ការបោះបង្គោល​កំណត់​ព្រំដី​ភ្នំ​ដោះ​ក្រមុំ​ ត្រូវ​ខកខាន​ដោយ​ស្ថាប័ន​ជំនាញ​ជាប់រវល់​

623
ចែករម្លែក
  • 553
    Shares

ដោយ​៖​សាត​ចាន់​បុត្រ​/​មណ្ឌលគិរី​៖ ​ការជួប​ជុំគ្នា​រវាង​ស​ហគមន៍​ជនជាតិដើម​ជាមួយ​អាជ្ញាធរខេត្ត​មណ្ឌលគិរី ​រួមទាំង​មន្ត្រី​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​បោះបង្គោល​កំណត់​ព្រំដី​ ត្រូវ​រំសាយ​វិញ​ទាំង​ក្តី​សោកស្តាយ​និង​អស់សង្ឃឹម​។​ការជួប​ជុំគ្នា​ហើយ​ត្រូវ​រំសាយ​វិញ​នោះ​គឺ​បាន​កើតឡើង​កាលពី​ថ្ងៃទី​១៩​មីនាឆ្នាំ​២០១៩​ នៅភូមិសាស្ត្រ​ជើងភ្នំ​ដោះ​ក្រមុំ ក្នុង​ខេត្តមណ្ឌលគិរី​។​

​លោក​ក្រើ​ង តុលា​ សមាជិក​គណៈកម្មកា​រ​ភ្នំ​ដោះ​ក្រមុំ បាន​ឲ្យ​ដឹងថា លោក​ពិតជា​មានការ​សោកស្តាយ ខណៈដែល​ប្រជាពលរដ្ឋ​ខិតខំ​មកពី​ឆ្ងាយ​ដើម្បី​ចូលរួម​ពិនិត្យមើល​ការចុះអនុវត្ត​ន៍របស់​អា​ជ្ញា​ធរ​ជុំវិញ​បញ្ហា​ដីភ្នំ​ដោះ​ក្រមុំ ដែល​បានអូសបន្លាយ​ជាច្រើន​ឆ្នាំ​។​លោក តុលា ថា ការប្រកាស​រំសាយ​របស់​អាជ្ញាធរ គឺ​មិនមាន​ហេតុផល​ជាក់លាក់​។​

​ក្នុងនោះ​អ្នកស្រី ភ្លឹក ភារ​ម្យ ជនជាតិដើម​ភាគតិច​រស់នៅ​ភូមិ​ឡៅ​កា ក្រុង​សែ​មនោ​រម្យ​បានឱ្យដឹង​ដែរ​ថា ប្រជាជន​ពិតជា​ចង់​បញ្ចេញមតិ​ដើម្បី​ចូលរួម​ជាមួយ​អាជ្ញាធរ​ក្នុង​ការរក​ដំ​ណោះ​ស្រាយ​ជុំវិញ​រឿងរ៉ាវ​ដីធ្លី​ភ្នំ​ដោះ​ក្រមុំ​នេះ​។​អ្នកស្រី​បន្តថា អ្នក​ដែល​បាន​ចូលរួម​កាលពី​ព្រឹក​មិញ មិន​សប្បាយចិត្ត​នោះទេ ព្រោះ​អាជ្ញាធរ​បាន​អះអាងថា​នឹង​រៀបចំ​ការងារ​បោះបង្គោល​កំណត់​ព្រំដី​នៅ​ថ្ងៃទី​១៩​មីនា​។​ប៉ុន្តែ​បែរជា​ត្រូវ​លើក​ទៅ​ថ្ងៃក្រោយ​ទៅវិញ​។​

​លោក​ស្រូ​យ ​ខេ​ត ​ប្រធាន​សមាជិក​ឧ​ត្ត​ម​ក្រុម​ព្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​និង​ជា​ប្រធាន​គណបក្ស​ជនជាតិដើម​ប្រជាធិបតេយ្យ​បានលើកឡើង​ថា ​តាម​ឆ​ន្ទ:​របស់​ប្រជាពលរដ្ឋ​ជនជាតិដើម​រស់នៅ​ខេត្តមណ្ឌលគិរី ពួកគាត់​ចង់បាន​ដី​មជ្ឈមណ្ឌល​ជនជាតិដើម​ភាគតិច​ត្រឡប់មកវិញ​ទាំងអស់ ទៅតាម សជណ ដែល​មិន​អាច រំលោភបានទេ​។​លោក​ស្រូ​យ ខេ​ត បាន​ហៅ​សកម្មភាព​របស់​អាជ្ញាធ​រ​នៅពេលនេះ​ថា គឺ​មិន​សម​ហេតុផល ព្រោះ​បាន​ណាត់​គ្រប់​អង្គភាព មន្ទីរជំនាញ​រួម​នឹង​ប្រជា ពលរដ្ឋផងដែរ បែរជា​ត្រូវ​រំសាយ​ទៅវិញ​។​

​ជាការ​ឆ្លើយតប​លោក សុក សេ​រ៉ា នាយករង​រដ្ឋបាល​សាលាខេត្ត​មណ្ឌលគិរី​បាន​ឲ្យ​ដឹងថា ដោយ​ថ្នាក់ដឹកនាំ​ចង់បាន​សមភាព​គណៈកម្មាធិកា​រ​ដី​រដ្ឋ​ថ្នាក់​ខេត្ត​ទាំងអស់​ចូលរួម ដើម្បីឲ្យ​បាន​ដឹងឮ​ទាំងអស់គ្នា​។​ដោយសារ​ថ្ងៃនេះ​គណៈកម្មាធិការ​មួយចំនួន​ជាប់រវល់​មិនបាន​ចូលរួម ដូច្នេះ​ត្រូវ​លើក​ទៅធ្វើ​ពេល​ក្រោយ​។​ហើយ​រដ្ឋបាលខេត្ត​នឹងផ្តល់ដំណឹង​ជូន​ពីរ​ថ្ងៃមុន ដើម្បី​រៀបចំ​កិច្ចការងារ​ឲ្យ​បាន​រលូន​។​

​សូមជម្រាបថា កាលពី​ព្រឹកថ្ងៃទី​០១ មីនា​កន្លងទៅ​អាជ្ញាធរ ខេត្តមណ្ឌលគិរី​បាន ជួបប្រជុំបន្ទាន់ ជាមួយគណៈកម្មធិការគ្រប់គ្រងភ្នំដោះក្រមុំ និងបណ្តាអ្នកពាក់ព័ន្ធ​នានា​ដើម្បី​រក​ដំណោះស្រាយលើករណីដីនៅតំបន់ភ្នំដោះ​ក្រមុំ​ដែល​រង​ការទន្ទ្រាន​ពី​មនុស្ស​មួយ​ក្តាប់​តូច​មក​នោះ​។​

ក៏​ក្រោយពេលមាន​បទបញ្ជា​ពីស​ម្តេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ឱ្យ​ដកហូតយក​ដី​ទាំង​នោះមក​គ្រប់គ្រង​ជា​សម្បត្តិ​សាធារណៈ​វិញ​ផងដែរ​។​ផ្ទុយទៅវិញ​ សកម្មភាព​បោះបង្គោល​ត្រូវបាន​រំសាយ​វិញ​ទាំង​ក្តៅ​សោកស្តាយ នឿយហត់​និង​អស់សង្ឃឹម​៕S/​Ha