ការបាត់បង់​សម្តេច​រាជបុត្រី​ព្រះរៀម នរោត្តម ជាការ​បាត់បង់​ដ៏​ធំធេង​នូវ​ធនធាន​របស់​ជាតិ​

208
ចែករម្លែក

សម្តេច​រាជបុត្រី​ព្រះរៀម នរោត្តម បុប្ផា​ទេវី ឧ​ត្ត​ម​ទីប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​សមាជិក ក្រុមប្រឹក្សាធម្មនុញ្ញ បាន​សុគតនៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ វេលា​ម៉ោង ១២:៣០ ដោយ​ព្រះរោគាពាធ ក្នុង​ព្រះ​ជន្មាយុ ៧៧​ព្រះវស្សា​។ ព្រះ​សព​របស់​សម្តេច​រាជបុត្រី​ព្រះរៀម​តម្កល់ ធ្វើបុណ្យ​តាម​ព្រះ​បវេណី និង​ព្រះពុទ្ធសាសនា នៅក្នុង​វត្ត​បទុម​វ​តី រាជធានី​ភ្នំពេញ​។​
​ ​
​នៅពេល​ទទួលដំណឹង​ពី​ការ​សោយ​ទិវង្គត​របស់​សម្តេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី ភ្លាម សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ថ្វាយ​សារលិខិត​ទូលថ្វាយ​សម្តេច ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ នា​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៩​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​សម្តេច​កិ​ត្រិ​ព្រឹទ្ធ​បណ្ឌិត បាន​ព្រះ​បរម​រាជានុញ្ញាត ចូលរួម​រំលែក​ព្រះ​មរណទុក្ខ ដោយ​ក្តី​សង្វេគ សោកស្តាយ ស្រណោះ​អាឡោះអាល័យ​ស្ទើរ រក​ទីបំផុត​គ្មាន ព្រោះ​ការបាត់បង់ សម្តេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី គឺជា​ការបាត់បង់ដ៏​ធំធេង​បំផុត​នូវ​តួអង្គ​ពហុ​ជំនាញ​ក្នុង​វិស័យ​វប្បធម៌ អរិយធម៌​ជាតិខ្មែរ ជា​ដួងព្រលឹង​រឹងមាំ​ខ្លាំងក្លា ។ ពិសេស​តាំងពី​សម័យ​សង្គមរាស្ត្រ និយម​ដ៏​ឧត្តុង្គឧត្តម ដែលមាន​ព្រះរាជ​បុត្រី អង្គ​ព្រះមហាក្សត្រ​ដ៏​ឆ្នើម ព្រះនាម នរោត្តម បុប្ផា​ទេវី ដ៏​ស្រស់​ល្វន់​ល្វៃ ទ្រង់​ពេញ​ព្រះ​ហឫទ័យ​នឹង​នាដកា ជា​អង្គ​តួឯក​របាំ​អប្សរា លើកតម្កើង​វប្បធម៌​ពណ្ណរាយ​ជាតិ ថ្កើងថ្កាន​ល្បីល្បាញ​រន្ទឺ​ទូទាំង​សកលលោក​។​
​ ​
​បន្តម​កនៅ​រសៀល​ថ្ងៃទី​១៨ ខែវិច្ឆិកា នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កីឡាករ កីឡាការិនី​កម្ពុជា ដែល​ត្រៀម​ទៅ​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម នៅ​ប្រទេស​ហ្វីលីពីន សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសកំណត់​យក​ថ្ងៃទី​២០ ខែវិច្ឆិកា ជា​ថ្ងៃ​កាន់ទុក្ខ​ទូទាំងប្រទេស ចំពោះ​ការ​សោយ​ទិវង្គត​របស់​សម្តេច​រាជបុត្រី​ព្រះរៀម នរោត្តម បុប្ផា​ទេវី ដោយ​តម្រូវ ឲ្យ​គ្រប់​ស្ថាប័ន​មន្ទីរ​អង្គភាព​ទាំងអស់​របស់​រដ្ឋ​និង​ឯកជន​ត្រូវតែ​បង្ហូតទង់ជាតិ​ពាក់កណ្ដាល​ដង​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់​ជាថ្មី​ថា ការបាត់បង់​សម្តេច​រាជបុត្រី​ព្រះរៀម នរោត្តម បុប្ផា​ទេវី គឺជា​ការបាត់បង់​ធនធានមនុស្ស​រស់​ដ៏​សំខាន់បំផុត​របស់​ជាតិ ដែល​ក្នុង​មួយជីវិត​របស់​ព្រះអង្គ បាន​លះបង់ ដើម្បី​តែ​ការលើកស្ទួយ​វិស័យ​វប្បធម៌​ជាតិ​។​

​សម្តេច​តេ​ជោ ក៏​នឹង​អញ្ជើញ​ដឹកនាំ​ប្រតិភូ​រាជរដ្ឋាភិបាល​ចូល​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​សព សម្ដេច​រាជបុត្រី​ព្រះរៀម នរោត្តម បុប្ផា​ទេវី នៅ​ល្ងាច​ថ្ងៃទី​២០ ខែវិច្ឆិកា ផងដែរ​។​
​ ​
​ដោយឡែក នៅក្នុង​សារ​រំលែក​ព្រះរាជ​មរណទុក្ខ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​លើកឡើង​ថា «​ទេព​នាថ​វ​ដ្តី​ឯក នរោត្តម បុប្ផា​ទេវី គឺជា​ព្រឹទ្ធាចារ្យ​សិល្បៈ​មួយអង្គ​ដ៏​ល្បីល្បាញ​មិន​ត្រឹមតែ​ក្នុ​ងរង្វង់​ថ្នាក់ជាតិ​ប៉ុណ្ណោះ​ទេ ព្រះនាម​របស់​ព្រះអង្គ បាន​សាយភាយ​រន្ទឺ​ពេញ​ទូទាំង​សាកលលោក ជាពិសេស​លើ​វិស័យ​សិល្បៈ​របាំ​បុរាណ​ខ្មែរ​។ ព្រះអង្គ ក៏​ជា​អតីត​អ្នកដឹកនាំ​លើ​វិស័យ វប្បធម៌​ជាតិ​ផងដែរ ក្នុងនាម​ជា​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក្នុង​អាណត្តិ​ទី​២ នៃ​រាជរដ្ឋាភិបាល​កម្ពុជា​»​។​
​ ​
​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បន្តថា «​ស្នា​ព្រះ​ហ​ស្ដ​របស់​ព្រះអង្គ បានរួម​ចំណែក​យ៉ាងសកម្ម ក្នុងការ​អភិរក្ស និង​អភិវឌ្ឍ​ន៍អត្តសញ្ញាណ​ជាតិ និង​វិស័យ​សិ​ល្បៈវប្បធម៌​ខ្មែរ ជាអាទិ៍​ក្នុង​អាណត្តិ ជា​រដ្ឋមន្ត្រី ព្រះអង្គ​ទ្រង់​បាន​បូជា​កម្លាំងកាយ​ចិត្ត ចាត់ចែង​រៀបចំ​ឯកសារ​ចុះបញ្ជី «​របាំ​ព្រះរាជទ្រព្យ​» ខ្មែរ ជា​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ នា​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០០៣​។ ការយាង​ចូល​ព្រះ​ទិវង្គត​របស់​ព្រះអង្គ គឺជា​ការបាត់បង់​នូវ​ធនធាន​មត៌ក​មនុស្ស​រស់​របស់​ជាតិ ដ៏​ធំធេង និង​គួរ​ជាទី​សោកស្តាយ​រក​អ្វី​ប្រៀបផ្ទឹម​ពុំបាន​ឡើយ​»​។
​ ​
​ប្រសូត​នៅ​ថ្ងៃទី​៨ ខែមករា ឆ្នាំ​១៩៤៣ នៅ​រាជធានី​ភ្នំពេញ សម្ដេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី ជា​ព្រះរៀម​រួម​ព្រះ​មាតា​ជាមួយ​សម្ដេចក្រុមព្រះ ន​រោ​ត្ដម រណឫទ្ធិ​។ ព្រះអង្គ​ទាំងពីរ​អង្គ ជា​ព្រះរាជបុត្រ​របស់​សម្តេច​ព្រះ នរោត្តម សីហនុ និង​អ្នក​ម្នាង ផាត់ កា​ញ៉ុ​ល ដែលជា​នាដកា​រី (​អ្នករាំ​របាំ​ព្រះរាជ​ទ្រព្យ​)​។​

​ចាប់តាំងពី​ព្រះជន្ម ៥​ព្រះវស្សា សម្តេច​រាជបុត្រី​ព្រះរៀម នរោត្តម បុប្ផា​ទេវី ទ្រង់​បាន​ហាត់រៀន របាំ​ព្រះរាជ​ទ្រព្យ​ផ្ទាល់​ពី​សម្ដេចព្រះ​មហាក្សត្រី​យា​នី ស៊ីសុវត្ថិ មុនី​វង្ស​កុ​សមៈ​នារីរតន៍ សិរី​វ​ឌ្ឍ​នា ដែលជា​ព្រះ​អយ្យការ (​ជីដូន​) នៅក្នុង​ព្រះបរមរាជវាំង រហូត​ចេះ​ចាំ និង​ក្លាយជា​តួឯក ក្នុងការសម្ដែង នៅក្នុង​ទសវត្សរ៍ ៦០​។ ព្រះអង្គ បាន​ក្លាយជា​នាដកា​រី​ដ៏​ប៉ិនប្រសប់ ក្នុង​ព្រះជន្ម​១៥ ព្រះវស្សា និង​បានទទួល​ងារ​ជា «​នាដកា​រី​ឯក​» ក្នុង​ព្រះជន្ម ១៨​ព្រះវស្សា​។​

​ព្រះរាជ​ជីវប្រវត្តិ​សង្ខេប បង្ហាញថា សម្តេច​រាជបុត្រី​ព្រះរៀម នរោត្តម បុប្ផា​ទេវី នៅ​ចន្លោះ​ឆ្នាំ ១៩៦៥ ដល់​ឆ្នាំ​១៩៧០ ព្រះអង្គ ជា​សាស្ត្រាចារ្យ​របាំ​បុរាណ និង​វប្បធម៌​។ ចាប់ពី​ឆ្នាំ​១៩៩១ ដល់​ឆ្នាំ​១៩៩៣ ព្រះអង្គជា​រដ្ឋមន្ដ្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។ នៅ​ឆ្នាំ​១៩៩៣ ដល់​ឆ្នាំ ១៩៩៨ សម្តេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី ជាទី​ប្រឹក្សា​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិ​ល្បៈ។ នៅ​ឆ្នាំ​១៩៩៣ ដល់​ឆ្នាំ​១៩៩៧ ព្រះអង្គ ជា​អនុប្រធាន​កាកបាទក្រហមកម្ពុជា​។

​នៅ​ឆ្នាំ​១៩៩៩ ដល់​ឆ្នាំ​២០០៤ សម្តេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី ជា​រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ​។ ទ្រង់ បាន​ក្លាយជា​សមាជិក​ព្រឹទ្ធសភា ពី​ឆ្នាំ​២០០៤ ដល់​ឆ្នាំ​២០១៦ និង​ជាមួយគ្នានេះ​ជា​សមាជិក​កិត្តិយស នៃ​សិល្បៈ​របាំ​អន្តរជាតិ​ពិភពលោក CID ។ ព្រះអង្គ ជា​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​នៅ​ឆ្នាំ​២០១៦ ជា​សមាជិក នៃ​ក្រុមប្រឹក្សា​រដ្ឋធម្មនុញ្ញ រហូតដល់​បច្ចុប្បន្ន​។

​នៅ​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​១៩៩៤ ព្រះអង្គ​ត្រូវបាន​ដំឡើង​គោរមងារ​ជា «​សម្ដេច​រាជបុត្រី​ព្រះរៀម​» ហើយ​នៅ​ខែមករា ឆ្នាំ​២០១៣ ព្រះអង្គ បានទទួល​តំណែង​ជា «​ទេព​នាថ​វ​ដ្តី​ឯក​» តាមរយៈ​ព្រះ រាជក្រឹត្យ ស្ដីពីការតែងតាំង​មត៌ក​មនុ​ស្សរស់ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​សម្ដេច​រាជបុត្រី​ព្រះរៀម នរោត្តម បុប្ផា​ទេវី ត្រូវជា​ព្រះរៀម​បង្កើត​មាតា​ទីទៃ​នៃ​ព្រះករុណា ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត និង​ត្រូវជា​ព្រះរៀម​បង្កើត នៃ​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ​។

​ព្រះអង្គ មាន​ព្រះ​បុត្រាបុត្រី​ចំនួន ៥​អង្គ គឺ មួយ​. ព្រះអង្គម្ចាស់​ក្ស​ត្រី ស៊ីសុវត្ថិ មុនី​កូ​ស្ស​ម៉ា ប្រសូត ឆ្នាំ​១៩៦០ ,​ពីរ​. ព្រះអង្គម្ចាស់​ក្ស​ត្រី ស៊ីសុវត្ថិ កល្យាណ​ទេវី ប្រសូត​ឆ្នាំ​១៩៦១, បី​. អ្នកអង្គម្ចាស់ ក្ស​ត្រី នរោត្តម ចាន់​ស៊ី​តា ប្រសូត​ឆ្នាំ​១៩៦៥ ,​បួន​. ព្រះអង្គ ម្ចាស់ ស៊ីសុវត្ថិ ជី​វ័​ន្ត​ណា​រិ​ទ្ធ ប្រសូត​ឆ្នាំ ១៩៦៨ និង​ប្រាំ​. ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ វី​ជ្ជ​រ៉ា​វុ​ឌ្ឍ ប្រសូត​ឆ្នាំ​១៩៧៨​។​

​រឿង​រាជ​ឥស្សរិយយស ដែល​ព្រះអង្គ ទទួលបាន រួមមាន ថ្ងៃទី​១៥ មីនា ឆ្នាំ​២០០៦ គ្រឿង ឥស្សរិយយស​ព្រះរាជាណាចក្រ​កម្ពុជា​។ ថ្ងៃទី​២២ តុលា ឆ្នាំ​២០០១ គឿង​ឥស្សរិយយស សម្ដេច​ព្រះមហា​ក្សត្រិយ៍កុសុមៈ នារីរតន៍ សិរី​វ​ឌ្ឍ​នា និង​នៅ​ថ្ងៃទី​១៦ ឧសភា ឆ្នាំ​២០០១ គ្រឿង​ឥស្សរិយ​ស មុនី​សារា​ភ័​ណ្ឌ​។​
​ ​
​ស្នា​ព្រះហស្ត​ដ៏​សំខាន់​របស់​ទ្រង់ គឺ​ការនាំ​ឲ្យ​មានការ​បញ្ចូល​របាំ​ព្រះរាជ​ទ្រព្យ​ចូល​ជា​បេតិកភណ្ឌ វប្បធម៌​អរូបី​នៃ​មនុស្សជាតិ នៅ​អង្គការ​យូណេស្កូ នៅ​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០០៣​។

​សម្តេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី ទេព​នាថ​វ​ដ្តី​ឯក គឺជា​ព្រះ​និមិត្តរូប នៃ​របាំ​ព្រះរាជ ទ្រព្យ​ខ្មែរ ពី​ព្រោះតែ​កាលពី​អតីតកាល ក៏ដូចជា​បច្ចុប្បន្ន ប្រជាជន​ខ្មែរ ដែល​ស្គាល់ ឬឮ​ឈ្មោះ របាំ​ព្រះរាជ​ទ្រព្យ តែងតែ​នឹកឃើញ​ជានិច្ច​ដល់​ព្រះនាម​របស់​ទ្រង់ ដែលជា​អ្នក​សម្តែង​របាំ ដ៏​ប៉ិនប្រសប់​នេះ រួមជាមួយ​សម្រស់​ដ៏​ស្រស់​សោភា​។

​ទោះបីជា​បច្ចុប្បន្ន ព្រះអង្គ មាន​ព្រះជន្ម ៧៧​ព្រះវស្សា និង​ឈប់​សម្តែង​ក្តី​ក៏​ទ្រង់​នៅតែ​បន្ត​រៀបចំ ក្រុម​សម្តែង​របាំ​ព្រះរាជ​ទ្រព្យ ដើម្បី​ផ្សព្វផ្សាយ​ឲ្យ​យុវជន​ជំនាន់​ក្រោយ​បានដឹង និង​ជាពិសេស ផ្សព្វផ្សាយ​នៅលើ​ឆាក​អន្តរជាតិ​៕ ដោយៈ​ម៉េង​ឆៃ​/Ha