ការបាត់បង់​ឧត្តមសេនី​យ៍​ ព្រេ​ម អាច​នាំមក​យុគសម័យ​ថ្មី​សម្រាប់​ថៃ​?

1237
ចែករម្លែក

​ការបាត់បង់​រដ្ឋ​បុរស​និង​អតីត​នាយករដ្ឋមន្ត្រី ព្រេ​ម ទីន​ស៊ូ​ណា​ឡុន ទំនងជា​នឹង​នាំ​មក​យុគ​នយោបាយ​បើកចំហ​ខ្លាំង​ឡើង ដោយ​ងាក​ចេញពី​«​លទ្ធិប្រជាធិបតេយ្យ​បែប​ថៃ​»​និង​ឧត្តមភាព​យោធា​លើ​សង្គម ,​នេះ​បើ​តាម​ពួក​អ្នកវិភាគ​បាន​ចាប់អារម្មណ៍​។​

​លោក​ព្រេម ដែល​ជា​តួអង្គ​នយោបាយ​មាន​ឥទ្ធិពល​បំផុត​របស់​ប្រទេស​អស់​ពេល​ជាង​៤​ទសវត្សរ៍ និង​បាន​បម្រើការ​ជា​មេបញ្ជាការ​ទ័ព នាយករដ្ឋមន្ត្រី​និង​ប្រធាន​ក្រុម​ទីប្រឹក្សា​ព្រះ​​មហាក្សត្រ បាន​ទទួល​មរណភាព​នៅ​អាយុ​៩៨​ឆ្នាំ​កាល​ពី​ថ្ងៃ​២៦​ឧសភា​។​

​ស្ទីថន ថា​ណា​នី​ធី​ចុត អ្នកវិទ្យាសាស្ត្រ​នយោបាយ​នៅ​វិទ្យាស្ថាន​King Prajadhipok​បាន​និយាយថា​ ក្រោយ​ថ្ងៃ​៦​តុលា ឆ្នាំ​១៩៧៦ លោក​ព្រេម ត្រូវបាន​បង្ហាញ​យ៉ាង​ច្បាស់​ជា​«​អ្នក​​មាន​ឥទ្ធិពល​នយោបាយ​»​និង​ជា​ស្ថាបនិក​ម្នាក់​នៃ​«​លទ្ធិប្រជាធិបតេយ្យ​កូនកាត់​»​នៅក្នុង​នយោបាយ​ថៃ​ដែល​បាន​បន្ត​រហូត​ដល់​សម័យ​បច្ចុប្បន្ន​ក្នុងនាម​ជា​«​លទ្ធិប្រជាធិបតេយ្យ​បែប​ថៃ​»​។​

​លោក​បាន​ចាប់អារម្មណ៍​ថា ទោះជា​ពេលខ្លះ​នយោបាយ​ថៃ​ស្ថិត​ក្នុង​ទម្រង់​ប្រជាធិបតេយ្យ​ពិត តែ​វា​បាន​ត្រឡប់​ទៅ​កាន់​លទ្ធិប្រជាធិបតេយ្យ​ថយក្រោយ​មួយ ជា​ពិសេស​ក្រោយ​ការ​​អនុវត្ត​រដ្ឋធម្មនុញ្ញ​សព្វថ្ងៃ​។​

​សូម​រំលឹក​ថា ដោយ​មិន​បាន​ចូលរួម​ក្នុង​យុទ្ធនាការ​បោះឆ្នោត​ឬ​ចូលរួម​ក្នុង​បក្ស​នយោបាយ​ណាមួយ លោក​ព្រេ​មបាន​កាន់​តំណែង​នាយ​ករដ្ឋមន្ត្រី​ដោយសារ​ការគាំទ្រ​ពី​បណ្តា​បក្ស​​នយោបាយ​ចាប់ពី​ឆ្នាំ​១៩៨០​ដល់​១៩៨៨​។​លោក​បាន​ចាកចេញ​ពី​នយោបាយ​និង​ក្រោយមក​ត្រូវបាន​តែងតាំង​ជា​ប្រធាន​ក្រុម​ទីប្រឹក្សា​ព្រះមហាក្សត្រ​និង​រដ្ឋបុរស​នៅ​ឆ្នាំ​១៩៨៨​ តែ​​ប្រជាប្រិយភាព​និង​ឥទ្ធិពល​របស់​លោក​នៅ​បន្ត​ក្នុង​នយោបាយ​ថៃ​។​

​លោក ស្ទីថន ថា​ណា​នី​ធី​ចុត បាន​បន្ថែមថា​« លោក​ជា​និមិត្តរូប​មួយ​។​អ្នក​អាច​មើលឃើញ​ថា​ហេតុអ្វី​បានជា​គ្រប់​នាយករដ្ឋមន្ត្រី​និង​មេបញ្ជាការ​ទ័ព​ទៅ​គោរព​លោក​នៅ​ឱកាស​​ពិសេសៗ​»​។​

​ស្ទីថន បាន​និយាយ​យោង​ដល់​នាយករដ្ឋមន្ត្រី​ថាក់ស៊ីន ស៊ីណា​វ៉ាត គ្រា​នោះ​ដែល​គណបក្ស​ថៃ​រ៉ាក់​ថៃ​របស់​លោក​បាន​ឈ្នះ​បាន​កៅអី​សភា​ភាគច្រើន​ដល់​ទៅ​៣៧៥​ក្នុង​ការបោះ​​ឆ្នោត​ឆ្នាំ​២០០៥ តែ​បាន​សម្រេច​រំលាយ​សភា​នៅ​ឆ្នាំ​២០០៦ ​ក្រោយ​មាន​ជំនួប​មួយ​ជាមួយ​លោក​ព្រេម​។​ពេលនោះ លោក​ថាក់ស៊ីន​បាន​ស្ថិត​ក្រោម​ការ​ឡោម​ទ័ព​ពី​បាតុក​ករ​ក្រុម​អាវ​​លឿង​។​

​ក្នុង​ទស្សនៈ​របស់​លោក លោក​ព្រេម​ជា​បុគ្គល​ដែល​បម្រើ​ជា​ស្ពាន​ឬ​តុល្យភាព​រវាង​ក្រុម​អភិរក្ស​ឬ​ស្ថាប័ន​រាជានិយម និង​ក្រុម​ប្រជាធិបតេយ្យ​សេរីនិយម​។​

​ទី​ទី​ផុល ផាក​ឌី​វ៉ា​នី​ច សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​នៅ​សក​វិទ្យាល័យ Ubon Ratchathani University​បាន​និយាយថា ​ឥទ្ធិពល​និង​តួនាទី​សំខាន់​របស់​ព្រេម​នៅក្នុង​យោធា​​បាន​ជួយ​សង្គម​និង​ប្រជាជន​ឲ្យ​ទទួល​យក​តួនាទី​យោធា​នៅ​ក្នុង​នយោបាយ​ថៃ​។​លោក​ថា​«​ព្រេ​មបាន​តំណាង​ឲ្យឧត្ត​ម​សេនីយ៍​ល្អ​មួយ​រូប​។​ប្រជាប្រិយភាព​របស់​លោក​បាន​ជួយ​ឲ្យ​ប្រជាជន​គោរព​ឬ​ជឿ​លើ​អ្វី​ដែល​លោក​និយាយ​»​។​

​លោក​បាន​បន្ថែមថា ក្រោយពី​លោក​ព្រេម​លាចាក​លោក ចាប់ពី​ឥឡូវ​នេះ​ទៅ ប្រមុខ​យោធា​និង​នាយករដ្ឋមន្ត្រី​ប្រា​យុទ្ធ ចាន​អូ​ចា នឹង​លែងមាន​ខ្នង​បែបនេះ​តទៅ​ទៀត​ដែល​​អាច​ថា​យោធា​នឹង​រលោះ​បាត់​ឥទ្ធិពល​ខ្លះ​។​យោធា​ទោះជា​ឥឡូវ​អាច​ពង្រឹងកម្លាំង​ក្នុង​សភា ហើយ​ប្លុក​គាំទ្រ​យោធា​ទំនងជា​នឹង​បង្កើត​រដ្ឋាភិបាល​មួយ​នា​ពេលខាងមុខ ក៏​ដំណើរ​​ការ​ជាច្រើន​ឆ្ពោះទៅ​កាន់​ការ​វិវឌ្ឍន៍​នៃ​លទ្ធិប្រជាធិបតេយ្យ​នឹង​ស្រួល​ជាង​មុន​។​

​ទី​ទី​ផុល បាន​និយាយថា​«​រដ្ឋាភិបាល​គាំទ្រ​យោធា​នឹងត្រូវ​ត្រួតពិនិត្យ នៅពេល​ក្រុមប្រឆាំង​ខ្លាំង​នៅក្នុង​សភា ហើយ​ប្រជាជន​កាន់តែ​បញ្ចេញ​សំឡេង​ថ្មីៗ​ឬ​ទស្សនវិជ្ជា​ជាក់ស្តែង​នៃ​​លទ្ធិប្រជាធិបតេយ្យ​ពិត​»​។​

​ពួក​អ្នកវិភាគ​បាន​យល់ស្រប​គ្នា​ថា វា​ពិបាក​នឹង​រក​បាន​បុរស​មាន​ប្រជាប្រិយភាព​និង​ទទួលបាន​ការគោរព​ទូទៅ​ដូច​ព្រេម​។​

​យុ​ត​តា​ផន អ៊ី​ស​សា​រ៉ា​ឆៃ អ្នកវិទ្យាសាស្ត្រ​នយោបាយ​នៅសល​វិទ្យាល័យ​Sukhothai Thammathirat Open University​បាន​និយាយថា ​វា​មិន​ងាយស្រួល​ទេ​ក្នុង​សម័យ​ទំនើប​នេះ​​ដែល​បុគ្គល​មាន​ប្រជាប្រិយភាព​ម្នាក់ ដូច​លោក​ព្រេ​មនឹង​លេចធ្លោ​ឡើង​​​ ហើយ​បាន​ការគោរព​ដូច​លោក ដោយសារ​សង្គម​សព្វថ្ងៃ​មាន​សមាសភាព​ចម្រុះ​នៅក្នុង​អំណាច​។​លោក​ថា​«​សង្គម​បានវិវឌ្ឍន៍ ជំនាន់​ថ្មី​នេះ​ឥឡូវ​មាន​មនោគមវិជ្ជា​ផ្ទាល់​របស់​គេ​។​ខ្ញុំ​គិតថា ប្រពៃណី​គោរព​ឬ​ក្រាញ​នៅ​ជាមួយ​បុគ្គល​ជាន់ខ្ពស់​ណា​ម្នាក់​វា​កាន់តែ​សឹក​រិល​ហើយ​»៕​ប្រែ​សម្រួល​​ពី​ដឺ​ណេ​សិន​ដោយ​៖​វាសនា​/Ha