ការប្ដេជ្ញាចិត្ត​ដែល​មិនសូវ​សង្ឃឹម​

1509
ចែករម្លែក

​ដោយ​: រ៉ូ​ហ្សា / ភ្នំពេញ​: ការប្រកួត​កីឡា​អាស៊ី (ASIAN Games) ដែល​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃទី​១៨​សីហា​នេះ នៅ​ប្រទេស​ឥណ្ឌូនេស៊ី ទោះបី​កីឡាករ​-​កីឡាការិនី​អត្តពលកម្ម​កម្ពុជា បង្ហាញ​ពី​ការខិតខំ​ប្រឹងប្រែង​លេង​ឲ្យ​អស់ចិត្ត ក៏ពិតមែន​តែ​ឱកាស​ដណ្ដើមយក​មេដាយ​ទំនងជា​មិនអាច​ឡើយ​។​

​កីឡាករ​កម្ពុជា​ពេល​ប្រកួត​កន្លងមក​

​លោក ប៉ែន វុទ្ធី ដែលជា​អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡាអត្តពលកម្ម​ស្ម័គ្រចិត្ត បញ្ជាក់ថា ទោះបី​ពេលនេះ គុណ​ផល​កីឡាករ​-​កីឡាការិនី​កម្ពុជា​ប្រសើរ​ជាង​មុន​ក៏ពិតមែន តែ​យើង​នៅ​កម្រិត​ទាប​ជាងគេ​នៅឡើយ យើង​អាច​ដឹង​ពី​លទ្ធផល​មុន ព្រោះ​អត្តពលកម្ម​ពិសេស​វិញ្ញាសា​រត់​នេះ ជា​ប្រភេទ​កីឡា​កំណត់​ពេលវេលា​ហេតុនេះ យើង​អាច​ដឹង​ពី​គុណ​ផល​គេ​ជាមុន​ស្រេច​ទៅហើយ​។ សម្រាប់​ព្រឹត្តិការណ៍​នេះ កម្ពុជា​បញ្ជូន​កីឡាករ​-​កីឡាការិនី​ចំនួន​៥​រូប​ទៅ​ចូលរួម​ប្រកួត​។​

​សម្រាប់​ព្រឹត្តិការណ៍​កីឡា​អាស៊ី​នៅ​ប្រទេស​ឥ​ណ្តូ​នេ​ស៊ី​នេះ សហព័ន្ធ​ខ្មែរ​កីឡាអត្តពលកម្ម​ស្ម័គ្រចិត្ត​បានសម្រេច​បញ្ជូន​អត្ត​ពល​របស់ខ្លួន​ចំនួន​៥​រូប ទៅ​ចូលរួម​ប្រកួត​ដែល​ក្នុងនោះ កីឡាករ ប៉ែន សុ​គង់ ដែល​ធ្លាប់​ហ្វឹកហាត់​នៅ​ប្រទេស​ចិន​នោះ លេង​រត់​ល្បឿន​លើ​ផ្ទៃរាប​១០០​ម៉ែត្រ និង​វិញ្ញាសា​២០០​ម៉ែត្រ​។ កីឡាការិនី​ឌួង ស្រី​ភាព រត់​ល្បឿន​លើ​ផ្ទៃរាប​១០០​ម៉ែត្រ ២០០​ម៉ែត្រ និង​វិញ្ញាសា​រត់​បណ្ដាក់​១០០​ម៉ែត្រ​៤​ដង ជាមួយ​កីឡាការិនី​៣​រូប​ទៀត​គឺ បែន សីហា កីឡាការិនី​ចាន់​សីហា និង​កីឡាការិនី ចាន់​លី​ណា​។

​លោក​អគ្គលេខាធិការ​ទទួល​ស្គាល់​ថា មុនពេល​ចូលរួម​ក្នុង​ហ្គេម​នីមួយៗ សហព័ន្ធ​តែងតែ​ធ្វើការ​ជ្រើសរើស​កីឡាករ​-​កីឡាការិនី ដោយ​ឆ្លងកាត់​ការធ្វើ​តេស្ត​លើ​សមត្ថភាព ហើយ​ពួកគេ​ត្រូវ​ហ្វឹកហាត់​ត្រៀមខ្លួន​ជាមួយ​គ្រូបង្វឹក​យ៉ាង​ហ្មត់ចត់​។​

​លោក​បន្តថា គ្រាន់​ស៊ី​ហ្គេម​យើង​មិនអាច​រកបាន​មេដាយ​ផង ចុះ​ទម្រាំ​តែ​ការប្រកួត​កីឡា​អាស៊ី​ដែលមាន​ប្រទេស​ចំនួន​៤៨​ចូលរួម គឺ​កាន់តែ​លំបាក​ហើយ​៕ ល​