ការបោះឆ្នោត​នៅ​ថៃ​៖ អង្គការ​បោះឆ្នោត​ថៃ​បញ្ជា​អោយ​រាប់​សន្លឹកឆ្នោត​និង​បោះឆ្នោត​ឡើងវិញ​នៅ​កន្លែង​ខ្លះ​

378
ចែករម្លែក
  • 18
    Shares

​អាជ្ញាធរ​រៀបចំ​ការបោះឆ្នោត​ថៃ​កាលពី​ថ្ងៃ​ព្រហស្បត៍ទី​៤​មេសា បាន​បញ្ជា​អោយ​រាប់​សន្លឹកឆ្នោត​ឡើងវិញ​និង​ធ្វើ​ការបោះឆ្នោត​ជា​ថ្មី​នៅ​តំបន់​ខ្លះ ក្រោយ​ពី​រកឃើញ​ភាពមិនប្រក្រតី​​នៅ​ទីនោះ ក្នុង​ការបោះឆ្នោត​ជាតិ​ជា​លើកដំបូង​កាលពី​ថ្ងៃ​២៤​មីនា ចាប់តាំងពី​រដ្ឋប្រហារ​យោធា​ឆ្នាំ​២០១៤​។​

​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​ថៃ បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ខ្លួន​បាន​បញ្ជា​អោយ​រាប់​សន្លឹកឆ្នោត​ឡើង​វិញ​នៅ​ស្ថានីយ​បោះឆ្នោត​២ និង​បោះឆ្នោត​ជា​​ថ្មី​នៅ​ស្ថានីយ​ចំនួន​៦ ដោយសារ​តែ​ចំនួន​អ្នក​បោះឆ្នោត​វា​មិន​ត្រូវ​គ្នា​នឹង​ចំនួន​សន្លឹកឆ្នោត​។​តែ​កាលបរិច្ឆេទ​នៃ​ការបោះឆ្នោត​ឡើង​វិញ​នឹង​ត្រូវ​ប្រកាស​នៅពេល​ក្រោយ​។​

​ជុំវិញ​ការបោះឆ្នោត​នេះដែរ យ៉ាង​តិច​មាន​បេក្ខជន​មកពី​គណបក្ស​២ កំពុង​ដាក់​សម្ពាធ​លើ​ក្រុម​មេដឹកនាំ​បក្ស​អោយ​សង​លុយ​ដែល​ពួកគេ​បាន​ចំណាយ​ក្នុងអំឡុងពេល​ឃោសនា​។​

​បេក្ខជន​ជាង​៦០​នាក់​មកពី​គនបក្ស ភឿ​ឆាត កាលពី​ថ្ងៃ​ពុធ​បាន​ធ្វើ​ការទាមទារ​ជា​ថ្មី​នូវ​ប្រាក់​ដែល​ពួកគេ​បាន​ដក​ពី​ហោរ​ប៉ៅ​ផ្ទាល់ខ្លួន​ដើម្បី​ចំណាយ​លើ​សកម្មភាព​ឃោសនា​រក​​សម្លេង​អោយ​គណបក្ស ដោយសារ​តែ​មន្ត្រី​បក្ស​បាន​សន្យាថា​នឹង​សង​នៅក្រោយ​ការបោះឆ្នោត​។​

​ក្នុងពេល​ជាមួយគ្នា បេក្ខជន​ប្រមាណ​៥០​នាក់​ទៀត​មកពី​គណបក្ស​«​អំណាច​ប្រជាជន​ថៃ​»​បាន​ប្តឹង​ទៅ​នាយកដ្ឋាន​បង្ក្រាប​ប​ទ​ឧក្រិដ្ឋ ដោយ​ចោទប្រកាន់​ក្រុម​គណៈនាយក​នៃ​​គណបក្ស​នេះ​ថា​ឆបោក ដោយសារតែ​មិន​បាន​បំពេញ​តាម​ការ​សន្យាថា​នឹង​សង​ការចំណាយ​អោយ​វិញ​នៅក្រោយ​ការបោះឆ្នោត​៕​ប្រែ​សម្រួល​៖​វាសនា​

រូប​កាលពី​ថ្ងៃ​២៤​មីនា បង្ហាញ​មន្ត្រី​ថៃ​រាប់​សន្លឹកឆ្នោត​នៅ​ក្រុង​បាងកក ក្រោយ​ការបោះឆ្នោត​បាន​បញ្ចប់