ការបះបោរ​៨៨៨៨​កើតឡើង​នៅ​ភូមា​

1554
ចែករម្លែក

​ការតវ៉ា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ដ៏​មាន​ប្រជាប្រិយភាព​ទូទាំងប្រទេស​ភូមា​ត្រូវបាន​គេ​ស្គាល់​ផងដែរ​ថា​ជាការ​បះបោរ​អំណាច​ប្រជាជន​។ វា​គឺជា​ស៊េរី​នៃ​ក្បួន​ដង្ហែ​បាតុកម្ម​តវ៉ា​និង​កុបកម្ម​នៅ​ប្រទេស​ភូមា ដែល​បច្ចុប្បន្ន​គេ​ហៅថា​មី​យ៉ាន់​ម៉ា​។ ព្រឹត្តិការណ៍​សំខាន់​ទាំងនេះ​បានកើត​ឡើង​នៅ​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​១៩៨៨ ដូច្នេះហើយ​វា​ត្រូវបាន​គេ​ស្គាល់​ថា​ជាការ​បះបោរ​៨៨៨៨​។​

​ចាប់តាំងពី​ឆ្នាំ​១៩៦២​ប្រទេស​នេះ​ត្រូវបាន​គ្រប់គ្រង​ដោយ​របប​ដែល​ដឹកនាំ​ដោយ​គណបក្ស​កម្មវិធី​សង្គមនិយម​ភូមា ដែលជា​រដ្ឋ​មាន​គណបក្ស​តែមួយ​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍ ណេ វិ​ន​( Ne Win)​។ ការ​ឆ្ពោះទៅរក​លទ្ធិសង្គមនិយម​របស់​ភូមា​ជា​គ្រោះមហន្តរាយ​មួយ​ដែល​បានប្រែក្លាយ​ប្រទេស​ភូមា​ទៅជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ក្រីក្រ​បំផុត​ក្នុង​ពិភពលោក​។

​នៅ​អំឡុង​ពេលនោះ​ក្រុមហ៊ុន​ជាច្រើន​នៅក្នុង​វិស័យសេដ្ឋកិច្ច​ត្រូវបានធ្វើ​ជាតូបនីយកម្ម ហើយ​រដ្ឋាភិបាល​បានរួម​បញ្ចូល​គ្នា​តាមបែប​សេដ្ឋកិច្ច ផែនការ និង ប្រមូលផ្តុំ បើទោះបីជា​ដំណើរការ​នោះ​គឺ​មិនមាន​ប្រសិទ្ធភាព​ជាមួយនឹង​អ្នកមាន​ជំនឿ​ខាង​ព្រះពុទ្ធសាសនា​និង​អ​បិ​យ​ជំនឿ​ក៏ដោយ​។

​ការបះបោរ​៨៨៨៨​ត្រូវបាន​ចាប់ផ្ដើម​ដោយ​សិស្ស​និស្សិត​នៅក្នុង​ទីក្រុង​យ៉ាំង​ហ្គោ​(​ក្រុង Rangoon) នៅ​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​១៩៨៨​។ ការតវ៉ា​របស់​សិស្ស​និស្សិត​បាន​រីក​រាលដាល​នៅ​ទូទាំងប្រទេស​។ ព្រះសង្ឃ យុវ​សិស្ស​យុវ​និស្សិត​សាកលវិទ្យាល័យ ស្ត្រី​មេផ្ទះ គ្រូពេទ្យ និង​ប្រជាជន​មកពី​គ្រប់​មជ្ឈដ្ឋាន រាប់រយ​រាប់ពាន់នាក់​បានបង្ហាញ​ពី​ការប្រឆាំង​នឹង​របប​នេះ​។​

​ការ​ងើប​បះបោរ​នេះ​បានបញ្ចប់​នៅ​ថ្ងៃទី​១៨ ខែកញ្ញា​បន្ទាប់ពី​រដ្ឋប្រហា​រ​យោធា​បង្ហូរឈាម ដែល​រៀបចំឡើង​ដោយ​ក្រុមប្រឹក្សា​ស្តារឡើងវិញ​នូវ​ច្បាប់​និង​សណ្តាប់ធ្នាប់​របស់​រដ្ឋ (SLORC) ។​មនុស្ស​រាប់ពាន់នាក់​បាន​ស្លាប់​ត្រូវបាន​គេ​ស្តីបន្ទោស​ទៅលើ​ពួកយោធា​ក្នុងអំឡុងពេល​បះបោរ​នេះ​ខណៈ​អាជ្ញាធរ​ក្នុងប្រទេស​ភូមា​បានឱ្យដឹងថា​មនុស្ស​ប្រមាណ​៣៥០​នាក់​ត្រូវបាន​សម្លាប់​។​

​ក្នុងអំឡុងពេល​មាន​វិបត្តិ​នេះ លោកស្រី អ៊ុង សាន​ស៊ូ​ជី​បាន​ក្លាយជា​ឥស្សរជន​ដ៏​ល្បីល្បាញ​ថ្នាក់ជាតិ មួយរូប​។ នៅពេលដែល​របប​យោធា​បានរៀបចំ​ការបោះឆ្នោត​មួយ​នៅក្នុង​ឆ្នាំ​១៩៩០ គណបក្ស របស់លោក​ស្រី​គឺ​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​បានឈ្នះ​៨០% នៃ​អាសនៈ​នៅក្នុង​រដ្ឋសភា (​ទទួលបាន​៣៩២​អាសនៈ​លើ​៤៩២​អាសនៈ​)​។​ប៉ុន្តែ​ពួកយោធា បាន​បង្ក្រាប​គ្រប់យ៉ាង​ដែល អាច​ត្រូវបាន​អភិវឌ្ឍន៍​ពី​សមិទ្ធិផល​នៃ​លទ្ធិប្រជាធិបតេយ្យ​នេះ​។ ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​នេះ គឺ​ដាក់​លោកស្រី​អ៊ុង​សាន​ស៊ូ​ជី​ស្ថិតនៅក្រោម​ការឃុំខ្លួន​ក្នុងផ្ទះ​។​

​ក្រុមប្រឹក្សា​ស្តារឡើងវិញ​នូវ​ច្បាប់ និង​សណ្តាប់ធ្នាប់​របស់​រដ្ឋ​បាន​ផ្លាស់ប្តូរ​ពី​គណបក្ស កម្មវិធី​សង្គមនិយម​ភូមា​។ ការឃុំខ្លួន​លោកស្រី ស៊ូ​ជី​ក្នុងផ្ទះ​ត្រូវ បានបញ្ចប់​មុន​ឆ្នាំ​២០១០ នៅពេលដែល​ការយកចិត្តទុកដាក់​នៅ​ទូទាំង​ពិភពលោក ចំពោះ​លោកស្រី​ដល់​កំពូល​ជាថ្មី ម្តងទៀត​ក្នុងអំឡុងពេល​នៃ​ការធ្វើ​ខ្សែភាពយន្ត​ជីវប្រវត្តិ មាន​ចំណងជើង​ថា The Lady ៕ ប្រែ​សម្រួលៈ ផល្លារ​

#