ការបោះឆ្នោត​នៅថៃ៖ គណបក្ស​គាំទ្រ​កញ្ឆា កំពុង​ត្រូវ​គេ​ចែចង់​បាន​ខ្លាំង​ក្រោយ​ការបោះឆ្នោត​

414
ចែករម្លែក
  • 32
    Shares

​ប្រធាន​គណបក្ស​នយោបាយ​ថៃ​និង​ជា​សេដ្ឋី​ខាង​សំណង់​ម្នាក់ ដែល​បាន​ធ្វើ​យុទ្ធនាការ​គាំទ្រ​ការប្រើ​កញ្ឆា ឥឡូវ​ក្លាយជា​បេក្ខជន​ដែល​គេ​ត្រូវការ​ខ្លាំង​បំផុត ខណៈ​បក្ស​ធំ​ប្រជែង​​គ្នា​២ ត្រូវការ​ដៃគូ​បង្កើត​សម្ពន្ធភាព ក្រោយពី​ការបោះឆ្នោត​មិន​បាន​ផ្តល់​អោយ​បក្ស​ណាមួយ​ឈ្នះ​ដាច់​។​

​គណបក្ស ភូម​ចៃ​ថៃ ដែល​មានន័យថា​«​មោទនភាព​ថៃ​» ដឹកនាំ​ដោយ​កំពូល​អ្នកមាន អានុ​ធីន ឆាន​វី​រ៉ា​គុល ដែល​ជា​អាកាសយានិក​មិន​អាជីព​ម្នាក់ និង​ជា​កូន​របស់​មហាសេដ្ឋី​​សំណង់​មួយរូប​។​

​ថៃ​បាន​រៀបចំ​ធ្វើ​ការបោះឆ្នោត​លើក​ដំបូង​កាលពី​ខែ​មុន​ចាប់តាំងពី​រដ្ឋប្រហារ​ឆ្នាំ​២០១៤ និង​បក្ស​ភូម​ចៃ​ថៃ បាន​ផុស​ឡើង​ជា​ដៃគូ​សំខាន់​មួយ​ក្រោយ​ឈ្នះ​បាន​អាសនៈ​៣៩​សំរាប់​ការបោះឆ្នោត​សភា​តាម​មណ្ឌល និង​ឈរ​នៅ​លេខ​រៀង​ទី​៥ ខាង​ការទទួលបាន​សម្លេង​គាំទ្រ​ពី​អ្នក​បោះឆ្នោត​សរុប​។​

​យុទ្ធនាការ​របស់​បក្ស​នេះ​មាន​ភាព​ចម្លែក​ដោយសារ​ដាក់​រូប​ស្លឹក​កញ្ញា​នៅ​ល​លើ​ផ្ទាំង​ឃោសនា​ធ្វើ​យុទ្ធនាការ​របស់ខ្លួន​។​

​ថៃ​ជា​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​ដំបូង​គេ​ដែល​អនុញ្ញាត​អោយ​ប្រើ​កញ្ឆា​សំរាប់​បំណង​វេជ្ជសាស្ត្រ​កាលពី​ខែ​ធ្នូ តែ​បក្ស​ភូម​ចៃ​ថៃ ចង់​អោយ​គ្រួសារ​ថៃ​អាច​ដាំ​កញ្ឆា​បាន​៦​ដើម​ដោយ​​គ្មាន​ទោសពៃរ៍ ដូច​នៅ​រដ្ឋ​កាលីហ្វ័​រញ៉ា សហរដ្ឋអាមេរិក​។​

​សេដ្ឋី​វ័យ​៥២​ឆ្នាំ​រូប​នេះ បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង​នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​នៅ​ការិយាល័យ​របស់​លោក​នៅ​ក្រុង​បាងកក​ថា​«​កញ្ឆា​មាន​គុណសម្បត្តិ​ច្រើន​ជា​គុណ​​វិបត្តិ​»​។​

​លោក​អានុ​ធី​ន​បាន​និយាយថា គោលនយោបាយ​របស់​លោក​ត្រូវតែ​មាន​ការគាំទ្រ​ពី​ក្រុម​នយោបាយ​ដែល​ស្វះស្វែង​រក​ការគាំទ្រ​សំរាប់​បង្កើត​ក្រុមចំរុះ គឺ​«​យើង​ត្រូវតែ​នៅ​​ជាមួយ​គណបក្ស​ណា​ដែល​ទទួលយក​គោលនយោបាយ​របស់​យើង​»​។​

​ជំរើស ឥឡូវ​គឺ​រវាង​គណបក្ស​គាំទ្រ​យោធា ផា​ឡាំង ប្រា​ចា​រ៉ា​ត ដែល​ដណ្តើម​បាន​សម្លេង​គាំទ្រ​ពី​អ្នក​បោះឆ្នោត​សរុប​ច្រើនជាងគេ និង​បក្ស​ភឿ​ថៃ ដែល​ទទួលបាន​អាសនៈ​សភា​តាម​​មណ្ឌល​នាំមុខគេ ហើយ​ដែល​បាន​បង្កើត​ក្រុមចំរុះ​ជាមួយ​បក្ស​៦​ផ្សេង​ទៀត​និង​អះអាង​ថា​រកបាន​សម្លេង​ភាគច្រើន​នៅក្នុង​សភា​។​

​ពួក​អ្នកវិភាគ​ថែម​ទាំង​ព្រម​លយ​ពាក្យ​ថា លោក​អានុ​ធីន អាច​ក្លាយជា​នាយក​រដ្ឋមន្ត្រី​ថៃ​ផង នៅក្នុង​ការចរចា​តថ្លៃ​គ្នា​ដើម្បី​បង្កើត​រដ្ឋាភិបាលចំរុះ​មួយ​។​ទោះជា​យ៉ាងណា ត្រឹម​​ពេលនេះ​លោក​បដិសេធ​មិន​បង្ហាញ​បំណង​ងាក​ទៅ​ខាង​ណា​ទេ នៅមុន​លទ្ធផល​ឆ្នោត​ពេញលេញ​នឹង​ប្រកាស​នៅ​ថ្ងៃ​៩​ឧសភា​។​លោក​ថា បក្ស​ភូម​ចៃ​ថៃ កំពុង​សម្លឹង​រក​គណ​បក្ស​​ណា​ដែល​អោយ​សារសំខាន់​ខ្លាំង​លើ​ឯកភាព​ជាតិ​ថៃ​និង​គោរព​របបរាជានិយម​។​

​គណបក្ស​ធំ​ទាំង​២ កាលពី​ថ្ងៃ​៣​មេសា​បាន​រក្សា​ភាពស្ងាត់ស្ងៀម​ដោយ​មិន​បាន​និយាយ​អោយដឹងថា​តើ​ពួកគេ​បាន​ទាក់ទង​គនបក្ស​ភូម​ចៃ​ថៃ ហើយ​ឬ​នៅ​។​

​ដោយសារ​តែ​គណបក្ស ផា​ឡាំង ប្រា​ចា​រ៉ា​ត ដែល​មាន​ឧត្តមសេនីយ៍ ប្រា​យុទ្ធ ចាន​អូ​ចា ជា​បេក្ខជន​នាយករដ្ឋមន្ត្រី និង​ទំនងជា​បាន​ការគាំទ្រ​ពី​សមាជិក​ព្រឹទ្ធសភា​ទាំងអស់​នៅក្នុង​​ការបោះ​ឆ្នោត​គាំទ្រ​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​ពី​សភា​ទាំង​ពីរ​ថ្នាក់​នោះ ពួក​អ្នកវិភាគ​និយាយថា ផា​ឡាំង ប្រា​ចា​រ៉ា​ត ត្រូវការ​តែ​គណបក្ស​ខ្នាត​មធ្យមៗ​ដូច​បក្ស​ភូម​ចៃ​ថៃ​នេះ នៅក្នុង​សភា​ជាន់​ទាប​ដើម្បី​ជៀសវាង​វិបត្តិ​ភាពស្របច្បាប់​៕​ដោយ​៖​វាសនា​

​ប្រធាន​បក្ស​ភូម​ចៃ​ថៃ​លោក អានុ​ធីន ឆាន​វី​រ៉ា​គុល កំពុង​ត្រូវ​បក្ស​ធំ​ពីរ ចង់​បាន​ដើម្បី​បង្កើត​ក្រុមចំរុះ​