ការបោះឆ្នោតនៅថៃ៖ នាយករដ្ឋមន្ត្រី​ថៃ​ច្រៀង​អួត​អំពី​សមិទ្ធផល​ខ្លួនឯង​ក្នុង​ដំណើរ​ចុះ​មូលដ្ឋាន​

265
ចែករម្លែក

​នាយករដ្ឋមន្ត្រី​បន្តុប​ដោយ​របប​សឹក​របស់​ថៃ កាលពី​ថ្ងៃ​ពុធ​ទី​១៣​មីនា បាន​ច្រៀង​ចំរៀង​មនោសញ្ចេតនា​មួ​យ​និង​បាន​អួត​អំពី​សមិទ្ធផល​របស់​រដ្ឋាភិបាលលោក​ក្នុង​ដំណើរ​​ចុះ​ទៅ​កាន់​ភាគ​ឦសាន​ប្រទេស​នៅ​មុន​ការបោះឆ្នោត​នា​ថ្ងៃ​២៤​មីនា​។​

​លោក​ប្រា​យុទ្ធ ចាន​អូ​ចា បាន​ដឹកនាំ​ធ្វើ​រដ្ឋប្រហារ​កាលពី​ឆ្នាំ​២០១៤ ដើម្បី​បណ្តេញ​រដ្ឋាភិបាល​ចាប់ឆ្នោត​មួយ និង​ពេល​នេះ​កំពុង​ស្វះស្វែង​បន្ត​នៅ​ក្នុង​អំណាច តាម​មធ្យោបាយ​​ស្របច្បាប់​។​

​លោក​បាន​បង្ហាញមុខ​នៅ​ចំពោះ​ហ្វូង​មនុស្ស​រាប់ពាន់​នាក់​ក្នុង​ដំណើរ​មួយ​ដែល​ជា​ផ្នែក​នៃ​ការងារ​ផ្លូវការ​របស់​លោក​។​តែ​ស្ទីល​នៃ​ការចុះ​ជួប​ប្រជាជន​នេះ​វា​ស្រដៀង​គ្នា​នឹង​អ្វី​​ដែល​មនុស្ស​ជាច្រើន​គិតថា​ជា​យុទ្ធនាការ​រក​សម្លេងឆ្នោត ដែល​លោក​បាន​អនុវត្ត​ដូច្នេះ​អស់​ពេល​ជា​ច្រើន​ខែ​មក​ហើយ​។​

​លោក​បាន​ប្រាប់​អ្នកគាំទ្រ​នៅ​ខេត្ត​ណា​ខន រ៉ា​ត​ចា​ស៊ី​ម៉ា កន្លែង​ដែល​លោក​បាន​កើត​នៅក្នុង​ជំរំ​យោធា​មួយ​នា​ឆ្នាំ​១៩៥៤​ថា​« យើង​សំរេចបាន​ច្រើន​ណាស់​នៅ​៥​ឆ្នាំ​មកនេះ​។​បើ​​យើង​អាច​បន្ត​៥​ឆ្នាំ​ទៀត យើង​កាន់តែ​សំរេច​បាន​ច​ន្ត​នៅ​យូរ​តទៅទៀត លោកពូ​ទុយ​» ដែល​ជា​ឈ្មោះ​ក្រៅ​របស់​លោក​ប្រា​យុទ្ធ​។​ប្រា​យុទ្ធ​ត្រូវបាន​ស្វាគមន៍​និង​ថត​សែ​ល​ហ្វ៊ី​ជា​​មួយ​អ្នកគាំទ្រ​។​

​ចាស់ៗ​ក្នុង​មូលដ្ឋាន​ឱប​ថើប​លោក​ប្រា​យុទ្ធ ដែល​ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី​របស់​គ​ណ​បក្ស ផា​ឡាង ប្រា​ចា​រ៉ា​ត​

​ចម្លង​ទំនុកភ្លេង​ពី​ចំរៀង​មនោសញ្ចេតនា​មួយ លោក​ប្រា​យុទ្ធ​បាន​ច្រៀង​និង​សើច​តិចៗ​ផង​ថា «​ខ្ញុំ​ឈប់​នៅទីនេះ នៅ​ជាមួយ​អ្នក ដោយសារ​អ្នក​ជា​មនុស្ស​ល្អ​បំផុត​»​។​

​មុន​នេះ​កាលពី​ថ្ងៃ​ពុធ លោក​ត្រូវបាន​ស្វាគមន៍​ដោយ​ហ្វូង​មនុស្ស​ដ៏​ធំ ខណៈ​លោក​បាន​ធ្វើ​ជា​អធិបតី​នៃ​ការបើក​ដំណើរការ​ស្ថានីយ​រថភ្លើង​មួយ​នៅក្នុង​ខេត្ត ខុន​ឃែន ដែល​​ជា​ខេត្ត​ភាគ​ឦសាន​មួយទៀត​៕​ដោយ​៖​វាសនា​

ជិត​បោះឆ្នោត នាយករដ្ឋមន្ត្រី​ថៃ​បែរ​ជា​ចេះ​ច្រៀង​រាំ​និង​ជិះ​រឺម៉កកង់បី