ការបោះឆ្នោត​នៅ​អ៊ីស្រាអែល ៖ បណ្តា​គណបក្ស​អារ៉ាប់​គាំទ្រ​លោក​ហ្គា​ន់​ផ្តួល​លោក​ណេ​តាន់​យ៉ា​ហ៊ូ​

569
ចែករម្លែក

​សមាជិកសភា​អ៊ីស្រាអែល​ដើមកំណើត​អារ៉ាប់​បានផ្តល់​អនុសាសន៍​ថា អតីត​មេបញ្ជាការ​កងទ័ព​លោក បេន​នី ហ្គា​ន់ (Benny Gantz) គួរតែ​ក្លាយជា​នាយករដ្ឋមន្ត្រី​។​

​ការបោះឆ្នោត​កាលពី​សប្តាហ៍​មុន​បានដាក់​មេដឹកនាំ​កំពុង​កាន់តំណែង​បច្ចុប្បន្ន លោក​បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ និង​លោក​ហ្គា​ន់ ក្នុង​សំឡេងឆ្នោត​ប្រហែល​គ្នា ហើយ​អ្នក​ទាំងពីរ​កំពុង​ប្តេជ្ញា​បង្កើត​រដ្ឋាភិបាលចម្រុះ​រៀងៗ​ខ្លួន​។​

​បក្ស​បញ្ជី​រួម (Joint List) ដែលជា​ប្លុក​គណបក្ស​អារ៉ាប់​ជាប់​លេខ​៣​ក្នុងការ​បោះឆ្នោត និយាយថា ខ្លួន​ចង់​បណ្តេញ​លោក​ណេ​តាន់​យ៉ា​ហ៊ូ​ចេញពី​អំណាច​។​

​នេះ​ជា​លើកទីមួយ​ហើយ​ចាប់តាំងពី​ឆ្នាំ ១៩៩២ ដែល​ក្រុម​នយោបាយ​អារ៉ាប់​បានបង្ហាញ​ការគាំទ្រ​បេក្ខជន​នាយករដ្ឋមន្ត្រី​។​

​ហើយ​នេះ​ជាការ​បោះឆ្នោត​ទូទៅ​លើក​ទី ២ របស់​អ៊ីស្រាអែល​នៅ​ឆ្នាំ​២០១៩​។ បន្ទាប់ពី​ការបោះឆ្នោត​លើកដំបូង​ក្នុង​ខែមេសា ការចរចា​បង្កើត​រដ្ឋា​ភិ​បាល​ចម្រុះ​បាន​បរាជ័យ ហើយ​ការបោះឆ្នោត​សកល​មួយទៀត​ក៏ត្រូវ​បាន​កោះ​ធ្វើឡើង​ម្តងទៀត​។​

​ដោយ​ប្រឈមមុខ​នឹង​ការជាប់គាំង​នយោបាយ​មួយទៀត ប្រធានាធិបតី​អ៊ីស្រាអែល​លោក រូ​វីន រី​វលី​ន (Reuven Rivlin) បានផ្តល់​អនុសាសន៍​ថា រដ្ឋាភិបាល​ថ្មី​ត្រូវ​រួមបញ្ចូល​ទាំង​គណបក្ស​សម្ព័ន្ធ​ខៀវ​ស​របស់លោក​ហ្គា​ន់ ដែល​ទទួលបាន ៣៣ អាសនៈ​និង​គណបក្ស Likud របស់លោក​ណេ​តាន់​យ៉ា​ហ៊ូ ដែល​ទទួលបាន ៣១ អាសនៈ​។​

​លោក​រី​វ​វីន​បាន​និយាយថា លោក​នឹងធ្វើ​អ្វី​គ្រប់យ៉ាង​ដែល​លោក​អាច​ធ្វើបាន​ដើម្បី​បញ្ចៀស​ការបោះឆ្នោត​សកល​លើក​ទី ៣ នៅ​អ៊ីស្រាអែល​ក្នុងឆ្នាំនេះ​។​

​លោក អេ​មេន អូ​ដេ (Aymen Odeh) មេដឹកនាំ​គណបក្ស​បញ្ជី​រួម បាន​ប្រាប់​ប្រធានាធិបតី​រី​វ​វីន​ថា អាទិភាព​របស់​គណបក្ស​ខ្លួន​គឺ​ត្រូវ​រារាំង​លោ​កណេ​តាន់​យ៉ា​ហ៊ូ​ពី​ការ​កាន់អំណាច​មួយ​អាណត្តិ​ទៀត​។​

​គណបក្ស​បញ្ជី​រួម​ទទួលបាន ១៣ អាសនៈ​នៅក្នុង​ការបោះឆ្នោត​។ ប្រសិនបើ​លោក​ហ្គា​ន់​ទទួលបាន​ការគាំទ្រ​ពី​អាសនៈ​ទាំង ១៣ នោះ លោក​នៅតែ​ខ្វះ​អាសនៈ​សរុប​ចំនួន ៦១ ដែល​ត្រូវការ​ចាំបាច់​សម្រាប់​សំឡេង​ភាគច្រើន​នៅក្នុង​សភា​ដែលមាន ១២០ អាសនៈ​។​

​នេះ​គឺជា​ការអនុវត្ត​នយោបាយ​ដ៏​សំខាន់​របស់​ពលរដ្ឋ​អារ៉ាប់​នៅ​អ៊ីស្រាអែល​។​

​ប្រធានាធិបតី​រី​វ​វីន​កំពុង​ពិគ្រោះ​ជាមួយ​មេដឹកនាំ​គណបក្ស​នានា​អំពី​ថា​តើ​គាត់​គួរ​ស្នើសុំ​នរណា​ឱ្យ​ដឹកនាំ​ប្រទេស បន្ទាប់ពី​លទ្ធផល​នៃ​ការបោះឆ្នោត​ចេញ​មិនទាន់​ផ្លូវការ​កាលពី​សប្តាហ៍​មុន​។ ក្រុម​គណបក្ស​អារ៉ាប់​បានបង្ហាញ​នូវ​ភាពរឹងមាំ​ហើយ​ក្លាយជា​កម្លាំង​ធំ​ទី ៣ នៅក្នុង​អង្គនីតិបញ្ញត្តិ​។​

​ការគាំទ្រ​របស់​ពួកគេ​នឹងមិន​ផ្តល់ឱ្យ​លោក​បេន​នី ហ្គា​ន់​និង​គណបក្ស​សម្ព័ន្ធ​ខៀវ​ស​របស់គាត់​នូវ​សំឡេង​ភាគច្រើន​នោះទេ ប៉ុន្តែ​វា​នឹង​ផ្តល់ឱ្យ​គាត់​នូវ​ការ​ជម្រុញ​ក្នុងការ​ចរចា​អំពី​ថា​តើ​អ្នកណា​មានឱកាស​ដំបូង​គេ​ដើម្បី​បង្កើត​រដ្ឋាភិបាល​។​

​មេដឹកនាំ​ក្រុម​គណបក្ស​អារ៉ាប់​គឺ​លោក​អេ​មេន អូ​ដេ បាន​និយាយថា ខ្លួន​មិនមែន​គាំទ្រ​ដល់​លោក​ហ្គា​ន់ និង​គោលនយោបាយ​របស់គាត់​ទេ ប៉ុន្តែ​កំពុង​ព្យាយាម​រារាំង​លោក​បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ​ពី​ការទទួលបាន​អំណាច​មួយ​អាណត្តិ​ទៀត និង ដើម្បី​ផ្ញើ​សារ​យ៉ាងច្បាស់​ថា អនាគត​របស់​អ៊ីស្រាអែល​ត្រូវតែ​រួមបញ្ចូល​យ៉ាង​ពេញលេញ​និង​ស្មើភាព​គ្នា​នូវ​ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន​៕ ដោយ ៖ កញ្ញាដាលីស

លោក បេន​នី ហ្គា​ន់ ក្លាយជា​គូប្រជែង​នយោបាយ​ដ៏​ធំ​របស់លោក​បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ