ការបែងចែក​សំណុំរឿង​មាន​ភាពខុសគ្នា​រវាង​ព្រះរាជអាជ្ញា និង​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​

875
ចែករម្លែក

​ដោយ:ស​រិ​ទ្ធ/​​ភ្នំពេញ ៖ លោក​កែវ សុធា ដែល​ទើប​កាន់តំណែង​ជា​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​នាពេល​ថ្មីៗ​នេះ​បានរៀបចំ​ចាត់ចែង​ឲ្យមាន​ដីកា​ចាត់តាំង​តំណាង​អយ្យការ​ ដើម្បី​ចាត់ការ​សំណុំរឿង​ព្រហ្មទណ្ឌ​ឲ្យស្របតាម​ការបែងចែក​សំណុំ​រឿងនេះ ឲ្យព្រះរាជអាជ្ញារង​នីមួយៗ​តាម​លំដាប់​លេខ​រៀង ​ដើម្បី​ឱ្យមាន​តម្លាភាព​និង​ភាពយុត្តិធម៌ ពិសេស​បង្កើន​សាមគ្គីភាព​ផ្ទៃក្នុងឲ្យកាន់តែ​ប្រសើរឡើង​ថែមទៀត​ស្របតាម​លទ្ធផល​សន្និបាត​បូកសរុប​ការងារ​យុត្តិធម៌​ឆ្នាំ ២០១៧ និង លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៨​របស់​ក្រសួង​យុត្តិធម៌​។​

ចំណែក​លោក​ តាំង ស៊ុន​ឡាយ ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ ពុំបាន​ចាត់ចែង​ការបែងចែក​សំណុំ​រឿងនេះ​ឱ្យមាន​តម្លាភាព​និង​ភាពយុត្តិធម៌​នោះទេ ពោលគឺ​ការបោះ​ត្រា​ចូល​លើ​សំណុំរឿង​រដ្ឋប្បវេណី​មាន​ចុះ​ថ្ងៃខែ​ឆ្នាំ តែ​ពុំមាន​ចុះ​ម៉ោង​ដដែល ដែលជា​ហេតុ​មួយ​ធ្វើអោយ​ការបែងចែក​សំណុំ​រឿងនេះ​ពុំ​អាច​ធ្វើតាម​លំដាប់​លេខ​រៀង​ដែល​បានកំណត់​រួចហើយ​បានទេ ។

​ចំពោះ​ករណីនេះ​លោក​បណ្ឌិត ខាន់ វណ្ណៈ អគ្គាធិការ​នៃ​អគ្គាធិការដ្ឋាន​កិច្ចការ​តុលាការ​ក្រសួងយុត្តិធម៌​ធ្លាប់បាន​បញ្ជាក់​ក្នុង​លិខិត​ចុះ​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ កន្លងទៅ​ជម្រាបជូន​លោក​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ថា យោងតាម​របាយការណ៍​សង្ខេប​ស្តីពី​លទ្ធផល​សន្និបាត​បូកសរុប​ការងារ​យុត្តិធម៌​ឆ្នាំ ២០១៧ និង លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៨​របស់​ក្រសួងយុត្តិធម៌​បានកំណត់​ថា ក្រសួងយុត្តិធម៌​ត្រូវ​បង្កើន​ការត្រួតពិនិត្យ​លើ​ការគ្រប់គ្រង​រដ្ឋបាល​នៃ​ការបែងចែក និង​ការចាត់ការ​សំណុំរឿង​របស់​សាលាដំបូង​រាជធានី ខេត្ត​។ ក្នុង​ស្មារតី​នេះ​ការចុះ​ធ្វើ​អធិការកិច្ច​ជាប្រចាំ​នៅតាម​សាលាដំបូង និង អយ្យការ​អម​សាលាដំបូង​រាជធានី ខេត្ត គឺជា​ការចាំបាច់​ស្របតាម​ស្មារតី​និង​គោលដៅ​នៃ​កម្មវិធី កំណែទម្រង់​ច្បាប់​និង​ប្រ​ព័​ន្ឋ​យុត្តិធម៌​ដើម្បី​ជួយ​អោយ​សម្រេច បាន​នូវ​ការលើក​កំពស់​សេវា​យុត្តិធម៌ តាមរយៈ​ការបង្កើន​ប្រ​សិ​ទ្ឋ​ភាព​ការងារ ក្រមសីលធម៌​និង​វិជ្ជាជីវៈ​របស់​មន្ត្រី​អនុវត្ត​ច្បាប់ ពង្រឹង​ជំនឿ​ទុកចិត្ត​ពី​សាធារណជន​លើ​វិស័យ​យុត្តិធម៌ និង​ប្រ​យុ​ទ្ឋ​ប្រឆាំង​អំពើ​បំពាន ដោយ​អយុត្តិធម៌​នៅក្នុង​សង្គម​ដូច​មានចែង​ក្នុង​យុ​ទ្ឋ​សាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​។​

​ពាក់​ព័​ន្ធ​នឹង​បញ្ហា​ការបែងចែក​សំណុំរឿង​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ និង អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​នាពេល​សព្វថ្ងៃនេះ ក្រុមអ្នកច្បាប់​និង​សាធារណជន​មួយ ចំនួន​យល់ឃើញថា ចំណាត់ការ​បែងចែក​សំណុំរឿង​ព្រហ្មទណ្ឌ​របស់លោក​ កែវ សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​មាន​តម្លាភាព​និង​ភាពយុត្តិធម៌ ពិសេស​បង្កើន​សាមគ្គីភាព​ផ្ទៃក្នុង​ឱ្យ​កាន់តែ​ប្រសើរ​ថែមទៀត ស្របតាម​លទ្ធផល​សន្និបាត​បូកសរុប​ការងារ​យុត្តិធម៌​ឆ្នាំ ២០១៧ និង លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៨​របស់​ក្រសួងយុត្តិធម៌​។

​ដោយឡែក​ចំពោះ​ចំណាត់ការ​បែងចែក​សំណុំរឿង​រដ្ឋប្បវេណី​រប​ស់លោក​តាំង ស៊ុន​ឡាយ ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ ពុំទាន់​មាន​តម្លាភាព​និង​ភាពយុត្តិធម៌​នៅឡើយ​ទេ ដោយសារតែ​ការបោះ​ត្រា​ចូល​លើ​បណ្តឹងរដ្ឋប្បវេណី​មាន​ចុះ​ថ្ងៃខែ​ឆ្នាំ តែ​ពុំមាន​ចុះ​ម៉ោង​ដដែល ដែល​ពុំ​អាចធ្វើឱ្យ​ការបែងចែក​សំណុំរឿង​តាម​លំដាប់​លេខ​រៀង​បាន​រលូន​ឡើយ​។​

​ចំពោះ​ភាពមិនប្រក្រតី​នេះ ​ក្រុម​អ្នកសង្កេតការណ៍​បាន​អះអាងថា លោក​ តាំង ស៊ុន​ឡាយ បានរៀបចំ​ដីកា​សម្រេច​ចាត់តាំង​ចៅក្រម​ឱ្យ​កាន់​សំណុំរឿង​នីមួយៗ​តាម​លំដាប់​លេខ​រៀង​ពីលើ​មកក្រោម​។ ប៉ុន្តែ​នៅមាន​ចន្លោះប្រហោង​ត្រង់ចំណុច​ការបោះ​ត្រា​ចូល​មាន​ការចុះ​ថ្ងៃខែ​ឆ្នាំ តែ​ពុំមាន​ចុះ​ម៉ោង ដែលជា​ហេតុ​ធ្វើអោយ​អ្នកមាន​សិ​ទិ្ឋ​បែងចែក​សំណុំរឿង​អាច​ជ្រើសរើស​រឿង​ល្អៗ​ទុក​ខ្លួនឯង ឬ បក្ខពួក​ខ្លួនឯងបាន ។ ចំណែក​សំណុំរឿង​មិនល្អ​ទើប​បែងចែក​តាម លំដាប់​លេខ​រៀង​ដដែល​។ ក្រុម​អ្នកសង្កេតការណ៍​បាន​ចាត់ទុកថា ចំណាត់ការ​បែបនេះ​គឺជា​ល្បែង​ថ្ពិន​ភ្នែក ពោលគឺ​បើ​មាន​ការចុះ​អធិការកិច្ច​ត្រួតពិនិត្យ​លោក​តាំង ស៊ុន​ឡាយ នឹង​យក ដីកា​សម្រេច​បែងចែក​សំណុំរឿង​តាម​លំដាប់​លេខ​រៀងមក​បង្ហាញ​ដើម្បី​បញ្ជាក់​ពី​តម្លាភាព និង ភាពយុត្តិធម៌ តែ​ធាតុពិត​គឺ​លោក​តាំង ស៊ុន​ឡាយ និង​បក្ខពួក នៅតែ​មានឱកាស​ជ្រើសរើស​សំណុំរឿង​ល្អៗ​ដដែល តាមរយៈ​ការបោះ​ត្រា​ចូល​ពុំមាន​ចុះ​ម៉ោង​នេះ​ព្រោះ​មិនអាច​ដឹងថា​សំណុំរឿង​ណា​ចូល​មុន​ឬ​ចូល​ក្រោយ​ទេ​គឺ​អាស្រ័យ​លើ​លោក​តាំង ស៊ុន​ឡាយ ជា​អ្នកកំណត់​រួច​ទើប​បែងចែក​តាម​លំដាប់​លេខ​រៀង​ជា​ក្រោយ​។​

​ពាក់​ព័​ន្ធនឹង​បញ្ហា​នេះ​ក្រុមអ្នកច្បាប់​និង​សាធារណជន​មួយចំនួន សំណូមពរ​សុំឱ្យ​រដ្ឋ មន្ត្រី​ក្រសួងយុត្តិធម៌ ពិសេស​លោក​បណ្ឌិត ខាន់ វណ្ណៈ ដែល​បានការ​ឯកភាព​ពី​លោក​រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌​អោយ​ចុះ​ធ្វើ​អធិការកិច្ច​តាម​សាលាដំបូង និង អយ្យការ​អម​សាលាដំបូង​រាជធានី ខេត្ត មេត្តា​ពិនិត្យមើល​ការបោះ​ត្រា​ចូល​លើ​ពាក្យបណ្តឹង​ព្រហ្មទណ្ឌ​របស់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដែលមាន​ចុះ​ថ្ងៃខែ​ឆ្នាំ និង​ម៉ោង​ត្រឹមត្រូវ និង ការបោះ​ត្រា​ចូល លើ​ពាក្យ​បណ្តឹងរដ្ឋប្បវេណីរ​បស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែលមាន​ចុះ​ថ្ងៃខែ​ឆ្នាំ តែ​ពុំមាន​ម៉ោង​ត្រឹមត្រូវ​ទេ​៕B/

#