ការបើក​ច្រកព្រំដែន គឺ​ដើម្បី​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និង​ជីវភាព​ប្រជាជន​

1064
ចែករម្លែក
  • 35
    Shares
លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ និង​សម​ភាគី​លោក ផន​ផុ​ច ផេ​ន​ផាត អភិបាលខេត្ត​ស្រះកែវ បាន​ដឹកនាំ​មន្ត្រី​ស៊ីវិល និង​កងកម្លាំង​ចម្រុះ​ចុះ​ប្រជុំ​នៅ​នឹង​វាល​តែម្តង និង​ពិនិត្យ​ទីតាំង​ដែល​ត្រូវ​សង់ស្ពាន​ឆ្លង​អូរ​បី​ជាន់ និង​ទីតាំង​ត្រូវ​បើក​ច្រកទ្វារព្រំដែន​តំបន់​៤៣-​ណូន​ម៉ាក​មុន (​រូប​: ភ្នំ​ស្វាយ​)​

​ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: អភិបាលខេត្ត​ស្រះកែវ​ប្រទេស​ថៃ និង​អភិបាលខេត្ត​បន្ទាយមានជ័យ​ប្រទេស​កម្ពុជា​អះ​អា​ថា ការបើក​ច្រកព្រំដែន​ឲ្យ​បាន​កាន់តែច្រើន គឺ​ដើម្បី​លើកកម្ពស់​ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ មិត្តភាព លុបបំបាត់​វិវាទ​ព្រំដែន និង​ជាពិសេស គឺ​ដើម្បី​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គមកិច្ច ជីវភាព​ប្រជាជន​។​

​លោក ផន​ផុ​ច ផេ​ន​ផាត អភិបាល​ខ​រត្ត​ស្រះកែវ និង​លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ​ថ្លែង​ដូច្នេះ កាលពី​ថ្ងៃទី​២៧ ខែមេសា ស្តីពី​ខ្លឹមសារ​គោលនយោបាយ​រប​ស់រាជ​រដ្ឋាភិបាល​ថៃ ដឹកនាំ​ដោយ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចាន់​អូ​ចា និង​រាជរដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ​ហ៊ុន សែន យ៉ាងនេះ គឺ​ក្នុងពេល​អស់លោក​បាន​ដឹកនាំ​មន្ត្រី​ស៊ីវិល និង​កងកម្លាំង​ចម្រុះ​ចុះ​ប្រជុំ​នៅ​នឹង​វាល​តែម្តង និង​ក៏​ពិនិត្យ​ទីតាំង​ដែល​ត្រូវ​សង់ស្ពាន​ឆ្លង​អូរ​បី​ជាន់ និង​ទីតាំង​ត្រូវ​បើក​ច្រកទ្វារព្រំដែន​តំបន់​៤៣-​ណូន​ម៉ាក​មុន​។​

​លោក ផន​ផុ​ច ផេ​ន​ផាត និង លោក សួន បវរ បាន​ថ្លែងប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ថៃ និង​កម្ពុជា នាពេលនោះ​ថា យោង​ស្មារតី​ខ្លឹមសារ​កិច្ចព្រមព្រៀង នៃ​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​រវាង​រដ្ឋបាល​ខេត្ត​ទាំង​២ កាលពី​ថ្ងៃទី​១​ខែមីនា​ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ​ឥណ្ឌូចិន​មា ស្រុក​អារញ្ញ ខេត្ត​ស្រះកែវ គឺ​ភាគី​ទាំង​បាន​ឯកភាព​យក​ថ្ងៃទី​១​មីនា ឆ្នាំ​២០១៨​នោះ ជា​កាលបរិច្ឆេទ​នៃ​ការបើក​អោយ​ដំណើរការ​ច្រកទ្វារព្រំដែន​តំបន់​៤៣ ស្ថិតនៅ​ភូមិ​ព្រៃ​ចាន់​ឃុំ​អូរ​បី​ជាន់ស្រុក​អូរជ្រៅ​ខេត្តបន្ទាយមានជ័យ ទល់មុខ​ច្រកព្រំដែន​តំបន់​ណូន​ម៉ាក់​មុន​ភូមិ​-​ឃុំ​ណូន​ម៉ាក់​មុន ស្រុក​គោក​ធ្យី​ង ខេត្ត​ស្រះកែវ​។ ច្រកទ្វារ​តំបន់​ពាណិជ្ជ​កម្មនេះ នឹង​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ នៃ​ប្រទេស​ទាំង​២ ចេញ​-​ចូល ជា​បណ្តោះអាសន្ន​។ មន្ត្រី​ជំនាញ​នៃ​ភាគី​ទាំង​២ ត្រូវ​ដំណើរការ​តាម​នីតិវិធី​ឲ្យ​បាន​រួចរាល់​ឲ្យ​បាន​ឆាប់​បំផុត សម្រាប់​ការបើក​ច្រកព្រំដែន​នេះ​ជា​ផ្លូវការ នា​ថ្ងៃទី​២៩​ខែវិច្ឆិកា​ឆ្នាំ​២០១៨ ខាងមុខ​។​

​លោក​បន្តថា ភាគី​ទាំង​២ បាន​ឯកភាព​ឲ្យ​មាន​ការកសាង​ប៉ុស្តិ៍​ត្រូតពិនិត្យ អគារ​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារព្រំដែន និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងទៀត​នៅ​តំបន់​បរិវេណ​ដែល​ត្រូវ​បើក​ច្រកព្រំដែន​។ កិច្ចការ​ទាំងអស់​មិន​ធ្វើ​ឲ្យ​ប្រាសចាក​ពី​ខ្លឹមសារ​ច្បាប់ និង​កិច្ចព្រមព្រៀង​នៃ​ប្រទេស​ទាំង​២​កន្លងមក​ទេ​។ ហើយ​ការបើក​ព្រំដែន​ថ្មី​នេះ ក៏​មិនទាន់​ទទួលស្គាល់​នូវ​ការកំណត់​ខ្សែបន្ទាត់​ព្រំដែន​ប្រទេស​ទាំង​២​ដែរ ដោយ​ការកំណត់​នោះ ស្ថិតនៅលើ​ការសម្រេច​ពី​គណៈកម្មាធិការ​ជាតិ​កិច្ចការ​ព្រំដែន​ប្រទេស​ទាំង​២​។ ឯ​ទីតាំង​ត្រូវ​បើក​ច្រកព្រំដែន​នេះ គ្រាន់​ជា​ទូ​តាំង​បណ្តោះអាសន្ន​ប៉ុណ្ណោះ​។​

​ចំពោះ​លទ្ធផល​នៃ​ការចុះ​ប្រជុំ​នៅ​នឹង​វាល និង​ពិនិត្យ​ទីតាំង​ដែល​ត្រូវ​សង់ស្ពាន​ឆ្លង​អូរ​បី​ជាន់ និង​ទីតាំង​ត្រូវ​បើក​ច្រកទ្វារព្រំដែន​តំបន់​៤៣-​ណូន​ម៉ាក​មុន​នា​ថ្ងៃនេះ ភាគី​ទាំង​២ ខេត្ត​ស្រះកែវ​-​ខេត្តបន្ទាយមានជ័យ បាន​ឯកភាពគ្នា ដូចតទៅ​: ទី​១.​ឯកភាព​រក្សាទុក​ពី​ចំណុច​អ័ក្ស​ព្រំដែន​ចម្ងាយ​១០០​ម​សងខាង​។ ទី​២.​សាងសង់​ស្ពាន​បណ្តោះអាសន្ន រង់ចាំ​ពេលខាងមុខ ទើប​មានការ​កំណត់ព្រំដែន​ពី​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​ប្រទេស​ទាំង​២​។ ទី​៣.​ឯកភាព​ឲ្យ​ត​ភ​ភ្ជាប់​ផ្លូវ​ចេ​ញុ ចូល​ជា​បណ្តោះអាសន្ន ប៉ុន្តែ​មិនមែនជា​ការកំណត់​ព្រំដែន នៃ​ប្រទេស​ទាំង​២​ទេ​។ ទី​៤.​អនុញ្ញាត​ឲ្យ​បង្កើត​ក្រុមការងារ​បច្ចេកទេស​ខេត្ត​ទាំង​២​ធ្វើការ​រួមគ្នា ដើម្បី​រៀបចំ​កិច្ចព្រមព្រៀង ឬ​កំណត់ហេតុ​រួម​ក្នុង​ការឯកភាព​ត្រៀម​បើក​ច្រកព្រំដែន​ជា​ផ្លូវការ រួចហើយ​សុំ​គោលការណ៍​ទៅ​រាជរដ្ឋាភិបាល​ប្រទេស​ទាំង​២ ដើម្បី​ពិនិត្យ​និង​សម្រេច​។ ខាង​ខេត្តបន្ទាយមានជ័យ​មាន លោក លី សារី អភិបាលរង​ខេត្ត​ជា​ប្រធាន​ក្រុមការងារ និង​ខាង​ខេត្ត​ស្រះកែវ មាន​លោក រុន​ណា​រុង ផៅ​ភុល អា​នុ​គុណ អភិបាលរង​ជា​ប្រ​ធន​ក្រុម​។ អំពី​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ជាក់ស្តែង នៅ​តំបន់​ច្រកព្រំដែន​៤៣-​ណូ​ម​ម៉ាក់​មុន វិញ យើង​សង្កេតឃើញថា ខាង​ភាគី​កម្ពុជា មាន​ក្រុមហ៊ុន​សំ​ផាន់​ណា​រឹទ្ធ​ឌឹ​វែ​ល​ឡុ​ម​មេន​ខូ​អិ​ល​ធី​ឌី ដែល​ទទួល​សិទ្ធិ​ពី​អាជ្ញាធរ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​វិនិយោគ​នៅ​ច្រក​នោះ បាន​ស្ថាបនា​ផ្លូវ​ក្រាល​ដី គ្រួស និង​ថ្ម​មិច ទទឹង​៦០​ម ស្មើ​៤​គន្លង​ពី​បំបែក​ផ្លូវជាតិ​លេខ​៥៨ ដល់​កៀក​នឹង​ចំណុច​ត្រូវ​សាងសង់​ស្ពាន​ហើយ​។ បាន​ត​ភ្ជាប់​បណ្តាញ​អគ្គិសនី​។ បាន​ដោះស្រាយ​រួចរាល់​មួយចំនួនធំ នៃ​ផលប៉ះពាល់​ត្រង់​អតីត “​ដី​ខ្មែរ​ស្រែ​ថៃ​”​។​ល​។​

​ឯខាង​ភាគី​ថៃ​វិញ គេ​បាន​ស្ថាបនា​ផ្លូវ​កៅស៊ូ​ត​បណ្តាញ​អគ្គិ​ស នី​និង​ទីតាំង​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ខាង​ពាណិជ​កម្ម​រួចរាល់​។ គេ​បាន​ស្ថាបនា​ផ្លូវ​ក្រាល​ដី​ត​ភ្ជាប់​ពី​ផ្លូវ​កៅស៊ូ ឬ​ហៅ​ផ្លូវ​ខ្មៅ​ឆ្ពោះ​មក​ចំណុច​សាងសង់​ស្ពាន និង​ដោះស្រាយ​ផលប៉ះពាល់ នៃ​ដីស្រែ​ជាមួយ​ពលរដ្ឋ​ថៃ​៕