ការបោះឆ្នោតនៅថៃ៖ នាំគ្នាដូរ​ឈ្មោះ​ទៅ​ជា​ថាក់ស៊ីន ឬ​យី​ង​ឡាក់ ​ដើម្បី​ទាក់ទាញ​អ្នកបោះឆ្នោត​

601
ចែករម្លែក
  • 488
    Shares

​វា​ជា​រដូវ​បោះឆ្នោត​នៅ​ថៃ និង​យុទ្ធនាការ​ឃោសនា​ទាក់ទាញ​អ្នកបោះឆ្នោត​កំពុង​ត្រូវ​ធ្វើឡើង​ពេញបន្ទុក​នៅ​ទូទាំង​ប្រទេស​ថៃ​។​ដោយឡែក​នៅ​តាម​ផ្លូវ​នៃ​ទីប្រជុំជន​ភី​ម៉ា​យ ភាគឦ​ន គេ​សង្កេតឃើញ​បដា​ឃោសនា​មួយ​សរសេរថា​« បោះឆ្នោត​ឲ្យថាក់ស៊ីន ទទួលបាន​ថាក់ស៊ីន​»​។​

​វា​ជា​ការទាក់ទាញ​អារម្មណ៍​បន្តិច​ដែរ ដោយសារ​ពាក្យ​ថាក់ស៊ីន​នេះ គ្រប់​គ្នា​នៅ​ថៃ​ដឹងថា​ជា​អតីត​នាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណា​វ៉ាត ដែល​ត្រូវ​បាន​បណ្តេញចេញ​ពី​អំណាច​ក្នុង​​រដ្ឋប្រហារ​យោធា​មួ​យ​និង​ឥឡូវ​កំពុង​រស់នៅ​និរទេស​ខ្លួន​ឯ​បរទេស​ដើម្បី​គេចចេញ​ពី​ការចាប់ខ្លួន​បញ្ចូល​គុក​ចំពោះ​ការចោទប្រកាន់​រំលោភ​អំណាច​និង​ពុករលួយ​ដែល​លោក​​ចាត់ទុក​ជា​ការចោទប្រកាន់​មាន​ហេតុផល​នយោបាយ​។​

​ដើរ​ចែក​ខិត្តប័ណ្ណ​ពីមុខ​រថយន្ត​ក្នុង​ទីប្រជុំជន​តូច​នេះ គឺ គ្រូបង្រៀន​វ័យ​៤៦​ឆ្នាំ វី​រ៉ា​វីត ឈួ​ជូនុត ។​លោក​បាន​ពន្យល់​អំពី​ការប្តូរឈ្មោះ​ទៅជា ថាក់ស៊ីន ឈួ​ជូនុត ថា​វា​មិនមែន​​ជា​រឿង​ចៃដន្យ តែ​ជា​យុទ្ធវិធី​មួយ​ដើម្បី​ទទួលបាន​សន្លឹកឆ្នោត​គាំទ្រ​។​

​ភី​ម៉ា​យ ស្ថិតនៅក្នុង​ខេត្ត ណា​ខន រ៉ា​ត​ចា​ស៊ី​ម៉ា ជា​ខេត្ត​ក្រីក្រ​ដាច់​ស្រាយា​ល​មួយ​នៅ​ថៃ ដែល​គេ​ស្គាល់​ថា តំបន់​ឦសាន ជា​តំបន់​ដែល​ពួកកសិករ​ត្រូវបាន​គេ​មិនសូវ​អើពើ និង​​ធ្លាប់តែ​ជា​មូលដ្ឋាន​អំណាច​របស់​មហាសេដ្ឋី ថាក់ស៊ីន ស៊ីណា​វ៉ាត​។​

​ថាក់ស៊ីន ឈួ​ជូនុត បាន​និយាយថា​« ខ្ញុំ​ចង់​ទាក់ទាញ​ការចាប់អារម្មណ៍​ពី​ប្រជាជន ដើម្បី​ធានា​ថា​ឈ្មោះ​របស់​ខ្ញុំ​ងាយ​នឹងត្រូវ​គេ​ស្គាល់​។​ខ្ញុំ​បាន​មាន​ពេល​តែ​មួយ​ខែ​ពីរ​ប៉ុណ្ណោះ​​ដើម្បី​ឃោសនា ដូច្នេះ​ខ្ញុំ​បាន​ដូរ​ឈ្មោះ​ឲ្យ​ដូច​ជន​ជា​និមិត្តរូប​ម្នាក់​»​។​

​វី​រ៉ា​វីត ឈួ​ជូនុត បាន​ប្តូរ​ឈ្មោះ​ទៅ​ជា ថាក់ស៊ីន ឈួ​ជូនុត​។​លោក​បាន​ធ្វើ​យុទ្ធនាការ​រក​សំឡេងឆ្នោត​នៅក្នុង​ខេត្ត​ណា​ខន រ៉ា​ត​ចា​ស៊ី​ម៉ា សម្រាប់​គណបក្ស​ភឿ​ឆាត ដែល​ជា​គណបក្ស​​តូច​មួយ​ក្នុងចំណោម​បក្ស​តូចៗ​ដែល​បង្កើតឡើង​ដោយ​សម្ព័ន្ធមិត្ត​របស់​អតីត​នាយករដ្ឋមន្ត្រី​ថាក់ស៊ីន​។​

​មាន​គណបក្ស​ថាក់ស៊ីន​និយម​ធំ​មួយ​ចូលប្រឡូក​ក្នុង​ការបោះឆ្នោត​នៅ​ចុង​សប្តាហ៍​នេះ គឺ​បក្ស​ភឿ​ថៃ តែ​ច្បាប់​បោះឆ្នោត​បង្កើត​ឡើង​ដោយ​របប​សឹក​ផ្តោត​លើ​ក្បាល​ម៉ាស៊ីន​ន​យោ​​បាយ​របស់​អតីត​មេដឹកនាំ​រូប​នេះ ដោយ​ទប់​មិន​ឲ្យ​គណបក្ស​ធំ​ណាមួយ​ទទួលបាន​សំឡេង​ភាគច្រើន​ដាច់ខាត​ដើម្បី​បង្កើត​រដ្ឋាភិបាល​តែឯង​បានទេ​។​ដូច្នេះ យុទ្ធសាស្ត្រ​ក្រុម​​គាំទ្រ​ថាក់ស៊ីន គឺ​បំបែក​ក្បាលម៉ាស៊ីន​នេះ​ទៅ​ជា​បណ្តា​បក្ស​នយោបាយ​តូចៗ ដែល​អាច​បង្រួបបង្រួម​គ្នា​វិញ​នៅ​ក្រោយ​ការបោះឆ្នោត​។​

​ការដូរ​ឈ្មោះ​ជា​យុទ្ធសាស្ត្រ​មួយ​ដើម្បី​កុំឲ្យ​មាន​ការយល់ច្រឡំ​លើ​ក្រុម​នយោបាយ ជា​ពិសេស​បណ្តា​បក្ស​រណប​ថ្មី​ដែល​គេ​ស្គាល់​តិចតួច​។​

​សូមបញ្ជាក់​ថា ថាក់ស៊ីន ឈួ​ជូនុត ជា​បេក្ខជន​ម្នាក់​ក្នុងចំណោម​បេក្ខជន​១៥​នាក់​មកពី​គណបក្ស​របស់​លោក​ដែល​បាន​ប្តូរ​ឈ្មោះ​បែប​ឆ្លៀតឱកាស​នេះ​។​ភាគច្រើន​ដូរ​ទៅជា​​ថាក់ស៊ីន តែ​៤​នាក់​ដូរ​ទៅជា យី​ង​ឡាក់ ដែល​ជា​ឈ្មោះ​របស់​ប្អូនស្រី​លោក​ថាក់ស៊ីន​និង​ក៏​ជា​អតីត​នាយករដ្ឋមន្ត្រី​ដែល​ត្រូវ​បាន​បណ្តេញចេញ​ពី​អំណាច​ដោយ​រដ្ឋប្រហារ​យោធា​៕​ដោយ​៖​វាសនា​/Ha