ការបណ្តុះបណ្តាលធនធានមនុស្ស របស់វិស័យឯកជន កំពុងទទួលបានការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ

389
ចែករម្លែក

ដោយ:អង្គរតូច/សៀមរាប ៖ លោក ហួត គង់យូរ នាយកប្រតិបត្តិសាលាអន្តរជាតិភ្យូឆឺរប្រាយ ( FBIS ) បានលើកឡើងថា ការបណ្តុះបណ្តាលធនធានមនុស្ស ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ជាខ្លាំង នេះជាហេតុផល ដែលអនុញ្ញាតិឲ្យមានសាលាឯកជន។

លោកបានលើកឡើងទៀតថា ជាការពិត សមិទ្ធផលដែលកើតចេញដោយការចូលរួមនោះ វាពិតជាបានបង្ហាញឲ្យឃើញថា ការវិនិយោគក្នុងវិស័យអប់រំរបស់វិស័យឯកជន ពិតជាផលិតបាននូវធនធានមនុស្ស ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលប្រាកដ​មែន ។

លោកនាយកប្រតិបត្តិសាលា FBIS លើកឡើងនេះគឺ នៅក្នុងអង្គសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី១៤ខែតុលា ស្តីពីជ័យលាភីរបស់សិស្ស ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៨-២០១៩ ដែលនៅក្នុងសម័យប្រឡងនោះ សាលា FBIS មានសិស្សជាបេក្ខជន-បេក្ខនារីសារុបចំនួន ១២៦នាក់ ក្នុងនោះសិស្សប្រឡងជាប់មានចំនួន ១២៣នាក់ ស្មើនឹង ៩៨% ហើយសិស្សនិទ្ទេស A មានចំនួន ៨នាក់ សិស្សនិទ្ទេស B ១៨នាក់ សិស្សនិទ្ទេស C ៣៦នាក់ និទ្ទេសD៤០នាក់ និង និទ្ទេសC២១នាក់ ។

លោកបញ្ជាក់ថា ការរៀបចំឲ្យមានសន្និសីទសារព័ត៌មាននេះ គឺស្ថិតក្នុងបំណង ផ្តល់ឱកាស​សម្រាប់ឲ្យសិស្សទទួលជ័យលាភីនិទ្ទេស A បានចែករំលែកបទពិសោធន៍របស់ខ្លួនទៅដល់សិស្សប្អូនដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០១៩-​២០២០ ខាងមុខ ។ ក៏ជាបំណងដ៏សំខាន់ផងដែរ កម្មវិធីនេះគឺដើម្បីលើកទឹកចិត្តសម្រាប់សិស្សជ័យលាភីទាំងនេះ រួមមានសិស្សនិទ្ទេស A ទាំង ៨រូប ទទួលបានរង្វាន់កុំព្យូទ័រ ម្នាក់១គ្រឿង និងប័ណ្ណសរសើរ១សន្លឹក ដោយឡែកសិស្សនិទ្ទេស B និង C ទទួលបានប័ណ្ណសរសើរម្នាក់១សន្លឹក ផងដែរ ។

គួររំលឹកឡើងវិញផងដែរថា កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩កន្លងទៅ សិស្សជ័យលាភីនិទ្ទេស A ទូទាំងប្រទេស នាសម័យប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០១៨-២០១៩ មានកិត្តិយសបានជួបផ្ទាល់ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជា​ណាចក្រកម្ពុជា ក្នុងពិធីសំណេះសំណាលដ៏ធំមួយនៅរាជធានីភ្នំពេញ ដែលជាសក្ខីភាពនៃការលើកទឹកចិត្តដ៏សំខាន់ សម្រាប់ការខិតខំរៀនសូត្ររបស់សិស្ស ដែលជាអនាគតធនធានមនុស្សប្រកបដោយគុណភាព លើមាគ៌ានៃការអភិវឌ្ឍប្រទេសជាតិ៕B/