ការបោះឆ្នោត​ក្រុមប្រឹក្សា​សង្កាត់​ហុងកុង​ជា​ការបោះ​ប្រជាមតិ​មួយ​អំពី​ការតវ៉ា​ប្រឆាំង​រដ្ឋាភិបាល​

623
ចែករម្លែក

​ហុងកុង​ហាក់​ស្គាល់​ភាពស្ងប់ស្ងាត់​បន្តិច​ជា​លើកដំបូង​បើ​ធៀប​នឹង​បរិយាកាស​សង្គម​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​មក​នេះ​នៅ​មុន​ទីក្រុង​នេះ​ធ្វើ​ការបោះឆ្នោត​រើស​សមាជិក​ក្រុមប្រឹក្សា​​សង្កាត់ ក្រោយពី​មានការ​វាយប្រហារ​លើ​បេក្ខជន​និង​ការតវ៉ា​ទាមទារ​ហិង្សា​អស់​ពេល​រាប់​ខែ​ដើម្បី​ជ្រើសរើស​មេដឹកនាំ​ទីក្រុង​នេះ​ពី​អ្នកក្រុង​ហុងកុង​ដោយផ្ទាល់​។​

​កាលពី​ថ្ងៃ​សុក្រ​ទី​២២​វិច្ឆិកា ប៉ូលិស​បាន​អំពាវនាវ​អោយ​អ្នក​ប្រឆាំង​តវ៉ា​នៅ​ក្នុង​ទីក្រុង​ចិន​មួយ​នេះ​កុំ​រំខាន​ការបោះឆ្នោត​ក្រុមប្រឹក្សា​សង្កាត់​ថ្នាក់ទាប​បំផុត ដែល​ត្រូវបាន​រៀបចំ​ធ្វើ​​នៅ​រាល់​៤​ឆ្នាំ​ម្តង ។​

​ការបោះឆ្នោត​ជ្រើសរើស​សមាជិក​៤៥២​រូប​សំរាប់​ក្រុមប្រឹក្សា​សង្កាត់​ចំនួន​១៨​នៃ​ក្រុង​ហុងកុង​ធម្មតា​មិន​បាន​ការចាប់អារម្មណ៍​ខ្លាំង​ទេ តែ​ការបោះឆ្នោត​ឆ្នាំ​នេះ​កើតឡើង​ចំពេល​​ទីក្រុង​ហិរញ្ញវត្ថុ​មួយ​នេះ​ក្លាយ​ជា​សមរភូមិ និង​អ្នក​តវ៉ា​ប្រឆាំង​យក​ហិប​ឆ្នោត​ធ្វើ​ជា​ហេតុផល​នៃ​បុព្វហេតុ​របស់គេ​។​

​វា​ជា​លើកដំបូង​ដែល​កៅអី​សមាជិក​ក្រុមប្រឹក្សា​ទាំងអស់​នឹង​ត្រូវ​ដាក់​អោយ​អ្នក​ហុងកុង​បោះឆ្នោត​ជ្រើសរើស​តាម​បែប​ប្រជាធិបតេយ្យ​ពេញលេញ​ហើយ​ក្រុមគាំទ្រ​លទ្ធិប្រជាធិបតេយ្យ ដែល​ជា​ក្រុមប្រឆាំង​រំពឹងថា​នឹង​ឈ្នះ​ដាច់ ដោយសារ​តែ​ពេល​នេះ​សាធារណជន​ខឹង​នឹង​រដ្ឋាភិបាល​និង​ប៉ូលិស​។​

​ចូសេប ឆេង អ្នក​ធ្វើ​អត្ថាធិប្បាយ​នយោបាយ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ម្នាក់ បាន​និយាយថា​«​ការបោះឆ្នោត​នេះ​ជា​ម៉ែត្រ​វាស់​នយោបាយ​មួយ​។​ក្រុមគាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ពិត​​ជា​ចង់​បាន​លទ្ធផល​បង្ហាញ​ថា បុព្វហេតុ​របស់គេ​បាន​ការគាំទ្រ​ពី​ប្រជាជន ដើម្បី​ជា​សារ​ទៅ​កាន់​ពិភពលោក​និង​ក្រុម​មេដឹកនាំ​ចិន​»​។​

​សូមបញ្ជាក់​ថា ប្រជាជន​ហុងកុង​ក្រោម​អាយុ​៣៦​ឆ្នាំ ដែល​ជា​កម្លាំង​ស្នូល​នៃ​ចលនា​ប្រឆាំង​រដ្ឋាភិបាល មាន​ចំនួន​ប្រមាណ​៤,១​លាន​នាក់ ជិត​៦០​ភាគរយ​នៃ​ប្រជាពលរដ្ឋ​ហុងកុង​។​

​ក្នុងពេល​ជាមួយគ្នា ពួក​បេក្ខជន​គាំទ្រ​រដ្ឋាភិបាល​ទទួល​ស្គាល់​ថា ក្រុម​ខ្លួន​មាន​សម្លេង​គាំទ្រ​ទាប​ជាង តែ​បាន​អំពាវនាវ​អោយ​អ្នកបោះឆ្នោត​ជ្រើស​យក​ស្ថិរភាព​ពីលើ​ភាព​ហិង្សា​។​

​ជឿ​ង កា​យ៉ាន់ បេ​ក្ខ​នារី វ័យ​២៦​ឆ្នាំ បាន​និយាយថា នាង​បាន​ហក់​ចូល​ក្នុង​ការប្រកួតប្រជែង​នេះ ដោយសារតែ​មនុស្ស​វ័យ​ក្មេង​ជា​ច្រើន គាំទ្រ​ការបោះឆ្នោត​ដោយ​សេរី​សម្រាប់​សភា​​និង​មេដឹកនាំ​ទីក្រុង​នេះ និង​ប្រឆាំង​អំពើហិង្សា​។​នាង​ថា «​អ្នក​មិន​អាច​ទទួលបាន​ការបោះ​ឆ្នោត​សកល​មួយ​ដោយសារ​ប្រព្រឹត្ត​ការដុត​បំផ្លាញ សម្លាប់​មនុស្ស​និង​ចោល​ដុំឥដ្ឋ​និង​​គ្រាប់បែក​សាំង​ទេ​។​យើង​ត្រូវធ្វើ​អ្វី​អោយ​សមរម្យ​មាន​ហេតុផល​និង​ចាត់វិធានការ​មួយ​ជំហាន​ដើម្បី​សំរេច​គោលដៅ​នេះ​»​។​

​ការបោះឆ្នោត​នេះ​ក៏​សម្រាប់​ការបោះឆ្នោត​ថ្នាក់ខ្ពស់​មួយទៀត​។​ក្រុម​ឈ្នះឆ្នោត​ត្រូវ​បោះឆ្នោត​ជ្រើសរើស​តំណាង​១១៧​រូប​សំ​រាប់បញ្ចូល​ក្នុង​គណៈកម្មាធិការ​មាន​សមាជិក​១.២០០​រូប​ដែល​មាន​ភារកិច្ច​ជ្រើសរើស​មេដឹកនាំ​ហុងកុង​។​ក្រុមគាំទ្រ​ប្រជាធិបតេយ្យ​មាន​អ្នកគាំទ្រ​ប្រមាណ​៣០០​នាក់​នៅក្នុង​គណៈកម្មាធិកា​រ​នេះ ដូច្នេះ​បើ​បន្ថែម​១១៧​រូប​ទៀត​វា​នឹង​រឹត​​តែ​បង្កើន​ឥទ្ធិពល​ក្រុម​នេះ តែ​នៅ​ខ្វះ​ច្រើន​ទៀត​ទើប​ទទួលបាន​សម្លេង​ភាគច្រើន​។​

​បើ​តាម​លោក​ចូសេប ឆេង ក្រុម​មេដឹកនាំ​ចិន​បាន​បញ្ជាក់​រួចហើយ​ថា​ខ្លួន​នឹង​រក្សា​ការក្តោបក្តាប់​យ៉ាង​ណែន​លើ​ការជ្រើសរើស​នាយក​ប្រតិបត្តិ​ហុងកុង ដូច្នេះ​វា​ទៅ​មិន​តួច​ទេ​ដែល​​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ធ្វើ​សម្បទាន​ចំពោះ​ចលនា​មហាជន​ណាមួយ​។​

​ជា​ឧទាហរណ៍​ស្រាប់ សកម្មជន​លេចធ្លោ លោក​ចូស​សួ វង់ មេដឹកនាំ​បាតុកម្ម​ទាម​ទារ​សិទ្ធិ​បោះឆ្នោត​សកល​កាលពី​ឆ្នាំ​២០១៤ ជា​បេក្ខជន​តែ​ម្នាក់​គត់​ដែល​ត្រូវ​ហាមឃាត់​មិនអោយ​​ឈរឈ្មោះ​បោះឆ្នោត​លើក​នេះ ដោយសារ​តែ​គណបក្សរ​បស់​លោក​គាំទ្រ​ឯករាជ្យភាព​៕​ដោយ​៖​វាសនា​

បេ​ក្ខ​នារី គាំទ្រ​រដ្ឋាភិបាល ណា​ង ជឿ​ង កា​យ៉ាន់ ថត​ជាមួយ​អ្នកគាំទ្រ ក្នុងអំឡុង​ធ្វើ​យុទ្ធនាការ​បោះឆ្នោតក្រុមប្រឹក្សា​សង្កាត់​ហុងកុង​