ការប៉ះទង្គិច​នៅ​លី​ប៊ី​កាន់តែ​រីកធំឡើង ខណៈ​ព្រលានយន្តហោះ​ក្រុង​ទ្រី​ប៉ូ​លី​រង​ការវាយប្រហារ​តាម​អាកាស​

405
ចែករម្លែក

​ការប៉ះទង្គិច​គ្នា​រវាង​កងកម្លាំង​លី​ប៊ី​ដែលជា​គូប្រជែង​នឹង​គ្នា​សម្រាប់​ការកាន់កាប់​ទីក្រុង​ទ្រី​ប៉ូ​លី​បាន​កើនឡើង​ខ្លាំង​ខណៈ​ចំនួន​អ្នកស្លាប់​ចាប់តាំងពី​ការប្រយុទ្ធ​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ​បាន​កើន​ឡើងដល់​យ៉ាងហោចណាស់ ៥១ នាក់ ហើយ​អាកាសយានដ្ឋាន​ដែល​ដំណើរការ​តែមួយគត់​នៅក្នុង​រដ្ឋធានី​នេះ​ត្រូវបាន​វាយប្រហារ​តាម​អាកាស​។​

​កងទ័ព​ជាតិ​លី​ប៊ី​ដែល​ដឹកនាំ​ដោយ​លោក​ខា​លី​ហ្វា ហ៊ី​ហ្វ​ធឺ (Khalifa Hifter) ដែល​កាលពី​សប្តាហ៍​មុន​បានចាប់ផ្តើម​ការ​សម្រុក​ចូលទៅក្នុង​ក្រុង​ទ្រី​ប៉ូ​លី​នោះ បាន​ទទួលស្គាល់ថា​បាន​វាយប្រហារ​អាកាសយានដ្ឋាន Mitiga ដែលមាន​ចម្ងាយ​តែ ៨ គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​កណ្តាល​ទីក្រុង​។​

​កងកម្លាំង​របស់លោក​ហ៊ី​ហ្វ​ធឺ​បាន​ប៉ះទង្គិច​ជាមួយ​កងជីវពល​ជា​គូប្រជែង​ដែល​គាំទ្រ​រដ្ឋាភិបាល​ដែល​គាំទ្រ​ដោយ​អង្គការសហប្រជាជាតិ ដែល​កំពុង​គ្រប់គ្រង​ទីក្រុង​ទ្រី​ប៉ូ​លី​និង​ផ្នែក​ភាគ​ខាងលិច​នៃ​ប្រទេស​។​

​ការកើនឡើង​ការប្រយុទ្ធ​គ្នា​នេះ​បាន​គំរាម​ធ្វើឱ្យ​ប្រទេស​អាហ្វ្រិក​ខាងជើង​ដ៏​បែកបាក់​មួយ​នេះ​កាន់តែ​ផុង​ជ្រៅ​ទៅក្នុង​ភាពច្របូកច្របល់​និង​បញ្ឆេះ​សង្គ្រាមស៊ីវិល​ប៉ុន​ទំហំ​នៃ​ការបះបោរ​ឆ្នាំ ២០១១ ដែល​បាន​ផ្តួលរំលំ​និង​សម្លាប់​មេដឹកនាំ​ផ្ដាច់ការ​លោក​មួ​អា​ម៉ា ហ្គា​ដា​ហ្វី​។​

​អង្គការសហប្រជាជាតិ​បាន​និយាយថា ការប្រយុទ្ធ​គ្នា​ចុងក្រោយ​បំផុត​នេះ​បាន​ផ្លាស់​ទីលំនៅ​របស់​មនុស្ស ៣.៤០០ នាក់​និង​បាន​បិទ​សេវាកម្ម​សង្គ្រោះបន្ទាន់​ពី​ការឈាន​ចូលទៅ​ដល់​ជនរងគ្រោះ​និង​ជន​ស៊ីវិល​។​

​អង្គការ​សុខភាព​ពិភពលោក​បាន​និយាយថា​គ្រូពេទ្យ​ពីរ​នាក់​ត្រូវបាន​សម្លាប់ ខណៈ​ព្យាយាម “​ជម្លៀស​អ្នកជំងឺ​ដែល​រងរបួស​ចេញពី​តំបន់​ជម្លោះ​”​។​

​លោក​អ៊ី​ប្រា​ហ៊ី​ន ហ្វា​ល​ឌែ​ល មន្ត្រី​នៅ​អាកាសយានដ្ឋាន Mitiga បាន​និយាយថា គ្មាន​អ្នកស្លាប់​និង​របួស​ត្រូវបាន​រាយការណ៍​នៅក្នុង​ការវាយប្រហារ​នៅ​ព្រលានយន្តហោះ​នោះទេ​។ ជើងហោះហើរ​ត្រូវបាន​ផ្អាក​អស់​ជាច្រើន​ម៉ោង​ប៉ុន្តែ​ព្រលានយន្តហោះ​បាន​បើក​ឡើងវិញ​នៅពេល​ល្ងាច​។​

​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ព្រលានយន្តហោះ Mitiga ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ដែល​គាំទ្រ​ដោយ​អ​.​ស​.​ប បាន​និយាយថា យន្តហោះ​ចម្បាំង​មួយ​បាន​វាយប្រហារ​មកលើ​ព្រលានយន្តហោះ ប៉ុន្តែ​មិនបាន​ផ្តល់ព័ត៌មាន​លម្អិត​ទេ​។​

​វីដេអូ​បង្ហោះ​តាម​អ៊ី​ន​ធឺ​ណេ​ត​បានបង្ហាញ​ពី​ការបាញ់​ចេញពី​យន្តហោះ​ចម្បាំង​មួយ​ហើយ​ទំនងជា​សំដៅ​ទៅលើ​ព្រលានយន្តហោះ​ដែលជា​អតីត​មូលដ្ឋាន​យោធា​។​

​ឧ​ត្ត​ម​សេនីយ៍​ឯក​ម៉ូ​ហា​ម៉េ​ត អាល់ ម៉ាន់​សួរ នៃ​កងទ័ព​ជាតិ​លី​ប៊ី​បាន​ប្រាប់​ទៅ​កាសែត Libyan Address ថា​ពួកគេ​បាន​ទម្លាក់​គ្រាប់បែក​ទៅលើ​គោលដៅ​នៅ​ព្រលានយន្តហោះ Mitiga បន្ទាប់ពី​ទទួលបាន​ដំណឹង​ថា កងកម្លាំង​រដ្ឋាភិបាល​ដែល​គាំទ្រ​ដោយ​អ​.​ស​.​ប កំពុង​រៀបចំ​ដើម្បី​តម្រង់​គោលដៅ​ទៅលើ​ពួកគេ​៕ ដោយ៖ កញ្ញាដាលីស