ការបោះឆ្នោត​នៅ​ថៃ​៖ បាតុកម្ម​ប្រឆាំង​នឹង​ការបោះឆ្នោត ​ឆបោក​នៅ​ថៃ​

618
ចែករម្លែក
  • 55
    Shares

​បាតុករ​ថៃ​រាប់រយ​នាក់​កាលពី​ថ្ងៃអាទិត្យ​ទី​៣១​មីនា​ បាន​ចេញ​មក​តវ៉ា​ប្រឆាំង​នឹង​ការលួចបន្លំ​នៅក្នុង​ការបោះឆ្នោត​ជាតិ​ជា​លើក​ដំបូង​ក្នុង​ព្រះរាជាណាចក្រ​ថៃ​ចាប់តាំងពី​រដ្ឋ​​ប្រហារ​ឆ្នាំ​២០១៤ និង​នៅ​មួយ​សប្តាហ៍​ក្រោយ​ការបោះ​ឆ្នោត​ដ៏​ចម្រូងចម្រាស ​ដែល​បាន​បង្ក​ភាព​មិន​ច្បាស់លាស់​អំពី​លទ្ធផល​ឆ្នោត​។​

​គណបក្ស​គាំទ្រ​យោធា និង​គូប្រជែង​ដែលមាន​ទំនាក់ទំនង​ជាមួយ​មហា​សេដ្ឋី​ថាក់ស៊ីន ស៊ីណា​វ៉ាត បាន​អះអាង​ជោគជ័យ​រៀងៗ​ខ្លួន​និង​ទាមទារ​សិទ្ធិ​ដឹកនាំ​រដ្ឋាភិបាល​ថ្មី​មួយ ​ខណៈ​លទ្ធផល​ឆ្នោត​ចេញ​ដោយ​គណៈកម្មាធិការ​រៀប​ចំ​ការបោះឆ្នោត​បង្ក​ការ​មន្ទិល​។​

​បើ​តាម​គណៈកម្មាធិការ គណបក្ស​លម្អៀង​ទៅ​ខាង​យោធា គឺ​ផា​ឡាំង ប្រា​ចា​រ៉ា​ត ដណ្តើម​សំឡេងឆ្នោត​គាំទ្រ​សរុប​ច្រើន​ជាង​គេ​ តែ​បក្ស​ភឿ​ថៃ​ដែល​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​​ដណ្តើមបាន​អាសនៈ​សភា​តាម​មណ្ឌល​នាំមុខគេ​និង​បាន​បង្កើត​ក្រុមចម្រុះ​មួយ​ក្នុង​សភា​ជាន់​ទាប​ដើម្បី​កៀរគរ​សំឡេង​ភាគច្រើន​។​លទ្ធផល​ពេញលេញ​នឹង​ចេញ​នៅ​ថ្ងៃ​៩​ឧសភា​ តែ​កំហឹង​បាន​កើនឡើង ​ខណៈ​ការរង់ចាំ​ចេះតែ​បន្ត ជាហេតុ​នាំ​ឲ្យ​មនុស្ស​រាប់រយ​នាក់​ចេញ​មក​តវ៉ា​នៅ​ទីតាំង​សំខាន់​២​ក្នុង​ក្រុង​បាងកក​កាលពី​ថ្ងៃអាទិត្យ​។​

​ក្រុម​តូច​មួយ​បាន​ជួបជុំ​នៅ​ទី​សក្ការៈ​អេរ៉ា​វ៉ាន ដោយ​កាន់​បដា​សរសេរថា​« ការបោះ​បោកប្រាស់​» និង​«​ប្រជាជន​ចង់​បោះឆ្នោត​»​។​

​អ្នករៀបចំ​ការជួបជុំ​ម្នាក់​និង​ជា​សកម្មជន​ បាន​និយាយថា​«​គឺ​គណបក្ស​ភឿ​ថៃ​ដែល​បាន​ឈ្នះ​ការបោះឆ្នោត​នេះ​»​។​

​ពួក​បាតុក​ករ​ក៏​បាន​ប្រមូល​ហត្ថលេខា​សម្រាប់​ញត្តិ​មួយ​ដើម្បី​ទាមទារ​ឲ្យ​បណ្តេញចោល​សមាជិក​គណៈ​កម្មា​ធិ​ការរៀបចំ​ការបោះឆ្នោ​តដែល​បាន​ទទួលស្គាល់ថា​បាន​ប្រព្រឹត្ត​កំហុស​​ខ្លះ​ក្នុង​ការ​គណនា​សន្លឹក​ឆ្នោត​ តែនៅ​តែ​ការពារ​តួលេខ​ចុងក្រោយ​។

​បាតុករ​មួយក្រុម​ទៀត បាន​ជួបជុំ​នៅ​វិមាន​ជ័យជម្នះ​។​ពួកគេ​ក៏​មាន​គោលដៅ​ដូច​គ្នា គឺ​ប្រមូល​ហត្ថលេខា​និង​ទាមទារ​ឲ្យ​បណ្តេញ​សមាជិក​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​៕​ដោយ​៖​វាសនា​/Ha

អ្នក​ប្រឆាំង​នឹង​របប​សឹក​កាន់​បដា​និង​ដើរ​ដង្ហែ​ក្នុង​អំឡុង​បាតុកម្ម​នៅ​បាងកក​កាលពី​ថ្ងៃ​អាទិត្យ ​ដើម្បី​ប្រឆាំង​ជំទាស់​នឹង​លទ្ធផល​ឆ្នោត​