ការប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​: គិត​ត្រឹម​ថ្ងៃទី​០១ ខែមករា មាន​ចំនួន​៦.៤៥២​ច្បាប់​

108
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: នាយកដ្ឋាន​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុក បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០២០ នាយកដ្ឋាន​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល បានទទួល​ឯកសារ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល ចំនួន ៣៩៩​ច្បាប់​។ សម្រាប់​ការប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល តាម​របប​០២​ឆ្នាំ អនុវត្ត​ក្នុង​ខែមករា ឆ្នាំ​២០២០ នេះ គិត​ត្រឹម​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៩ មាន​មន្ត្រី​ចំនួន ៦.០៥៣ រូប បានមក​ប្រកាស​មុនពេល​ចាប់ផ្តើម​ទទួល​ការប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល របប​ ០២​ឆ្នាំ ឆ្នាំ​២០២០​។​

​នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​ស្តីពី​លទ្ធផល​នៃ​ការទទួល​ឯកសារ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​តាម​របប​០២​ឆ្នាំ សម្រាប់​ឆ្នាំ​២០២០ របស់​នាយកដ្ឋាន​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុក កាលពី​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០២០​។​

​នាយកដ្ឋាន​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល បាន​បញ្ជាក់ថា ជារួម​គិត​ត្រឹម​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០២០ នេះ ឯកសារ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល ដែល​ទទួលបាន​មាន​ចំនួន​សរុប ៦.៤៥២​ច្បាប់​។ ក្រសួង​-​ស្ថាប័ន​ចំនួន ១ និង​ខេត្ត​ចំនួន ៤ បានបញ្ចប់​ការប្រកាស​របស់ខ្លួន​ដោយ​ជោគជ័យ ១០០% រួមមាន​៖ ១. គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ២.​ខេត្ត​មណ្ឌល​គី​រី ៣.​ខេត្តស្វាយរៀង ៤.​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​៥.​ខេត្តកំពង់ចាម​។​

​នាយកដ្ឋាន​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល បញ្ជាក់ទៀតថា ការទទួល​ឯកសារ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល តាម​របប​០២​ឆ្នាំ ពីថ្ងៃ​ទី​០១-៣១ មករា ឆ្នាំ​២០២០ គឺ​អនុវត្តតាម សេចក្តីជូនដំណឹង ស្តីពី​កាលបរិច្ឆេទ​ទទួល​ឯកសារ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល តាម​របប​០២​ឆ្នាំ ឆ្នាំ​២០២០ លេខ ០០៤/​ស​.​ជ​.​ណ​. ចុះ​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៩​។ ក្រុមការងារ​នៃ​នាយកដ្ឋាន​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល រង់ចាំ​ទទួល​ឯកសារ​ប្រកាស ០៧ ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ ហើយ​មិន​ឈប់សម្រាក​ថ្ងៃ​សៅរ៍ ថ្ងៃអាទិត្យ និង​ថ្ងៃបុណ្យ​ឡើយ ពី​ម៉ោង ០៨:០០ ព្រឹក ដល់​ម៉ោង ០៥:០០ ល្ងាច ។​

​យោងតាម​សេចក្តីជូនដំណឹង​ស្តីពី​កាលបរិច្ឆេទ​ទទួល​ឯកសារ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល តាម​របប​០២​ឆ្នាំ ឆ្នាំ​២០២០ សម្រាប់​ឆ្នាំ​២០២០ បាន​ឲ្យ​ដឹងថា សប្តាហ៍​ទី​១ គិតពី​ថ្ង​ទី​១-៥ ខែមករា ឆ្នាំ​២០២០ មានៈ រដ្ឋសភា និង​អគ្គលេខាធិការដ្ឋាន ទីស្តីការគណៈរដ្ឋមន្ត្រី និង​អង្គភាព​ចំណុះ ក្រសួងមហាផ្ទៃ (​ទីស្តីការ​ក្រសួងមហាផ្ទៃ និង​នគរបាលជាតិ​) ក្រសួងការពារជាតិ (​ទីស្តីការក្រសួង​ការពារជាតិ និង​អគ្គបញ្ជាការដ្ឋាន នៃ​កងយោធពល​ខេមរភូមិន្ទ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្រសួងផែនការ ក្រសួង​ព័ត៌មាន គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត និង​អគ្គលេខាធិការដ្ឋាន ធនាគារជាតិ​នៃ​កម្ពុជា ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្រសួងសុខាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្រសួង​ធនធានទឹក និង​ឧតុនិយម (​រួមទាំង អាជ្ញាធរ​ទន្លេសាប និង​គណៈកម្មាធិការ​ទ​ន្លេ​មេគង្គ​កម្ពុជា​) ក្រសួង​ធម្មការ និង​សាសនា ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ចាម ខេត្តសៀមរាប ខេត្តកំពង់ស្ពឺ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ខេត្តព្រៃវែង ខេត្តបាត់ដំបង​។​

​សប្តាហ៍​ទី​២ គិត​ចាប់ពី​ថ្ងៃទី​៦-១២ ខែមករា ឆ្នាំ​២០២០ មានដូចជាៈ ព្រឹទ្ធសភា និង​អគ្គលេខាធិការដ្ឋាន ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ក្រសួងយុត្តិធម៌ (​រួមទាំង ចៅក្រម​អាសនៈ ចៅក្រម​អយ្យការ សា​ការី ក្រឡាបញ្ជី និង​អាជ្ញាសាលា​) ក្រសួងទេសចរណ៍ ក្រសួង​កិច្ចការនារី ខេត្តពោធិ៍សាត់ រាជធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ ខេត្ត​ត្បូងឃ្មុំ ខេត្តស្វាយរៀង ខេត្តបន្ទាយមានជ័យ ខេត្តតាកែវ​។​

​សប្តាហ៍​ទី​៣ គិត​ចាប់ពី​ថ្ងៃទី​១៣-១៩ ខែមករា ឆ្នាំ​២០២០ មានដូចជាៈ ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ ក្រុមប្រឹក្សាធម្មនុញ្ញ និង​អគ្គលេខាធិការដ្ឋាន រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល ក្រសួង​អភិ​វឌ្ឍ​ន៍​ជនបទ ក្រសួងពាណិជ្ជកម្ម ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ខេត្តមណ្ឌលគិរី ខេត្ត​រតនគិរី ខេត្តកំពង់ធំ ខេត្តស្ទឹងត្រែង ខេត្តកំពត​។​

​សប្តាហ៍​ទី​៤ គិត​ចាប់ពី​ថ្ងៃទី​២០-២៦ ខែមករា ឆ្នាំ​២០២០ មានដូចជាៈ អាជ្ញាធរ​សវនកម្ម​ជាតិ​ ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​។ ក្រសួង​មុខងារសាធារណៈ ក្រសួង​អប់រំ យុវជន និង​កីឡា ខេត្តកណ្តាល ខេត្តព្រះវិហារ ខេត្ត​កែប​។​

​សប្តាហ៍​ទី​៥ គិត​ចាប់ពី​ថ្ងៃទី​២៧-៣១ ខែមករា ឆ្នាំ​២០២០ មានដូចជាៈ ក្រសួងព្រះបរមរាជវាំង ​ក្រសួងបរិស្ថាន ក្រសួង​រ៉ែ និង​ថាមពល ខេត្តកោះកុង ខេត្ត​ប៉ៃលិន ខេត្តក្រចេះ​៕ ល​/Ha