ការបោះឆ្នោត​ម៉ាឡេស៊ី​៖ ប៉ូលិស​និង​ទាហាន​បោះឆ្នោត​មុន​ថ្ងៃ​បោះឆ្នោត​៩​ឧសភា​

3212
ចែករម្លែក

 

ការបោះឆ្នោតដំបូងនៃការបោះឆ្នោតសកលថ្ងៃ៩ឧសភានៅម៉ាឡេស៊ី បានចាប់ផ្តើមកាលពីថ្ងៃសៅរិ៍ទី៥ឧសភា ដោយសមាជិកប្រព័ន្ធផ្សព្វផ្សាយនិងបុគ្គលិកផ្សេងទៀតក្នុងក្រុមសេវាសម្រាំង មានសិទ្ធិបោះឆ្នោតមុន។

កាសែតThe Starបានរាយការណ៍ថា ការបោះឆ្នោតមុនបានចាប់ផ្តើមសម្រាប់ប៉ូលិស១១១.៧០២នាក់នៅទូទាំងប្រទេសកាលពីថ្ងៃសៅរិ៍ទី៥ឧសភា។ប៉ូលិស៥.៨៥៤នាក់បានបញ្ជូនសន្លឹកឆ្នោតរបស់គេតាមប្រៃសណីយ៍កាលពីថ្ងៃសុក្រ។មានសិទ្ធិបោះឆ្នោតតាមប្រៃសណីយ៍ផងដែរគឺអ្នកនៅក្រៅប្រទេសដែលបានចុះឈ្មោះបោះឆ្នោតជាមួយគណៈកម្មាធិការរៀបចំការបោះឆ្នោត។

ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតបាននិយាយថា មនុស្សជាង៣សែននាក់ ភាគច្រើនជាប៉ូលិសនិងទាហានត្រូវបោះឆ្នោតមុន។

កាលពីថ្ងៃសុក្រ នាយករដ្ឋមន្រ្តី ណាជីប រ៉ាហ្សាក បានអំពាវនាវដល់ប៉ូលិសទាហានចេញទៅបោះឆ្នោតមុនដើម្បីសំរេចយកគណបក្សរបស់គេដោយគិតគូរអ្វីដែលរដ្ឋាភិបាលបានធ្វើសំរាប់ពួកគេនិងប្រទេស។

ក្នុងពេលជាមួយគ្នា លោកណាជីប បានសរសេរបង្ហោះក្នុងប្លុកផ្ទាល់ខ្លួនរបស់លោកថា រដ្ឋាភិបាលមិនដែលហាមឃាត់ រឹតត្បិត ឬណែនាំកងកម្លាំងប្រដាប់អាវុធថាត្រូវបោះឆ្នោតអោយអ្នកណាទេ។លោកបានបន្ថែមថា ក្រុមប្រឆាំងមិនបានអោយតំលៃអំពើល្អនិងការលះបង់របស់កងកម្លាំងសន្តិសុខម៉ាឡេស៊ី និងច្រើនតែចំអកអោយ
មុខងារនិងការទទួលខុសត្រូវរបស់មន្រ្តីរដ្ឋការស៊ីវិល។

គូប្រជែងរបស់លោក គឺលោកមហាធៀ ម៉ូហាម៉ាត ដែលដឹកនាំសម្ពន្ធប្រឆាំងPakatan Harapan ក៏បានសរសេរក្នុងលិខិតចំហមួយដែលត្រូវបានបង្ហោះលើគណនីហ្វេសប៊ុករបស់លោកកាលពីថ្ងៃពុធ ទៅកាន់មេៗប៉ូលិសនិងទាហាន។

លោកបានសរសេរថា” វាជាភារកិច្ចនៃពលរដ្ឋគ្រប់រូប រួមមានសមាជិកកងកម្លាំងប្រដាប់អាវុធដើម្បីជ្រើសរើសរដ្ឋាភិបាលមួយដែលមានការទទួលខុសត្រូវ គួរអោយទុកចិត្តនិងមានសេចក្តីថ្លៃថ្នូរ។ពួកគេត្រូវតែត្រូវបានផ្តល់សេរីភាពដើម្បីជ្រើសរើស”៕ដោយ:វាសនា

ការបោះឆ្នោតមុន បានចាប់ផ្តើមកាលពីថ្ងៃសៅរិ៍ទី៥ឧសភា សំរាប់ប៉ូលិសទាហាន១១១.៧០២នាក់