ការបោះឆ្នោត​នៅ​ថៃ​៖ ថាក់ស៊ីន និង​យី​ង​ឡាក់​ បង្ហាញខ្លួន​ក្នុង​ពិធី​មង្គលការ​កូន​និង​ក្មួយ​នៅ​ហុងកុង​ នៅ​២​ថ្ងៃមុន​ការបោះឆ្នោត​

652
ចែករម្លែក
  • 256
    Shares

​អតីត​នាយករដ្ឋមន្ត្រី​ថៃ ​លោក ថាក់ស៊ីន ស៊ីណា​វ៉ាត នៅ​មិនទាន់​ដឹងថា​តើ​ប្រជាជន​ក្នុងប្រទេស​កំណើត​របស់​លោក​នៅតែ​និយម​នយោបាយ​របស់​លោក​ទៀ​ត​ដែរ​ឬ​អត់ តែ​​កាលពី​ថ្ងៃ​សុក្រ​ទី​២២​មីនា​ លោក​ជួប​ការសប្បាយ​រីករាយ​មួយ​ដោយ​បាន​រៀបចំ​ពិធីមង្គលការ​កូនស្រី​ពៅ​នៅ​ហុងកុង​។​

​ទោះ​ជា​ពិធី​នេះ​មិន​មាន​ភ្ញៀវ​ពិសេសៗ​ចូលរួ​មក្តី ក៏​វា​បាន​កើត​ឡើង​តែ​២​ថ្ងៃមុន​ព្រះរាជាណាចក្រ​ថៃ​ធ្វើ​ការបោះឆ្នោត​សកល​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​យោធា​មួយ​​នៅ​ថ្ងៃអាទិត្យ​ទី​២៤​មីនា​នេះ ដែល​វា​មុខ​ជា​បញ្ជូន​សារ​មកកាន់​មាតុភូមិ​របស់​ថាក់ស៊ីន គឺ​«​កុំ​បំភ្លេច​ខ្ញុំ និង​សម្ព័ន្ធមិត្ត​ទាំងអស់​របស់​ខ្ញុំ​ពេល​អ្នក​ចេញ​ទៅ​បោះឆ្នោត​»​។​

​ព្រះរៀម​ស្តេច​ថៃ ព្រះអង្គម្ចាស់ក្សត្រិយ អ៊ូ​បន​រ៉ា​តា​ណា ម៉ា​ហ៊ី​ដូល ដែល​បាន​ឈរឈ្មោះ​ឲ្យ​គណបក្ស​ជា​សម្ព័ន្ធមិត្ត​របស់​ថាក់ស៊ីន​មួយ​ជាហេតុ​នាំ​ឲ្យ​តុលាការ​រំលាយ​បក្ស​នោះ​ចោល ​ជា​ភ្ញៀវ​ពិសេស​នៃ​មង្គលការ​នេះ​។​

​ព្រះអង្គម្ចាស់ក្សត្រិយ អ៊ូ​បន​រ៉ា​តា​ណា ម៉ា​ហ៊ី​ដូល ជា​ភ្ញៀវ​ពិសេស​នៃ​មង្គលការ​កូន​ស្រី​ថាក់ស៊ីន​នៅ​ហុងកុង​

​ដើម្បី​គេច​ចេញពី​ការចាប់​ដាក់គុក​ចំពោះ​ទោស​មួយចំនួន​ដែល​លោក​ចាត់ទុកថា​ជា​រឿង​នយោបាយ​នោះ លោក​ថាក់ស៊ីន បាន​រស់នៅ​ដោយ​ការ​និរទេស​ខ្លួន​ចាប់តាំងពី​ឆ្នាំ​២០០៨​។​ពួក​ស្ថាប័ន​ថ្នាក់លើ​និង​ក្រុម​នយោបាយ​អភិរក្ស​ស្អប់​លោក​ដោយសារ​តែ​ប្រជាប្រិយភាព​របស់​លោក​បាន​ទាក់ទាញ​អ្នកបោះឆ្នោត​ក្រីក្រ​តាម​ទីជនបទ​ដែល​បាន​ជួយ​ឲ្យ​​គណបក្សនយោបាយ​ដែល​ស្និទ្ធ​នឹង​លោក​ជាប់​ឆ្នោត​រហូត​។​

​វត្តមាន​របស់​លោក​និង​ប្អូនស្រី​យី​ង​ឡាក់ នៅ​ហុងកុង​ដោយសារតែ​លោក​និង​យី​ង​ឡាក់​មិន​អាច​ចូល​ស្រុក​សម្រាប់​អាពាហ៍ពិពាហ៍​មែនទែន​នៅ​ល្ងាច​ថ្ងៃអាទិត្យ​នៅ​ថៃ រវាង​កូនស្រី​​ពៅ ភែត​ង​តា​ន ស៊ីណា​វ៉ាត និង​ភិ​ដុក ស៊ូ​ក​សា​វ៉ាស ដែលជា​អាកាសយានិក​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ពាណិជ្ជកម្ម​មួយ​។​ទោះជា​យ៉ាងណា លោក​នឹង​ចូលរួម​តាមរយៈ​វីដេអូ​បន្ត​​ផ្ទាល់ ដូចដែល​លោក​ធ្លាប់ធ្វើ​ជា​មួយ​អ្នកគាំទ្រ​របស់លោក​។​

​អ្នកយក​ព័ត៌មាន​បាន​រង់ចាំ​នៅក្រៅ​ច្រកចូល​នៃ​សណ្ឋាគារ​Rosewood Hotel នៅ​ហុងកុង និង​បាន​ស្រែកសួរ​លោក​ថាក់ស៊ីន​ ខណៈ​លោក​នាំ​ភ្ញៀវ​ចូល​ខាងក្នុង ​តែ​លោក​បាន​​ឆ្លើយ​ខ្លី​ថា​« ខ្ញុំ​រីករាយ​ណាស់​»​និង​នៅ​ពេល​ត្រូវ​បាន​សួរថា​តើ​លោក​មាន​អារម្មណ៍​យ៉ាងណា​អំពី​ការបោះឆ្នោត លោក​ឆ្លើយ​តប​ថា​«​ខ្ញុំ​អត់​ទាន់​ដឹង​»​។​

​ទោះជា​យ៉ាងណា ក្នុង​វីដេអូ​របស់​កាសែត ​Matichon​របស់​ថៃ លោក​ថាក់ស៊ីន បាន​និយាយថា​«​ថៃ​ត្រូវបាន​ដក​សិទ្ធិ បាត់បង់​ឱកាស អស់​៥​ឆ្នាំ​មកហើយ​។​ឥឡូវ​ថៃ​ចង់​បោះឆ្នោត​​ណាស់​។​វា​ដល់​ពេល​ប្រជាជន​ថៃ​ដែល​ចង់​ឃើញ​សេរីភាព ចង់​ឃើញ​ការរីកចម្រើន​សេដ្ឋកិច្ច​ជា​ថ្មី ចង់​ឃើញ​ជំនឿ​ចិត្ត​ពី​វិនិយោគិន​ជាថ្មី​»៕​ដោយ​៖​វាសនា​/Ha