ការបោះឆ្នោត​ថៃ​៖ បក្ស​ភឿ​ថៃ​ត្រូវ​រំពឹងថា​នឹង​នាំមុខគេ តែ​ខ្វះ​សំឡេង​ភាគច្រើន​

552
ចែករម្លែក
  • 337
    Shares

​គណបក្ស​ភឿ​ថៃ​ ត្រូវ​រំពឹងថា​នឹង​ឈ្នះ​ឆ្នោត​បាន​កៅអី​សភា​ច្រើនជាងគេ​ក្នុង​ការបោះឆ្នោត​ជាតិ​នា​ថ្ងៃ​២ ៤​ខែ​មីនា តែ​ទោះជា​យ៉ាង​ណា​ វា​នៅ​ខ្វះ​សំឡេង​ភាគ​ច្រើន​មួយ​សម្រាប់​​បង្កើត​រដ្ឋាភិបាល​តែឯង នេះ​បើ​តាម​ការអង្កេត​មួយ​ធ្វើ​ឡើង​ដោយ​ក្រុម​កាសែត​Nation Group​។​

​ភឿ​ថៃ​ត្រូវបាន​គេ​ព្យាករណ៍​ទុក​ថា​នឹង​ទទួលបាន​១៣៥​អាសនៈ​សភា​មកពី​ទាំង​៣៥០​មណ្ឌល ដោយ​គ្របដណ្តប់​នៅ​ភាគ​ខាងជើង​និង​ឦសាន​ប្រទេស ហើយ​ទំនង​ជា​ដណ្តើមបាន​​កៅអី​ស្ទើរ​ទាំងអស់​នៅ​បណ្តា​ខេត្ត​នៃ​តំបន់​ទាំងពីរ​ខាងលើ ដោយសារ​តែ​ប្រជាជន​តំបន់​នេះ​នៅតែ​ស្មោះ​នឹង​គ្រូធំ​របស់​គណបក្ស គឺ​អតីត​នាយករដ្ឋមន្ត្រី​ថាក់ស៊ីន ស៊ីណា​វ៉ាត​។​

​គណបក្ស​ប្រជាធិបតេយ្យ ត្រូវ​រំពឹងថា​នឹង​នៅ​ចំណាត់ថ្នាក់​ទី​២ ជាមួយនឹង​៨៨​កៅអី ដោយសារ​មូលដ្ឋាន​អំណាច​ជា​ប្រពៃណី​របស់ខ្លួន​នៅ​ភាគខាងត្បូង​និង​ក្រុង​បាងកក​។​

​ចំណែក​គណបក្ស​គាំទ្រ​យោធា ផា​ឡាំង ប្រា​ចា​រ៉ា​ត ដែលមាន​លោកនាយក​រដ្ឋមន្ត្រី ​ប្រា​យុទ្ធ ចាន​អូ​ចា ជា​បេក្ខជន​នាយករដ្ឋមន្ត្រី ត្រូវ​បាន​ព្យាករណ៍​ថា​ជាប់​ចំណាត់ថ្នាក់​ទី​៣ ជាមួយ​​នឹង​អាសនៈ​៦២ ភាគច្រើន​បាន​មក​ពី​ការគាំទ្រ​នៅ​ខាងជើង​និង​ឦសាន​ដូច​ភឿ​ថៃ​ដែរ ដោយសារតែ​បេក្ខជន​របស់​បក្ស​នេះ​ភាគច្រើន​ជា​អតីត​តំណាងរាស្ត្រ​របស់​បណ្តា​បក្ស​តំណាង​​របស់​លោក​ថាក់ស៊ីន ដូច​ជា​បក្ស​ថៃ​រ៉ាក់​ថៃ និង​កម្លាំង​ប្រជាជន​ដែល​ត្រូវបាន​រំលាយ​ចោល​អស់​ហើយ និង​អតីត​សមាជិក​សភា​បក្ស​ភឿ​ថៃ​ខ្លះ​។​

​ក្រោយមកទៀត មាន​បក្ស Bhumjaithai Party(៣៣​កៅអី​)Chartthaipattana(១២) Thai Raksa Chart (៧)Chart Pattana (៦)Action Coalition for Thailand (៤) Prachachart (២)​និង Peau Chat រួម​ទាំង​បក្ស Thai Forest Conservation មួយៗ​ទទួល​មាន​១​កៅអី​។​

​ចំណែក​បក្ស​អនាគត​ទៅមុខ (Future Forward Party)​ដែល​ទាក់ទាញ​អ្នកបោះឆ្នោត​ក្មេងៗ ទំនងជា​មិន​ទទួលបាន​កៅអី​មួយ​ណា​ទេ​ ទោះជា​ហ៊ាន​និយាយ​ប្រឆាំង​យោធា​និង​​មាន​កម្មវិធី​នយោបាយ​ទាក់ទាញ​, នេះ​បើ​តាម​ការអង្កេត​។​

​ក្នុង​ការបោះឆ្នោត​ជាតិ​មុន​នា​ឆ្នាំ​២០១១ បក្ស​ភឿ​ថៃ​ឈ្នះ​បាន​សំឡេង​ភាគច្រើន​លើ​សលុប ​គឺ​២០៤​អាសនៈ​មកពី​៣៧៥​មណ្ឌល ​ហើយ​បាន​បង្កើត​រដ្ឋាភិបាល​តែឯង​ដឹកនាំ​ដោយ​​លោកស្រី​យី​ង​ឡាក់ ស៊ីណា​វ៉ាត​៕​ដោយ​៖​វាសនា/​Ha

បេក្ខជន​នាយក​រដ្ឋមន្ត្រី​របស់​បក្ស​ភឿ​ថៃ ស៊ូ​ដា​រ៉ា​ត កេ​យូរ៉ា​ផាន ចុះ​ឃោសនា​រក​សម្លេង​នៅក្នុង​ខេត្ត​ឈៀង​ម៉ៃ​ភាគ​ខាងជើង​ប្រទេស​កាលពី​ថ្ងៃ​២​មីនា​