ការបោះឆ្នោត​នៅ​ថៃ​៖ តារា​នយោបាយ​កំពុង​រះ​របស់​ថៃ ប្រឈម​បណ្តឹង​ថ្មី​នៅ​ក្រោយ​ការបោះឆ្នោត​

331
ចែករម្លែក
  • 28
    Shares

​មេដឹកនាំ​បក្សនយោបាយ​ថៃ​មួយ ដែល​បាន​លេចឡើង​ជា​បក្ស​ឈានមុខ​គេ​មួយ​ក្នុង​ការបោះឆ្នោត​កាលពី​ខែ​មុន ត្រូវបាន​ចោទប្រកាន់​ពី​បទ​ញុះញង់​អោយមាន​ភាពវឹកវរ​​តែ​លោក​បាន​បន្ទោស​បញ្ហា​ផ្លូវច្បាប់​ចុងក្រោយ​នេះ​ថា​មកពី​«​ឥទ្ធិពល​ងងឹត​»​មួយ​។​

​មហាសេដ្ឋី ថា​ណា​ថន រឿង​រុងរឿង​គិត ប្រធាន​គណបក្ស​អនាគត​ឆ្ពោះទៅមុខ អាច​រកបាន​សម្លេង​គាំទ្រ​ដល់​ទៅ​ជាង​៦​លាន​ក្នុង​ការបោះឆ្នោត​កាលពី​ថ្ងៃ​២៤​មីនា ទោះ​ជា​បក្ស​​នេះ​ទើប​បង្កើត​ថ្មី និង​ឈរ​លំដាប់​ទី​៣​បន្ទាប់​ពី​បក្ស​គាំទ្រ​យោធា ផា​ឡាំង ប្រចា​រ៉ា​ត និង​បក្ស​ភឿ​ថៃ​។​

​ជា​បក្សប្រឆាំង​ការគ្រប់គ្រង​យោធា អនាគត​ឆ្ពោះទៅមុខ​បាន​ចាប់ដៃ​ជាមួយ​ភឿ​ថៃ​និង​បក្ស​៥​ទៀត​បង្កើត​បាន​ក្រុមចំរុះ​សម្លេង​ភាគច្រើន​ក្នុង​សភា​ក្នុង​បំណង​បង្កើត​រដ្ឋា​ភិ​​បាល​ស៊ីវិល​មួយ​។​តែ​សម្តី​រិះគន់​ខ្លាំងៗ​របស់​លោក​នៅ​តាម​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​ឥឡូវនាំ​អោយ​ប៉ូលិ​សនាំដីកា​ហៅ​អោយទៅ​នៅ​ស្ថានីយ​ប៉ូលិស​ក្រុង​បាងកក​មួយនា​ថ្ងៃ​សៅរ៍​​ទី​៦​មេសា​ដើម្បី​ស្តាប់​ការចោទប្រកាន់​ពី​បទ​ញុះញង់ ដែល​អាច​អោយ​លោក​មានទោស​ជាប់គុក​៧​ឆ្នាំ​។​

​ថា​ណា​ថន បាន​ហៅ​វា​ថា​ជា​«​ល្បែង​នយោបាយ​ចាស់​»​ដែល​លោក​រំពឹងទុក​ថា​នឹង​កើតមាន ក្រោយ​លទ្ធផល​ឆ្នោត​បង្ហាញ​ថា​បក្ស​របស់​លោក​មាន​ការគាំទ្រ​ខ្លាំង​។​លោក​បាន​សរសេរ​​បង្ហោះ​ដូច្នេះ​ថា​« ឥទ្ធិពល​ងងឹត​នឹងមិន​ធ្វើ​អោយ​បក្ស​អនាគត​ឆ្ពោះទៅមុខ​នៅ​ឯកោ​ទេ​»​។​

​មន្ត្រីប៉ូលិស​ស៊ើបអង្កេត​ម្នាក់​បាន​និយាយថា មាន​ការចោទប្រកាន់​២ និង​វា​ទាក់ទង​នឹង​អំពើ​របស់​លោក​ថា​ណា​ថន​នៅ​ឆ្នាំ​២០១៥ តែ​លោក​មិន​និយាយ​លម្អិត​ទេ​។​

​តាមពិត​លោក​ថា​ណា​ថន​កំពុង​ប្រឈម​ករណី​បណ្តឹង​មួយ​រួច​ស្រេច​ទៅហើយ នៅ​ក្រោយ​ច្បាប់​ឧក្រិដ្ឋកម្ម​កុំព្យូទ័រ​របស​ថៃ ដែល​ចោទប្រកាន់​លោក​ថា​ផ្សាយ​ព័ត៌មាន​មិន​ពិត​នៅ​​ពេល​លោក​រិះគន់​រដ្ឋាភិបាល​យោធា​តាម​ហ្វេ​សប៊ុក​កាលពី​ឆ្នាំមុន​៕​ដោយ​៖​វាសនា​

សេដ្ឋី ថា​ណា​ថន រឿង​រុងរឿង​គិត ប្រធាន​គណបក្ស អនាគត​ឆ្ពោះទៅមុខ