ការបោះឆ្នោត​ជាតិ​ម៉ាឡេស៊ី​នៅ​ថ្ងៃ​៩​ឧសភា​នេះ ជាការ​ប្រជែង​គ្នា​រវាង​អតីត​មេដឹកនាំ​និង​ជន​ធ្លាប់​ក្រោយ​ការ​ទំនុកបំរុង​របស់ខ្លួន​

947
ចែករម្លែក

​អ្នកបោះឆ្នោត​ត្រូវ​ធ្វើ​ការជ្រើសរើស​ដ៏​លំបាក​មួយ​នៅក្នុង​ការបោះឆ្នោត​ជាតិ​ម៉ាឡេស៊ី នា​ថ្ងៃ​ពុធ​ទី​៩​ឧសភា គឺ​ត្រូវ​ជ្រើស​អតីត​មេដឹកនាំ​វ័យ​៩២​ឆ្នាំ​មក​ដឹកនាំ​ប្រទេស​វិញ​ឬ ផ្តល់អោយ​នាយករដ្ឋមន្ត្រី ណា​ជីប រ៉ា​ហ្សាក់ នូវ​អាណត្តិ​ទី​៣​។​

​គណបក្សកាន់អំណាចរ​បស់​លោក​ណា​ជីប ដែល​ត្រួតត្រា​ប្រទេស​អស់​៦​ទសវត្សរ៍​មក​នេះ ទំនង​ជា​បន្ត​នៅ​កាន់អំណាច ដោយសារ​ប្រព័ន្ធ​បោះ​ឆ្នោត​មួយ​ដែល​អោយ​ទម្ងន់​​ខ្លាំង​លើ​អ្នកបោះឆ្នោត​ជនបទ​ក្នុង​ការប្រកួតប្រជែង​មួយ​ដែល​ដាក់​លោក​ណា​ជីប ទល់​នឹង​អតីតជន​ទំនុកបំរុង​លោក គឺ​អតីត​នាយករដ្ឋមន្ត្រី​មហា​ធៀ ម៉ូ​ហា​ម៉ា​ត ដែល​បាន​​ដឹកនាំ​ប្រទេស​អស់​២២​ឆ្នាំ​រហូត​ដល់​ឆ្នាំ​២០០៣ និង​ល្បី​ខាង​ធ្វើអោយ​ម៉ាឡេស៊ី​ទំនើប​។​

​ខឹង​នឹង​រឿងអាស្រូវ​ពុករលួយ​នៅ​មូលនិធិ​វិនិយោគ​រដ្ឋ ដែល​បង្កើតឡើង​ដោយ​លោក​ណា​ជីប លោក​មហា​ធៀ​បាន​ចាកចេញ​ពី​គណបក្ស​អង្គការ​ជាតិ​ម៉ាឡេ​ឯកភាព​(UMNO)​ហើយ​រួម​កម្លាំង​ជាមួយ​បណ្តា​បក្សប្រឆាំង ដែល​កាលពីមុន​ចាត់ទុក​លោក​ជា​កំពូល​សត្រូវ​។​

​រឿងអាស្រូវ​ពុករលួយ​នៅ​មូលនិធិ​នេះ​និង​ការលាង​លុយ ព្រមទាំង​ការយកពន្ធ​លើ​ទំនិញ​និង​សេវា​ដែល​ប៉ះពាល់​ដល់​ជន​ម៉ាឡេស៊ី​ក្រីក្រ​ជាងគេ​នោះ កំពុងស្ថិត​នៅ​ក្នុង​​អារម្មណ៍​របស់​អ្នកបោះឆ្នោត​។​តែបើ​ក្រុមប្រឆាំង​ទទួលបាន​ជោគជ័យ វា​នឹង​បើកផ្លូវ​អោយ​ក្រុម​ជនជាតិភាគតិច​ចិន​ត្រួតត្រា​នយោបាយ​ប្រទេស ។​

​អ៊ីប្រាហ៊ីម ស៊ូ​ហ្វ​ហ្វេន នៅ​មជ្ឈមណ្ឌល​សិក្សា​ស្រាវជ្រាវ​មតិ​មួយ បាន​និយាយថា​” ក្នុង​យុទ្ធនាការ​បោះឆ្នោត​មានការ​និយាយ​អំពី​សេដ្ឋកិច្ច និង​ការចំណាយ​លើ​ការ​រស់​​នៅ តែ​ក៏​មាន​ការនិយាយ​អំពី​ថា​នរណា​ស័ក្តិសម​បំផុត​សំរាប់​បន្ត​ថែរក្សា​ផលប្រយោជន៍​ក្រុម​ប្រជាពលរដ្ឋ​ភាគច្រើន ម៉ាឡេអ៊ី​ស្លាម​”​។​

​សូមបញ្ជាក់​ថា​ ​ក្រុមចំរុះ​រណសិរ្ស​ជាតិ​កាន់អំណាច បាន​បាត់បង់​សម្លេង​ភាគច្រើន​២​ភាគ​៣​នៅក្នុង​សភា​ក្នុង​ការបោះឆ្នោត​ឆ្នាំ​២០០៨​និង​ចាញ់​សម្លេងឆ្នោត​ទូទាំងប្រទេស​​នៅ​ឆ្នាំ​២០១៣ ។​ឆ្នាំ​នោះ ក្រុម​នេះ​ទទួលបាន​សម្លេង​គាំទ្រ​សរុប​តែ​៤៧​ភាគរយ តែ​នៅ​តែ​អាច​ធានា​រក​បាន​កៅអី​សភា​៦០​ភាគរយ ដោយសារ​តែ​ប្រព័ន្ធ​បោះ​ឆ្នោត​មួយ​ដែល​​ធ្វើអោយ​សន្លឹក​ឆ្នោត​នៅ​មណ្ឌល​ជនបទ​ដែល​មាន​ជន​អ៊ីស្លាម​ម៉ាឡេ​ភាគច្រើន​និង​ជា​ទម្លាប់​គាំទ្រ​ក្រុមចម្រុះ​កាន់​អំណាច​នោះ​មាន​ឥទ្ធិពល​ជាង​សន្លឹកឆ្នោត​នៅតាម​ទីក្រុង​។​

​ពួក​អ្នកវិភាគ និយាយថា ក្រុមចំរុះ​កាន់អំណាច​ទំនង​ជា​បន្ត​រក្សា​សម្លេង​ភាគច្រើន​ក្នុង​សភា​ក្នុង​ការបោះឆ្នោត​នៅ​ថ្ងៃ​ពុធ ទោះ​ជា​ចំណែក​សម្លេងឆ្នោត​គាំទ្រ​រដ្ឋាភិបាល​ធ្លាក់​​ចុះ​ជា​ថ្មី​ក្តី​។​បើ​ទទួលបាន​សម្លេង​គាំទ្រ​ក្នុង​សភា​មិន​ច្រើន​ទេ លោក​ណា​ជីប​អាច​ជួប​ការប្រឆាំង​ក្នុង​គណបក្ស​ផ្ទាល់​របស់​លោក ឬ​រដ្ឋាភិបាល​ខ្លួនឯង​ពិបាក​នៅ​មាន​ជីវិត​​ពេញ​មួយ​អាណត្តិ ដោយសារ​គណបក្ស​តូចៗ​ជា​ដៃគូ អាច​ចាកចេញ​។​

​ក្នុង​សេចក្តីថ្លែងការណ៍​មុន​ការបោះឆ្នោត លោក​ណា​ជីប​បាន​វាយប្រហារ​រិះគន់​លោក​មហា​ធៀ ថា​ជា​”​ជន​ផ្តាច់ការ​”​ដែល​ទទួលស្គាល់​ដោយ​ខ្លួនឯង​។​លោក​ថា ការបោះ​​ឆ្នោត​អោយ​ក្រុម​ប្រឆាំង​នឹង​ធ្វើអោយ​កំណើន​សេដ្ឋកិច្ច​រឹងមាំរ​បស់​ម៉ាឡេស៊ី​ជួប​គ្រោះថ្នាក់ និង​ថា​ពួក​មេដឹកនាំ​បក្សប្រឆាំង​ដែល​ភាគច្រើន​មាន​មូលដ្ឋាន​ចិន នឹង​បោកប្រាស់​​អ្នក​បោះឆ្នោត​ដោយ​ធ្វើ​ពុត​ជា​ទុក​ប្រយោជន៍​ខ្លួនឯង​នៅក្រោយ​ជនជាតិ​ម៉ាឡេ​។​

​សូមបញ្ជាក់​ថា ក្រុមប្រឆាំង​ម៉ាឡេ​ត្រូវបាន​មហាធៀ​ធ្វើអោយ​សកម្ម​ឡើងវិញ ក្រោយ​ការបែកបាក់​នៅ​ឆ្នាំ​២០១៥ នៅពេល​មេដឹកនាំ​មាន​ប្រជាប្រិយ​បំផុត​របស់​ខ្លួន លោក អាន់​វ៉ា អ៊ីប្រាហ៊ីម ត្រូវបាន​ចាប់​ដាក់គុក ចំពោះ​ការស្រឡាញ់​មនុស្ស​ប្រុស​ដូចគ្នា ។​

​អាន់​វ៉ា ដែល​ត្រូវ​មហា​ធៀ បណ្តេញចេញ​ពី​តំណែង​ឧបនាយក​រដ្ឋមន្ត្រី​នៅ​ឆ្នាំ​១៩៩៨ និង​ក្រោយមក​ត្រូវ​ចោទប្រកាន់​និង​កាត់ទោស​ដាក់គុក​នោះ នៅ​យប់​ថ្ងៃ​ចន្ទ​ទី​៧​ឧសភា​​ឆ្នាំ​២០១៨ បាន​ធ្វើ​ការអំពាវនាវ​ចេញ​ពី​មន្ទីរពេទ្យ​មួយ ដោយ​ស្នើសុំ​អោយ​អ្នកបោះឆ្នោត​ជ្រើស​យក​អតីត​សត្រូវ​របស់លោក​គឺ បណ្ឌិត​មហា​ធៀ ម៉ូ​ហា​ម៉ា​ត ។​

​លោក​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​ខ្ញុំ​សុំ​ទទូច​អ្នក​រាល់គ្នា​ចូលរួម​ជាមួយ​ចលនា​ប្រជាជន​ដើម្បី​ទាមទារ​ការផ្លាស់ប្តូរ​”​។​

​សូមបញ្ជាក់​ថា ទោះជា​កំពុង​នៅ​ជាប់​ទោស លោក​អាន់​វ៉ា​បាន​ចូលដេក​ពេទ្យ​នៅ​ប៉ុន្មាន​ខែ​មកនេះ ។​លោក​បាន​ចាប់ផ្តើម​អនុវត្ត​ទោស​ជាប់គុក​៥​ឆ្នាំ​នៅ​ឆ្នាំ​២០១៥ ចំពោះ​​ការចោទប្រកាន់​ដែល​លោក​ថា​មាន​ចេតនា​នយោបាយ​៕ដោយ៖វាសនា

​លោក​ណា​ជីប នឹង​ប្រជែង​ជាមួយ​អតីត នាយករដ្ឋមន្ត្រី មហា​ធៀ​(ស្តាំ)

សិស្ស​ដើរ​ជិត​ទង់​ឃោសនា​បោះឆ្នោត​មក​ពី​គណបក្ស​ផ្សេងៗ​នៅក្នុង​ទី​ក្រុងកូឡា​ឡាំ​ពួរ កាលពី​ថ្ងៃ​៧​ឧសភា