ចំពោះមនុស្សជាច្រើន ដោយគ្រាន់តែគិតដល់ការបរិភោគពពួកសត្វល្អិតប៉ុណ្ណោះ ក៏អាចធ្វើឲ្យពួកគេខ្ពើមរអើមចង់ក្អួត, ប៉ុន្តែ ជាក់ស្តែងសត្វល្អិតផ្តល់គុណប្រយោជន៍ជាច្រើនចំពោះសុខភាព ។
តាមការពិសោធន៍ថ្មីមួយរបស់សកលវិទ្យាល័យ វីសខុនស៊ីន ម៉ាឌីសុន នៅសហរដ្ឋអាមេរិក បានឲ្យដឹងថា ការបរិភោគចង្រិតអាចមានឥទ្ធិពលសកម្មដល់សុខភាពផ្លូវពោះវៀន និងបន្ថយរលាកក្នុងសរីរាង្គ ។
បណ្ឌិត វាឡឺរី ស្តុល ( Valerie Stull) នៅវិទ្យាស្ថានស្រាវជ្រាវបរិស្ថានចំណុះសកលវិទ្យាល័យ នេះ និងជាអ្នកដឹកនាំការស្រាវជ្រាវបានឲ្យដឹងថា «បច្ចុប្បន្ន គេកំពុងយកចិត្តទុកដាក់ដល់ពពួកសត្វល្អិតបរិភោគបាន ។ និន្នាការនេះនៅអឺរ៉ុប និងអាមេរិក ត្រូវបានយល់ដូចជាការស្វែងរកប្រភពប្រូតេអ៊ីនមួយរឹងមាំ, ស្និទ្ធស្នាលជាមួយបរិស្ថាន ប្រៀបនឹងសត្វចិញ្ចឹមជាប្រពៃណី» ។
ការស្រាវជ្រាវត្រូវបានដំណើរការលើមនុស្សពេញវ័យមានសុខភាពល្អ ២០ នាក់ មានអាយុពី ១៨ ទៅ ៤៨ ឆ្នាំ ក្នុងរយៈពេល ៦ សប្តាហ៍ ដើម្បីវាយតម្លៃឥទ្ធិពលរបស់ការបរិភោគម្សៅចង្រឹត ។
លទ្ធផល ទោះបីពួកអ្នកចូលរួមពុំមានការប្រែប្រួលច្រើនអំពីផ្លូវរំលាយអាហារ តែមានការកើននូវប្រភេទបាក់តេរីធម្មជាតិ មានប្រយោជន៍មួយប្រភេទ សម្រាប់ផ្លូវពោះវៀន ។ ក្រៅពីនេះ គេបានរកឃើញការថយចុះបរិមាណ TNF-alpha, ប្រូតេអ៊ីនបង្ករលាកក្នុងឈាមមួយពាក់ព័ន្ធដល់ជំងឺធ្លាក់ទឹកចិត្ត និងមហារីក ៕ ប្រែសម្រួល: រតនៈ