ការបោះឆ្នោត​នៅថៃ​៖ រំពឹង​ថា​ចំនួន​អ្នក​ចេញ​ទៅ​បោះឆ្នោតជាតិ​លើកដំបូង​មាន​ចំនួន​លើ​ ៨០​ភាគរយ​

478
ចែករម្លែក
  • 6
    Shares

​ប្រជាជន​ថៃ​កំពុង​ទន្ទឹងរង់ចាំ​ការបោះឆ្នោត​សកល​លើក​ដំបូង​ក្នុង​រយៈពេល​៨​ឆ្នាំ​នៅ​ថ្ងៃអាទិត្យ​ទី​២៤​មីនា ដោយ​ពួកគេ​ជាច្រើន​សង្ឃឹម​ថា​រដ្ឋាភិបាល​ក្រោយ​របប​សឹក នឹង​អាច​​ផ្សះផ្សារ​ការបែកបាក់​ជាតិ​ដែល​មាន​រាប់​ឆ្នាំ​មកនេះ​។​

​ការអង្កេត​ដោយ​ស្ថាប័ន​ជាច្រើន រួម​មាន​វិទ្យាស្ថាន​ឃី​ង ប្រា​ចា​ឌី​ផុក បង្ហាញថា ប្រជាជន​ថៃ​មាន​សិទ្ធិ​បោះឆ្នោត​ក្នុង​ចំនួន​ច្រើន​លើសលប់​នឹង​ចេញ​ទៅ​បោះឆ្នោត ដែល​នឹង​ជ្រើស​​រើស​សមាជិក​សភា​នៅក្រោម​រដ្ឋធម្មនុញ្ញ​ថ្មី​មួយ និង​សម្រេច​ថា​តើ​នរណា​នឹង​ក្លាយជា​នាយ​រដ្ឋមន្ត្រី​បន្ទាប់​។​

​វី​ប៊ូ​ន និយោជិត​ក្រុមហ៊ុន​នៅ​ក្រុង​បាងកក ​អាយុ​៤៧​ឆ្នាំ បាន​និយាយថា ​លោក​រង់ចាំ​ឲ្យ​តែ​ដល់​ថ្ងៃ​ដើម្បី​អនុវត្តន៍សិទ្ធិ​របស់​លោក​ក្រោយ​ស្ថិត​ក្រោម​ការគ្រប់គ្រង​យោធា​អស់​ជិត​៥​ឆ្នាំក្រោយ​រដ្ឋប្រហារ​ឆ្នាំ​២០១៤​។​

​លោក​បាន​និយាយថា​«​ខ្ញុំ​មិនដែល​គេច​មិន​ចូលរួម​បោះឆ្នោត​ណាមួយ​ទេ​…​ខ្ញុំ​សង្ឃឹមថា​ការបោះឆ្នោត​លើក​នេះ​នឹង​នាំ​ឲ្យ​ថៃ​វិល​មក​កាន់​លទ្ធិប្រជាធិបតេយ្យ​ពិត​»​។​

​ប្រជាជន​ច្រើន​ចេញ​ទៅ​បោះឆ្នោត​កាលពី​ថ្ងៃអាទិត្យ មុន​ការបោះឆ្នោត​ផ្លូវការ​នៅ​ថ្ងៃ​២៤​មីនា​

​អ្នកបោះឆ្នោត​នឹង​ជ្រើសរើស​សមាជិក​សភា​ថ្នាក់ទាប​សរុប​៥០០​រូប​នៅ​ក្នុង​មណ្ឌល​កៅអី​ទោល និង​តាមរយៈ​បញ្ជី​ឈ្មោះ​បេក្ខជន​របស់​បក្ស​សម្រាប់​តំណាង​សម​មាត្រ​។​

​បូក​រួម​ទាំង​សមាជិក​សភា​ជាន់ខ្ពស់​(​ព្រឹទ្ធសភា​)២៥០​រូប​ដែល​ត្រូវបាន​ជ្រើសតាំង​ដោយ​របប​យោធា សមាជិក​សភា​ទាំង​៧៥០​រូប​នឹង​ជ្រើសរើស​នាយករដ្ឋមន្ត្រី​មួយរូប​។​សូមបញ្ជាក់​​ថា​ បណ្តា​គណបក្ស​ដែល​ចូលរួម​ក្នុង​ការបោះឆ្នោត​នេះ​អាច​ដាក់​បេក្ខជន​នាយករដ្ឋមន្ត្រី​បាន​ពី​ម្នាក់​ដល់​៣​នាក់​។​

​ការបោះឆ្នោត​នេះ​ត្រូវបាន​គេ​មើលឃើញថា​ជា​ការប្រកួតប្រជែង​រវាង​បី​ក្រុម គឺ​បក្ស​ផា​ឡាំង ប្រា​ចា​រ៉ា​ត ដែល​គាំទ្រ​យោធា ក្រុម​អភិរក្ស​ដែ​មាន​គណបក្ស​ប្រជាធិបតេយ្យ​ជា​ស្នូល​និង​​បណ្តា​គណបក្ស​ប្រជា​និយម​ដែល​មាន​ទំនាក់ទំនង​ជាមួយ​អតីត​នាយករដ្ឋមន្ត្រី​ថាក់ស៊ីន ស៊ីណា​វ៉ាត​។​

​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​បាន​និយាយថា ៨៧​ភាគរយ​ក្នុងចំណោម​មនុស្ស​២,៦​លាន​នាក់ ដែល​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​មុន បាន​ចេញមក​បោះឆ្នោត​កាលពី​ថ្ងៃអាទិត្យ​។

​ស្ទីថន ថា​ណា​នី​ទី​ឆុត នាយក​ការិយាល័យ​មួយ​នៅ​វិទ្យាស្ថាន​ឃី​ង ប្រា​ចា​ឌី​ផុក បាន​ព្យាករណ៍​ថា ចំនួន​អ្នក​ចេញ​ទៅ​បោះឆ្នោត​អាច​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​គឺ លើ​៨០​ភាគរយ ដោយ​​សារ​ប្រជាជន​ថៃ​ត្រៀម​អនុវត្ត​ន៍សិទ្ធិ​របស់​គេ ដោយ​មនុស្ស​ជំនាន់​ក្មេងៗ​ដែល​នឹង​បោះឆ្នោត​លើក​ដំបូង​នឹងចូលរួម​បោះឆ្នោយតដោយ​ក្តី​សាទរ​៕​ដោយ​៖វាសនា​/Ha