ការបោះឆ្នោត​នៅ​ថៃ​៖ នាយករដ្ឋមន្ត្រី​អំពាវនាវ​ឲ្យ​ប្រជាជន​រង់ចាំ​លទ្ធផល និង​ទាត់​ចោល​រដ្ឋាភិបាល​បង្រួប​បង្រួម​ជាតិ​មួយ​

483
ចែករម្លែក
  • 50
    Shares

​ប្រមុខ​របប​សឹក​ថៃ ឧត្តមសេនីយ៍ ប្រា​យុទ្ធ ចាន​អូ​ចា កាលពី​ថ្ងៃ​ពុធ​ទី​១០​មេសា​បាន​ទាត់ចោល​គំនិត​បង្កើត​រដ្ឋាភិបាល​បង្រួម​បង្រួម​ជាតិ​មួយ​ដោយ​គ្មាន​បក្សប្រឆាំង ខណៈ​ប្រ​​ទេស​ស្ថិតក្នុង​ភាពមិនច្បាស់លាស់​ថា​នរ​ណា​ឈ្នះ​ពី​ការបោះឆ្នោត​ជាតិ​កាលពី​ខែ​មុន និង​លោក​អំពាវនាវ​ឲ្យ​ប្រជាជន​រង់ចាំ​លទ្ធផល​ឆ្នោត​ផ្លូវការ​នៅ​ខែក្រោយ​។​

ឧត្តមសេនីយ៍ ប្រា​យុទ្ធ ចាន​អូ​ចា

​ទំនង​ជា​ទើស​ចិត្តខ្លាំង​នឹង​ការលើកឡើង​អំពី​រដ្ឋាភិបាល​បែបនេះ លោក​ប្រា​យុទ្ធ បាន​និយាយថា រដ្ឋាភិបាល​ត្រូវតែ​បង្កើតឡើង​ឈរលើ​មូលដ្ឋាន​រដ្ឋធម្មនុញ្ញ​និង​ច្បាប់​។​«​យើង​មិន​​អាច​អង្គុយ​លើ​ច្បាប់​ដែល​តាក់តែងឡើង​ដោយ​ខ្លួនឯង​ទេ​។​ឥឡូវ យើង​គ្រាន់តែ​អាច​រង់ចាំ​លទ្ធផល​ឆ្នោត​…​។​អ្នក​ត្រូវ​តែ​ដឹងថា ​តើ​ពួក​គេ​ចង់​និយាយ​ពីអ្វី និង​ចង់បាន​អ្វី​»​។​

​លោក​ប្រា​យុទ្ធ ចង់​និយាយ​សំដៅទៅ​ការលើកឡើង​របស់​សមាជិកសភាប​ក្ស​ប្រជា​ធិបតេយ្យ ​លោក​ថេប​ថៃ សេណា​ពង់​។​

​សូមបញ្ជាក់​ថា ភាព​តានតឹង​នយោបាយ​បាន​កើន​ឡើង​ក្រោយ​ការបោះឆ្នោត​នៅ​ថៃ ដោយសារ​មិន​មាន​គណបក្ស​ធំ​ណា​ទំនង​ជា​ឈ្នះ​បាន​សំឡេង​គាំទ្រ​នាំមុខ​ដាច់​អាចបង្កើត​រដ្ឋា​​ភិបាល​បាន ​រីឯ​លទ្ធផល​ឆ្នោត​ក៏​នៅ​មិនទាន់​ត្រូវបាន​ប្រកាស​ក្រោយ​ការបោះឆ្នោត​កន្លះ​ខែ ជាហេតុ​នាំ​ឲ្យមាន​ការ​មន្ទិលសង្ស័យ​និង​ការចោទប្រកាន់​លើ​អង្គការ​បោះឆ្នោត​។​

​កាលពី​ថ្ងៃ​ចន្ទ លោក​ថេប​ថៃ​បាន​ស្នើ​ថា រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ​មួយ​គួរ​ជា​ដំណោះស្រាយ​មួយ តែ​អត់​មាន​លោក​ប្រា​យុទ្ធ​ជា​ប្រមុខ​រដ្ឋាភិបាល​ទេ​។​លោក​ថា​នាយក​រដ្ឋមន្ត្រី​​បន្ទាប់​គួរ​ជា​សមាជិក​សភា​ជាប់ឆ្នោត​ម្នាក់​ដែល​អាច​ទទួលយកបាន​គ្រប់ភាគី​។​

​ក្នុងពេល​ជាមួយគ្នា គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​ថៃ​កំពុង​ត្រូវ​គេ​ចោទប្រកាន់​អំពី​ភាពមិនប្រក្រតី ទាំង​ក្នុងអំឡុង​ការបោះឆ្នោត​និង​នីតិវិធី​ក្រោយ​ការបោះឆ្នោត ​ដែល​​រួម​មាន​វិធីសាស្ត្រ​គណនា​អាសនៈ​សភា​។​សកម្មជន​ជា​ច្រើន​បាន​ប្តឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដោយ​ទាមទារ​ឲ្យ​ចោទប្រកាន់​និង​ដាក់ទោស​សមាជិក​គណៈកម្មាធិកា​រ​​នេះ​៧​នាក់​។​ពួកគេ​ចោទ​គណៈកម្មាធិការ​បោះឆ្នោត​ថា បរាជ័យ​ក្នុង​រៀបចំ​ការបោះឆ្នោត​និង​ផ្តល់​លទ្ធផល​គួរឲ្យជឿ​ទុកចិត្ត​។​

​ប្រឈម​នឹង​ស្ថានភាព​រញ៉េរញ៉ៃ​នេះ អ្នក​នយោបាយ​ប្រឆាំង​របប​សឹក​ម្នាក់​លោក​រឿង​ក្រៃ លី​គី​តវ៉ា​តា​ណា កាលពី​ថ្ងៃ​១០​មេសា​ ក៏​បាន​ប្តឹង​ទៅ​អង្គភាព​ទទួល​បណ្តឹង​រដ្ឋបាល​ឲ្យពិចារណា​ទុកជាមោឃៈ​ការបោះឆ្នោត​ថ្ងៃ​២៤​មីនា ដោយ​យោង​ទៅ​កំហុស​ជា​ច្រើន​ពាក់ព័ន្ធ​នឹង​ការរាប់​សន្លឹកឆ្នោត​៕​ដោយ​៖​វាសនា​/Ha