ការប្រកាស​បង់ពន្ធ​ប៉ាតង់ ឆ្នាំ​២០១៨ នឹងត្រូវ​បញ្ចប់​នៅ​ចុងខែ​នេះ​

5489
ចែករម្លែក

ដោយ : វិបុល/ ​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​ពន្ធដា​រ ប្រកាស​ដល់​អ្នក​ជាប់ពន្ធ​ទាំងអស់ រួមជាមួយ​អ្នក​ជាប់ពន្ធ ដែល​មិនទាន់​ធ្វើ​បច្ចុប្បន្នភាព និង​អ្នក​ជាប់ពន្ធ​បានធ្វើ​បច្ចុប្បន្នភាព ត្រូវបំពេញ​កាតព្វកិច្ច​ការដាក់​លិខិត​ប្រកាស និង​បង់ពន្ធ​ប៉ាតង់​ឆ្នាំ​២០១៨ ។​

​យោងតាម​សេចក្តីជូនដំណឹង​ស្តីពី ការដាក់​លិខិត​ប្រកាស និង​បង់ពន្ធ​ប៉ាតង់​ប្រចាំឆ្នាំ​២០១៨ បាន​ឲ្យ​ដឹងថា អ្នក​ជាប់ពន្ធ​ទាំងអស់ ត្រូវមាន​កាតព្វកិច្ច​ដាក់​លិខិត​ប្រកាស និង​ត្រូវ​បង់ពន្ធ​ប៉ាតង់ ដែល​នឹង​បញ្ចប់​នៅត្រឹម​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៨​ខាងមុខនេះ​។ ក្នុងនោះ​អ្នក​ជាប់ពន្ធ​ធំ អាច​ទៅ​បង់ពន្ធ​ប៉ាតង់​នៅ​នាយកដ្ឋាន​អ្នក​ជាប់ពន្ធ​ធំ អ្នក​ជាប់ពន្ធ​តូច​អាច​ទៅ​បង់ពន្ធ​ប៉ាតង់ នៅតាម​សាខា​ពន្ធដារ​ខេត្ត ខណ្ឌ ឬ នៅតាម​សាខា​ធនាគារ​វិស័យ ឯកជន​ទាំង​៥ ដែល​នៅ​ជិត​មូលដ្ឋាន​របស់​អស់លោកអ្នក​។​

​សេចក្តីជូនដំណឹង​ដដែល បាន​បញ្ជាក់ថា ពាក់ព័ន្ធ​ការបង់ពន្ធ​ប៉ាតង់​នេះ ប្រាក់​ពន្ធ​ប៉ាតង់ ដែល​បានកំណត់​រួមមាន អ្នក​ជាប់ពន្ធ​តូច​ត្រូវ​បង់ពន្ធ​ប៉ាតង់​ចំនួន ៤០​ម៉ឺន​រៀល អ្នក​ជាប់ពន្ធ​មធ្យម​ដែលមាន​ក្នុង​បញ្ជី​ពន្ធដារ​បច្ចុប្បន្ន ត្រូវ​បង់ពន្ធ​ប៉ាតង់​ចំនួន​១២០​ម៉ឺន​រៀល និង​អ្នក​ជាប់ពន្ធ​ធំ​ដែលមាន​ផលរបរ​ចំនួន​១០​ពាន់​លាន​រៀល ឬ តិចជាង​ត្រូវ​បង់ពន្ធ​ប៉ាតង់​ចំនួន​៣​លាន​រៀល​។ ចំពោះ​ផលរបរ​លើសពី​១០​ពាន់​លាន​រៀល ត្រូវ​បង់ពន្ធ​ប៉ាតង់​ចំនួន​៥​លាន​រៀល​។ ចំណែក​អ្នក​ជាប់ពន្ធ​ធំ​ដែលមាន​សាខា​ឃ្លាំង រោងចក្រ រោង​ជាង សម្រាប់​សកម្មភាព​អា​ជី​កម្ម​តែមួយ ដែល​ស្ថិតនៅតាម​រាជធានី​ខេត្ត​ផ្សេងគ្នា ត្រូវ​បង់ពន្ធ​ប៉ាតង់​៣​លាន​រៀល ៕