ការបណ្តុះបណ្តាល​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ​ដល់​លោកគ្រូ​អ្នកគ្រូ​នៅ​សាលា​ចំណេះ​ទូទៅ នៅតែមាន​សារសំខាន់ ទោះ​មុខវិជ្ជា​នេះ​មិនមែនជា​មុខ​វិ​ជា្ជ​ឯកទេស​

2827
ចែករម្លែក

ដោយ​: អ៊ុន សុដាវី និង ដា​រ៉ា​រដ្ឋ មេត្តា អ្នកសរសេរ​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត​
ភ្នំពេញ​: អស់​រយៈពេល​ប្រហែល​ជាង​មួយ​ទសវត្សរ៍​កន្លងមកហើយ ដែល​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​សហការ​ជាមួយ​ក្រសួង​អប់រំ​យុវជន និង កីឡា ដើម្បី​អនុវត្ត​កម្មវិធីសិក្សា​គោល​ស្តីពី​ការស្រាវជ្រាវ និង​អប់រំ​ពី​អំពើ​ប្រល័យពូជសាសន៍​នៅ​កម្ពុជា ដល់​គ្រូបង្រៀន​ផ្នែក​ប្រវត្តិសាស្ត្រ​ថ្នាក់មធ្យមសិក្សា គរុ​សិស្ស​នៅ​តា​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​ទាំង​៦ គរុ​និស្សិត​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ សាស្ត្រាចារ្យ​នៅតាម​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​សាធារណៈ​និង​ឯកជន សម្រាប់​ឆ្នាំ​សិក្សា​មូលដ្ឋាន​នៅ​ទូទាំងប្រទេស​កម្ពុជា​។ កន្លងមក ដើម្បី​ពង្រីក​កម្មវិធី​អប់រំ​ពី​អំពើ​ប្រល័យពូជសាសន៍​ឲ្យ​បាន​ទូលំទូលាយ ក្រសួង​អប់រំ និង​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បានធ្វើការ​ជ្រើសរើស​គ្រូបង្រៀន​មុខវិជ្ជា​សង្គម សីលធម៌ ពលរដ្ឋ និង​អក្សរសាស្ត្រ​ខ្មែរ មក​ចូលរួម​វគ្គ​បណ្តុះបណ្តាល​នេះ​បន្ថែមទៀត​។​

​កម្មវិធី​អប់រំ​ពី​អំពើ​ប្រល័យពូជសាសន៍​ត្រូវបាន​បន្ត​រហូតមកដល់​បច្ចុប្បន្ន ហើយ​នៅពេល​ថ្មីៗ​នេះ ក្រសួង​អប់រំ​យុវជន និង កីឡា សហការ​ជាមួយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បានរៀបចំ​សិក្ខាសាលា​មួយ​ស្តីពី “​ការបញ្ជ្រាប​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)” ដល់ គរុ​សិស្ស​ឆ្នាំ​ទី​១​និង​ទី​២ នៃ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​ព្រៃវែង ចំនួន ៦២​នាក់ មកពី​ខេត្តស្វាយរៀង និង​ខេត្តព្រៃវែង ដែល​មិនមែនជា​គ្រូបង្រៀន​មុខវិជ្ជា​ឯកទេស​ប្រវត្តិវិទ្យា​។

​លោក ផេង ពង្ស​រ៉ាស៊ី នាយក​កម្មវិធី​អប់រំ​ពី​អំពើ​ប្រល័យពូជសាសន៍​បាន​មានប្រសាសន៍ថា ការរៀបចំ​សិក្ខាសាលា​ស្ដីពី “​ការបញ្ជ្រាប​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ​” នេះ​ឡើង​ក្នុង​គោលបំណង អភិវឌ្ឍ​ចំណេះដឹង​របស់​គរុ​សិស្ស​-​និស្សិត អំពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ បង្កើន​សមត្ថភាព​ក្នុងការ​បង្រៀន​ពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ ទៅកាន់​ក្មេងៗ​ជំនាន់​ក្រោយ និង​ជា​កត្តា​មួយ​ជំរុញ​ឲ្យ​មានការ​ពិភាក្សា​លើ​ប្រវត្តិសាស្ត្រ​ដ៏​សោកសៅ​ក្នុងប្រទេស​កម្ពុជា​។ ការបណ្តុះបណ្តាល​នេះ គឺ​មិន​ត្រឹមតែ​ផ្តល់​សារៈសំខាន់​ចំពោះ​ការអប់រំ​ពី​អំពើ​ប្រល័យពូជសាសន៍​នៅ​កម្ពុជា​តែប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​វា​ជាការ​បណ្តុះបណ្តាល​មួយ​ជំរុញ​ឲ្យ​មាន​សក្តានុពល​ថ្មី នៅក្នុង​វិជ្ជាជីវៈ​បង្រៀន​ពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជា​ធិ​តេ​យ្យ​នៅ​គ្រប់​សាលារៀន​ទាំងអស់ ក្នុងប្រទេស​កម្ពុជា​។

​ទោះបីយ៉ាងណា លោក​បាន​បន្តថា ការអប់រំ​ពី​អំពើ​ល័យ​ពូជសាសន៍​នេះ​មិន​សំដៅ​តែ​ទៅលើ​គ្រូបង្រៀន​ប្រវត្តិសាស្ត្រ​ទេ ជាក់ស្តែង​សិក្ខាសាលា​ស្តីពី “​ការបញ្ជ្រាប​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)” ដែល​រៀបចំ​ធ្វើ​ទី​ថ្ងៃទី​២៤ ដល់​ថ្ងៃ​២៦ ខែកក្កដា ឆ្នាំ​២០១៨ នេះ គឺ​មានតែ​គ្រូអក្សរ​សាស្ត្រ​អង់គ្លេស និង​វិទ្យាសាស្ត្រ​កំ​ព្យូ័​រ ដែល​សុទ្ធតែ​មិនមែន​មុខវិជ្ជា​ឯកទេស ចូលរួម​។ លោក​បាន​បន្ថែមថា ការងារ​សំខាន់​សម្រាប់​គម្រោង​នេះ គឺ​ធ្វើ​យ៉ាង​ផ្សព្វផ្សាយ​ពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​ឲ្យ​បាន​ជ្រួតជ្រាប​ទៅដល់​សាធារណជន សិស្ស លោកគ្រូ​-​អ្នកគ្រូ តាមរយៈ​ការបណ្តុះបណ្តាល​ដែលមាន​ឯកសារ​ត្រឹមត្រូវ មាន​សៀវភៅ​ណែនាំ​សម្រាប់​គ្រូបង្រៀន និង​មាន​កាលវិភាគ​ច្បាស់លាស់ រួមទាំង​វិធីសាស្ត្រ​បង្រៀន​ថ្មី​។​

​ឈាន វណ្ណៈ​ស្រី​ម៉ៅ ជា​គរុ​និស្សិត​ឆ្នាំ​ទី​១ ផ្នែក​វិទ្យាសាស្ត្រ​កំ​ព្យូ​ទ័​រ មកពី​ស្រុក​កំពង់លាវ ខេត្តព្រៃវែង បាន​ឲ្យ​ដឹងថា “​ពេល​មក​រៀន​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​នេះ គាត់​មានការ​ពិបាក​យល់​ខ្លះ ដូចជា​ការប្រើប្រាស់​ពាក្យ អង្គការ និង ខ្មាំង ដែល​គាត់​មិន​ធ្លាប់​ឮ​។ គាត់​គ្រាន់តែ​ឮ​ចាស់​និយាយថា លំបាក តែ​មិនបាន​រៀន​ស៊ីជម្រៅ​ដូច​ការសិក្សា​ថ្ងៃនេះ​ទេ​”​។

​វណ្ណៈ​ស្រី​ម៉ៅ បាន​បន្តថា “​បន្ទាប់ពី​វគ្គ​បណ្តុះបណ្តាល​នេះ គាត់​អាច​ចែករំលែក​អ្វីដែល​ខ្ញុំ​បាន​រៀន​នៅទីនេះ ទោះបី​ខ្ញុំ​រៀន​ខាង​វិទ្យាសាស្ត្រ​កំ​ព្យូ​ទ័​រ​ក៏ដោយ​។ ឧទាហរណ៍ នៅ​ចុង​ម៉ោង​១០ ទៅ​១៥ នាទី គាត់​អាច​និយាយ​ទៅកាន់​សិស្ស​ពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម ដោយ​ប្រៀបធៀប​ជាមួយ​សម័យ​បច្ចុប្បន្ន ហើយ​ម្យ៉ាងទៀត​គាត់​នឹង​ឲ្យ​សិស្ស​មើល​ខ្សែភាពយន្ត​ឯកសារ​ដែល​ទាក់ទង​ទៅនឹង​ប្រវត្តិ សាស្ត្រ​ខ្មែរក្រហម​”​។

​នី ស្រី​ណេ ជា​គរុ​សិស្ស​នៃ​មជ្ឈមណ្ឌល​សិក្សា​ភូមិភាគ​ខេត្តព្រៃវែង ឯកទេស​ភាសា​អង់គ្លេស និង​ភាសា​ខ្មែរ ឆ្នាំ​ទី​១​។ កាលពី​ដំបូង ស្រី​ណេ ធ្លាប់បាន​យល់ដឹង​អំពី​របប​ខ្មែរក្រហម​តាមរយៈ​ឪពុកម្តាយ និង​តាមរយៈ​ការសិក្សា​។ ស្រី​ណេ បាន​រៀបរាប់ថា នៅពេលដែល​គាត់​មាន​កំហុស​អ្វីមួយ ឪពុកម្តាយ​ខ្ញុំ​តែងតែ​យក​រឿងរ៉ាវ​ដែល​បាន​កើតឡើង​ក្នុងសម័យ​ខ្មែរក្រហម​យកមក​ណែនាំ​ដល់​គាត់​។ ស្រី​ណេ បាន​បន្ថែមថា មូល​ហេតុដែល​បណ្តាល​ឲ្យ​គាត់​ចូលរួម​កម្មវិធី​ការអប់រំ​នៃ​អំពើ​ប្រល័យពូជសាសន៍​នៅថ្ងៃនេះ ពីព្រោះ​គាត់​ចង់​ស្វែងយល់​បន្ថែម​ឲ្យ​បាន​ច្បាស់ និង​ចង់​ស្វែងយល់​អំពី​ព្រឹត្តិការណ៍​ដែល​បាន​កើតឡើង​ក្នុងសម័យ​ខ្មែរក្រហម ថា​តើ​បាន​កើតឡើង​យ៉ាងដូចម្តេច​?

​ស្រី​ណេ បាន​បញ្ចេញ​នូវ​មតិ​ផ្ទាល់ខ្លួន​ថា កម្មវិធី​អប់រំ​នៃ​អំពើ​ប្រល័យពូជសាសន៍​ថ្ងៃនេះ គឺ​ពិត​ជាមាន​សារសំខាន់​ចំពោះ​គរុ​សិស្ស ក៏ដូចជា​ខ្លួន​គាត់​ផ្ទាល់ ព្រោះ​នៅ​ថ្ងៃ​ខាងមុខ គាត់ និង​គរុ​សិស្ស នឹង​ក្លាយជា​គ្រូបង្រៀន ហើយ​ចំណេះដឹង​ដែល​គាត់​ទទួលបាន​នៅថ្ងៃនេះ គាត់​នឹង​យកទៅ​ចែករំលែក​ដល់​សិស្ស​របស់គាត់​។ មិនតែប៉ុណ្ណោះ ស្រី​ណេ ពិត​ជាមាន​អារម្មណ៍​ត្រេកអរ​ដែល​បាន​មានឱកាស​ចូលរួម​កម្ម​វិធី​អប់រំ​នៃ​អំពើ​ប្រល័យពូជសាសន៍​នៅថ្ងៃនេះ ហើយ​គាត់​ក៏​ចង់​ឲ្យ​មាន​កម្មវិធី​បែបនេះ​តទៅទៀត ពីព្រោះ​គាត់​ចង់​ឲ្យ​សិស្ស​ជំនាន់​ក្រោយ​ក្រោយៗ​ទៀត​មានឱកាស​សិក្សា​ស្វែងយល់​អំពី​ការអប់រំ​នៃ​អំពើ​ប្រល័យពូជសាសន៍​ដូចជា​រូបគាត់​ដែរ​។​

​កែវ វឌ្ឍនៈ ជា​គរុ​សិស្ស​នៃ​មជ្ឈមណ្ឌល​សិក្សា​ភូមិភាគ​ខេត្តព្រៃវែង ឆ្នាំ​ទី​២ ឯកទេស​ភាសា​អង់​គេ្ល​ស​។ វឌ្ឍនៈ ធ្លាប់បាន​យល់ដឹង​ពី​សម័យ​ខ្មែរក្រហម តាមរយៈ​ការអាន​សៀវភៅ​ដែលមាន​ពាក់ព័ន្ធ​នឹង​សម័យ​ខ្មែរក្រហម​ជាច្រើន ជាពិសេស​សៀវភៅ​ដែលមាន​ចំណងជើង​ថា «​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ​» ដែលមាន​នៅក្នុង​បណ្ណាល័យ​ដែល​គាត់​កំពុង​សិក្សា​។ វឌ្ឍនៈ ក៏បាន​បន្ថែមថា ចំពោះ​ខ្លួន​គាត់​ផ្ទាល់​ពិតជា​មាន​ចំណាប់អារម្មណ៍​យ៉ាងខ្លាំង​ចំពោះ​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ ដោយ​គាត់​យល់ឃើញថា វា​គឺជា​ប្រវត្តិសាស្ត្រ​មួយ​ដែល​ទើបតែ​កន្លងផុត​ថ្មីៗ ដូច្នេះ​សម្រាប់​គាត់ ក៏ដូចជា​ក្មេងជំនាន់ក្រោយ​ទៀត គួរតែ​ស្វែងយល់​ឲ្យ​បាន​ច្បាស់​អំពី​ប្រវត្តិសាស្ត្រ​របស់ខ្លួន​ដែល​បាន​កើតឡើង​។

​វឌ្ឍនៈ បាន​រៀបរាប់ថា គាត់​ពិតជា​មាន​អារម្មណ៍​សប្បាយរីករាយ​ខ្លាំងណាស់ ដែល​បាន​ចូលរួម​វគ្គ​សិក្សា​ស្តីពី​ការអប់រំ​នៃ​អំពើ​ប្រល័យពូជសាសន៍​ថ្ងៃនេះ ព្រោះ​គាត់​ចង់​ស្វែងយល់​ឲ្យ​បាន​ស៊ីជម្រៅ​ជាង​នេះ និង​ចង់​ទទួលបាន​ឯកសារ​ខ្មែរក្រហម​ខ្លះៗ ដើម្បី​ធ្វើការ​ស្វែងយល់​បន្ថែមទៀត​។ វឌ្ឍនៈ បាន​បញ្ជាក់ថា នៅពេល​គាត់​ទទួលបាន​ចំណេះ​ពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​កាន់តែច្បាស់ គាត់​នឹង​យកចំណេះ​ទាំងនេះ យកទៅ​ចែករំលែក​ដល់​សិស្ស​របស់គាត់ ដើម្បី​ឲ្យ​យល់​ពី​មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​របប​ខ្មែរក្រហម និង​ត្រូវ​ស្វែងយល់ថា តើ​របប​ខ្មែរក្រហម​បានផ្តល់​ផលប៉ះពាល់ និង​បាត់បង់​អ្វីខ្លះ​ក្នុងប្រទេស​កម្ពុជា​។ វឌ្ឍនៈ បាន​បន្តថា វគ្គ​សិក្សា​ស្តីពី​ការអប់រំ​នៃ​អំពើ​ប្រល័យពូជសាសន៍​ថ្ងៃនេះ វា​ពិត​ជាមាន​សារសំខាន់​ខ្លាំងណាស់​សម្រាប់​ខ្លួន​គាត់ ក៏ដូចជា​គរុ​សិស្ស​ដែល​បាន​ចូលរួម​។ មិនតែប៉ុណ្ណោះ វឌ្ឍនៈ បានស្នើ​សុំ ឲ្យ​មាន​វគ្គ​សិក្សា​ស្តីពី​ការអប់រំ​នៃ​អំពើ​ប្រល័យពូជសាសន៍​បែបនេះ​រៀបចំឡើង​រយៈពេល​យូរ​ជាង​នេះ ព្រោះ​គាត់​យល់ថា ព្រឹត្តិការណ៍​ដែល​បាន​កើតឡើង​ក្នុង​របប​ខ្មែរក្រហម​មាន​រយៈពេល​៣​ឆ្នាំ ៨​ខែ ២០​ថ្ងៃ ដូច្នេះ​យើង​មិនអាច​សិក្សា​ត្រឹមតែ​រយៈពេល​បី​ថ្ងៃ​បានឡើយ​។​

​នៅក្នុង​កំឡុង​ឆ្នាំ​១៩៧៥ ដល់ ឆ្នាំ​១៩៧៩ ប្រទេស​កម្ពុជា បាន​ធ្លាក់ចូល​ក្នុង​របប​គ្រប់គ្រង​ដ៏​ឃោរឃៅ​មួយ​ហៅថា​របប​ខ្មែរក្រហម​។ របប​នេះ បានធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​ប្រហែល​២​លាន​នាក់ បាន​បាត់​បង់ជីវិត​យ៉ាង​អយុត្តិធម៌​។ ទោះជា​យ៉ាងនេះ​ក្ដី បន្ទាប់ពី​ការដួលរលំ​នៃ​របប​ខ្មែរក្រហម ប្រទេស​កម្ពុជា បាន​កំពុង​ព្យាយាម​ដោះស្រាយ​វិបត្តិ​អតីតកាល​របស់ខ្លួន តាមរយៈ​ការបង្រៀន​ពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម ទៅកាន់​គ្រូបង្រៀន​និង សិស្សានុសិស្ស ក្នុង​គោលបំណង​លើកកម្ពស់​ឲ្យ​មានការ​ចងចាំ យុត្តិធម៌ និង​ការផ្សះផ្សា​នាពេល​អនាគត​។ លើសពីនេះ ការសិក្សា​អំពី​ប្រវត្តិសាស្ត្រ គឺ​ដើម្បី​រារាំង​នូវ​ការកើតឡើង​ម្ដងទៀត ដែលមាន​ភាពស្រដៀងគ្នា​នាពេល​អនាគត​៕ ល​