរយៈ​ការបណ្តុះបណ្តាល​លោកគ្រូ​អ្នកគ្រូ និង​លោក លោកស្រី​សាស្ត្រាចារ្យ​”​។ គម្រោង​នេះ​ទទួលបាន​ការឧបត្ថម្ភ​ជា​ថវិកា​មកពី​សហភាព​អី​រ៉ុ​ប​ប្រចាំ​នៅ​កម្ពុជា និង​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍន៍​អន្តរជាតិ​។​


​នេះ​ជា​វគ្គ​បណ្តុះបណ្តាល​សាស្ត្រាចារ្យ​លើក​ទី​៣ ដែល​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា និង​ក្រសួង​អប់រំ​យុវជន​និង​កីឡា​រៀបចំឡើង​។ វគ្គ​បណ្តុះបណ្តាល​ពីរលើក​មុនៗ ដែលមាន​ការចូលរួម​ពី​លោក​-​លោកស្រី​សាស្ត្រ​ចា​រ្យ​ចំនួន ២០០​នាក់ ផ្តោតលើ​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ (​ខ្មែរក្រហម​) និង​ការបញ្ជ្រាប​ខ្លឹមសារ​ប្រវត្តិសាស្ត្រ និង​វិធីសាស្ត្រ​បង្រៀន​ទៅក្នុង​មុខវិជ្ជា​ប្រវត្តិសាស្ត្រ មុខវិជ្ជា​ខេ​មរ​សិក្សា និង​មុខវិជ្ជា​ភូមិវិទ្យា​នៅ​កម្រិត​សាកលវិទ្យាល័យ ។​
​វគ្គ​បណ្តុះបណ្តាល​ដែល​នឹង​ប្រព្រឹត្តិ​ទៅនេះ គឺ​ផ្តោតលើ​ការសិក្សា​បែប​ប្រៀបធៀប ដោយមាន​ការរួមបញ្ចូល ប្រទេស​យ៉ាងហោចណាស់​ចំនួន​៤​ទៀត ដែល​ធ្លាប់បាន​ឆ្លងកាត់​ជម្លោះ អំពើ​ប្រល័យពូជសាសន៍ និង​ការសម្លាប់​រង្គាល ដែល​ស្រដៀង​នឹង​ប្រទេស​កម្ពុជា​ដែរ មានដូចជា ប្រទេស​អា​មេ​នី ប្រទេស​អាល្លឺម៉ង់ ប្រទេស​បូ​ស្នី និង​ប្រទេសរ​វ៉ាន់ដា​។ ប្រទេស​អា​មេ​នី​ជា​ប្រទេស​ដំបូង​ដែល​កើតមាន​អំពើ​ប្រល័យពូជសាសន៍​នៅក្នុង​សតវត្សរ៍​ទី​២០​គឺ​នៅ​ឆ្នាំ​១៩១៥ ប្រសិនបើ​គិត​មកដល់​បច្ចុប្បន្ន​គឺមាន​រយៈពេល ១០៤​ឆ្នាំ​ហើយ​។

លោកគ្រូ​-​អ្នកគ្រូ និង​សាស្ត្រាចារ្យ​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ស្តីពី «​អំពើ​ប្រល័យពូជសាសន៍ និង​ការសម្លាប់​រង្គាល​នៅក្នុង​ប្រវត្តិសាស្ត្រ​សកលលោក ពីថ្ងៃ​ទី​៣ ដល់​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០១៩ នៅ​វិចិត្រសាល​សហ​សម័យ​វិទ្យាស្ថាន​ស្លឹករឹត​។ (​រូបថត​៖ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)​


​ប្រទេស​ទាំង​៥​នេះ លើកលែងតែ​ប្រទេស​អា​មេ​នី គឺ​បាននិងកំពុង​ធ្វើការ​ជំនុំជម្រះ​ទោស​អតីត​មេដឹកនាំ​ជាន់ខ្ពស់​ទាំងឡាយ​ដែល​បាន​ប្រព្រឹត្ត​អំពើ​ប្រល័យពូជសាសន៍ និង​ការសម្លាប់​រង្គាល​ប្រជាជន ព្រមទាំង​ប្រើប្រាស់​វិធី​មួយចំនួនទៀត​ដើម្បី​ការចងចាំ និង​ផ្សះផ្សា​ជាតិ​។ សៀវភៅ​បែប​ប្រៀបធៀប​នេះ និពន្ធ​ដោយ​អ្នកស្រាវជ្រាវ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា និង​ត្រួតពិនិត្យ​និង​កែសម្រួល​ដោយ​អ្នកជំនាញ​ប្រវត្តិសាស្ត្រ​ជាតិ​និង​អន្តរជាតិ​។ សៀវភៅ​នេះ​ទៀតសោត បាន​នឹង​កំពុង​ត្រួតពិនិត្យ ដោយ​គណៈកម្មការ​ស្រាវជ្រាវ​និង​កំណែទម្រង់​មុខវិជ្ជា​ប្រវត្តិសាស្ត្រ របស់​ក្រសួង​អប់រំ យុវជន​និង​កីឡា ក្នុង ការដាក់បញ្ចូល​ផ្នែក​ខ្លះទៅ​ក្នុង​មុខវិជ្ជា​ប្រវត្តិសាស្ត្រ​សកលលោក​។​


​វគ្គ​បណ្តុះបណ្តាល​នេះ​មាន​គោលបំណង​ធំៗ​ចំនួន​៤​គឺ ១.​ពង្រីក និង ពង្រឹងសមត្ថភាព​លោក​លោកស្រី​សាស្ត្រាចារ្យ​ដើម្បី​អាច​យកទៅ​បញ្ជ្រាប​ឬ​បង្រៀន​ទាំងស្រុង​នៅក្នុង​កម្ម វិធី​បង្រៀន​នៅឯ​សកលវិទ្យា​ល័យ ឲ្យ​មាន​ប្រសិទ្ធភាព​។​២.​ស្វែងរក​ការដោះស្រាយ​សំណួរ​លំបាកៗ​មួយចំនួន ដែល​សួរ​ជា​ញឹកញាប់​។ ដូច្នេះ ការអញ្ជើញ​ចូលរួម​របស់​វាគ្មិន​ដែល​ធ្លាប់ធ្វើ​ការស្រាវជ្រាវ ធ្លាប់​ជួប​ហេតុការណ៍​ផ្ទាល់ ឬ​ជា​សាមី​ប្រទេស​ផ្ទាល់ អាច​បកស្រាយ​សំណួរ​ទាំងនេះ​បាន​។​៣.​ជំរុញ​ឲ្យ​មានការ​ទទួលស្គាល់ ការឈឺចាប់ ការ​ទទួលរង​របស់​ជនរងគ្រោះ និង​កាត់បន្ថយ​អារម្មណ៍​ឯកោ និង​ភាពជា​ជនរងគ្រោះ​តែម្នាក់ឯង​របស់​ប្រជាជន​កម្ពុជា ដោយសារ​មាន​មនុស្ស​ជាច្រើន​ជា​ទៀត ដែលជា​ជនរងគ្រោះ​ដោយ​អំពី​ប្រល័យពូជសាសន៍ និង​ការកាប់សម្លាប់​ទ្រង់ទ្រាយ​ធំ​។​៤.​ជំរុញ​ឲ្យ​មានការ​ចងចាំ តាមរយៈ​ការបង្រៀន ការពិភាក្សា ការចែករំលែក​សាច់រឿង​របស់​អ្នក​រស់រានមានជីវិត ដើម​បណ្តឹងរដ្ឋប្បវេណី ដើម្បី​ចូលរួម​ទប់ស្កាត់ កុំ​ឳ្យ​របប​ខ្មែរក្រហម​ឬ​ការកាប់សម្លាប់​កើតមាន​នៅលើ​ទឹកដី​កម្ពុជា និង​នៅក្នុង​ពិភពលោក​។​


​លោក​លោកស្រី​សាស្ត្រាចារ្យ​នឹង​ទទួលបាន​ចំណេះដឹង​បន្ថែម ហើយ​ចូលរួម​ពិភាក្សា​យ៉ាង​ផុសផុល ដោយសារ​លោក​លោកស្រី​សាស្ត្រាចារ្យ​មានបទពិសោធន៍​បង្រៀន​ជាច្រើន​ឆ្នាំ ហើយ​ធ្លាប់បាន​ឆ្លងកាត់​របប​ខ្មែរក្រហម​ផ្ទាល់ ឬ​មាន​ឪពុកម្តាយ​ធ្លាប់​ឆ្លងកាត់ និង​ទទួលរង​គ្រោះ​ក្រោម​របប​ខ្មែរក្រហម​។ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា និង​ក្រសួង​អប់រំ​យុវជន​និង​កីឡា នឹង​នៅតែ​ផ្តល់​ការគាំទ្រ​ផ្នែក​ឯកសារ​និង​បច្ចេកទេស ប្រសិនបើ​លោក​លោកស្រី​សាស្ត្រាចារ្យ​ត្រូវការ​នៅពេល​បង្រៀន​។​

លោកគ្រូ​-​អ្នកគ្រូ សាស្ត្រាចារ្យ វាគ្មិន បុគ្គលិក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា និង​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ ថតរូប​ជុំគ្នា​នៅខាងមុខ​វិចិត្រសាល​សហ​សម័យ​វិទ្យាស្ថាន​ស្លឹករឹត ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០១៩​។ (​រូបថត​៖ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)​


​កម្មវិធី​នេះ​គឺជា​ផ្នែក​មួយ​នៃ​គម្រោង​អប់រំ​អំពើ​ប្រល័យពូជសាសន៍​នៅ​កម្ពុជា ដែលមាន​ការសហការ​ណ៍រ​វាង​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា និង​ក្រសួង​អប់រំ​យុវជន និង​កីឡា​។ កិច្ចការ​សំខាន់ៗ​ជាច្រើន​ទៀត​រួមមានៈ​ការបណ្តុះបណ្តាល​លោកគ្រូ​អ្នកគ្រូ​ថ្នាក់មូលដ្ឋាន​សម្រាប់​មុខវិជ្ជា​ប្រវត្តិសាស្ត្រ សីលធម៌​ពលរដ្ឋ ខេ​មរ​សិក្សា និង​ភូមិវិទ្យា និង​តាម​គរុកោសល្យ​ភូមិភាគ​ទាំង​៦​ដែល​រហូតមក​ដល់ពេលនេះ​គឺមាន​ចំនួន​ប្រមាណ​ជាង ៣០០០​នាក់ មកពី​ខេត្ត​ក្រុង​ក្នុងប្រទេស​កម្ពុជា​។​ការបណ្តុះបណ្តាល​គរុ​សិស្ស​និស្សិត ប្រមាណ​ជាង ២០០​នាក់ ជា​រៀងរាល់ឆ្នាំ​។​ការស្រាវជ្រាវ​និង ចងក្រង​ប្រវត្តិសាស្ត្រ​ភូមិ ការបង្កើត​ឲ្យ​មាន​មជ្ឈមណ្ឌល​ឯកសារ​នៅតាម​ភូមិភាគ ដែលមាន​មូលដ្ឋាន​នៅក្នុង​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​ទាំង​៦​។ បច្ចុប្បន្ន​គឺមាន​មជ្ឈមណ្ឌល​ឯកសារ​ភូមិភាគ​បូព៌ា​ខេត្តព្រៃវែង​។ វេទិកា​អប់រំ​សាធារណៈ និង​វេទិកា​តាម​ថ្នាក់រៀន ដែល​ក្រុមការងារ​បាន​ទៅដល់​វិទ្យាល័យ​៣៨​រួចមកហើយ​។​ការដាក់​ដំឡើង​ពាក្យស្លោក​ទប់ស្កាត់​អំពើ​ប្រល័យពូជសាសន៍​នៅតាម​វិទ្យាល័យ​នានា ។​ការបន្ថែម​ព័ត៌មាន​អំពី​ព្រឹត្តិការណ៍​ថ្មីៗ ទាក់ទង​នឹង​ប្រវត្តិ​មេដឹកនាំ​ខ្មែរក្រហម​និង​ដំណើរ​វិវឌ្ឍន៍​របស់​អង្គជំនុំជម្រះ​វិសាមញ្ញ​នៅក្នុង​តុលាការ​កម្ពុជា ទៅក្នុង​សៀវភៅ «​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ​(១៩៧៥-១៩៧៩)»​និង​ការបោះពុម្ព​សៀវភៅ​នេះ​ឡើងវិញ ដើម្បី​ជួយ​សម្រួល​ដល់​ការបង្រៀន និង​រៀន​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ ១៩៧៥-១៩៧៩៕SRN